រហូតមកទល់នាពេលអតីតស្វាមីរបស់អ្នកនាង អ៊ុំ គន្ធា ដែលគេស្គាល់ថា ជាតារាចម្រៀងម្នាក់នោះនៅបន្តស្ងាត់ស្ងៀមមិនសួរនាំរឿងកូនទាំងពីរដែលជាតំណក់ឈាមរួមគ្នា បើទោះបីជានាងបានទទួលមណរភាពអស់រយៈពេលជាងមួយសប្តាហ៍ហើយក៏ដោយ ។
ប្អូនស្រីរបស់នាង គឺអ្នកនាង អ៊ុំ ស្រីពៅ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា តាំងពីដើមរហូតមកដល់ពេលនេះសម្រាប់ក្មួយ (កូនអ្នកនាង អ៊ុំ គន្ធា) គឺរូបនាងជាអ្នកទំនុកបម្រុងទាំងអស់ ក្នុងពេលដែលឪពុករបស់គាត់មិនដែលបានសួរនាំ ឬផ្តល់ជាលុយកាក់ខ្លះៗឲ្យកូនៗនោះឡើយ ។
អ្នកនាងបញ្ជាក់ថា ដូចជាពេលគាត់ប្រឡងបាក់ឌុប គាត់មិនមានលុយទៅប្រឡងគាត់ខំឆាតទៅឪពុក តែគេមិនមើល មិនតប គឺមានតែរូបអ្នកនាងម្នាក់គត់ ដែលបានផ្តល់លុយកាក់ខ្លះៗទៅឲ្យក្មួយសម្រាប់យកទៅទិញបាយហូបអំឡុងពេលប្រឡង ។
យ៉ាងណា បើតាមអ្នកនាង អ៊ុំ ស្រីពៅ អំឡុងពេលនេះ បើទោះបីជាឪពុករបស់គាត់ចង់យកទៅចញ្ចឹមក៏អ្នកនាងមិនឲ្យទៅដែរ ព្រោះនាងចិញ្ចឹមក្មួយតាំងពីតូច ហើយពេលនេះក្មួយធំ គេអាចប្រើបាន ដូច្នេះដាច់ខាតអ្នកនាងមិនឲ្យទៅទេ ។ អ្នកនាងនិយាយថា ខ្ញុំដឹង បើគេយកទៅគេនឹងប្រើក្មួយខ្ញុំហើយ ព្រោះគេមានប្រពន្ធថ្មីហើយ ចឹងក្មួយខ្ញុំទៅនៅច្បាស់ជាមិនមានក្តីសុខទេ ចឹងខ្ញុំអត់ឲ្យក្មួយខ្ញុំទៅទេ ខ្ញុំសុខចិត្តជួលបន្ទប់ឲ្យក្មួយនៅ ហើយជួយទំនុកបម្រុងគាត់ពេលគាត់ខ្វះខាត ហើយបើក្មួយរកបានគ្រប់ក៏គ្រប់ ។
អ្នកនាងបញ្ជាក់ថា បន្ទប់ជួលចាស់ដែលក្មួយៗធ្លាប់រស់នៅជាមួយម្តាយនោះ គឺម្ចាស់គេដេញចេញហើយ ដោយសារឃើញ អ្នកនាង អ៊ុំ គន្ធា ធ្លាក់ខ្លួនឈឺ និងមិនបានបោះបង់លុយ ទើបនាងរកបន្ទប់ជួលថ្មីសម្រាប់ក្មួយនៅដែលមានតម្លៃ៦០ដុល្លារក្នុងមួយខែ ខណៈពេលដែលបន្ទប់ជួលនោះក៏នៅជិតផ្ទះនាងរស់នៅផងដែរ ។
ដោយឡែក កូនប្រុសរបស់អ្នកនាង អ៊ុំ គន្ធា ដែលមានឈ្មោះ ផាត ពេជ្រ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា ក្រោយពីបាត់បង់ម្តាយមកខ្លួនពិតជាពិបាកទទួលយកនូវអារម្មណ៍មួយនេះណាស់ ដោយសារកន្លងមកធ្លាប់តែរស់នៅមានតែ៣នាក់ម្តាយនឹងកូន ។ ក្នុងវ័យ២២ឆ្នាំ ផាត សុពេជ្រ បានគូសបញ្ជាក់ថា សម្រាប់ឪពុករបស់លោកដែលមិនដែលរវីរវល់ជាមួយលោក និងប្អូននោះលោកចាត់ទុកជារឿងធម្មតា ព្រោះកន្លងមកគាត់មិនដែលរវល់ជាមួយពួកលោកជាយូរមកហើយ មិនមែនតែពេលនេះនោះទេ ។
លោកបន្ថែមថា បច្ចុប្បន្នលោកកំពុងរស់នៅតែ២នាក់បងប្អូនប៉ុណ្ណោះ ក្រោយមរណភាពរបស់ម្តាយដោយមានតែម៉ីងប៉ុណ្ណោះ ដែលជួយទំនុកបម្រុង ខណៈពេលដែលការងារដែលលោកកំពុងធ្វើរាល់ថ្ងៃ គឺមិនទៀងទាត់នោះឡើយ ។
គួរបញ្ជាក់ថា អតីតតារាចម្រៀងយេយេ អ្នកនាង អ៊ុំ គន្ធា បានទទួលមរណភាពហើយ កាលពីថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងអាយុ៤៥ឆ្នាំ បន្ទាប់ពីនាងបានពើបប្រទះនូវការលំបាកយ៉ាងខ្លាំង ទាំងស្ថានភាពជីវភាព និងអាការៈជំងឺសង្គមដ៏កាចសាហាវដែលបានផ្ទុកនៅក្នុងខ្លួននាងអស់រយៈពេលជិត២០ឆ្នាំចុងក្រោយមក ។
តារាចម្រៀងអ្នកនាង អ៊ុំ គន្ធា មានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងលោក ផាន សុផាត រហូតក្លាយជាប្តីប្រពន្ធដោយមិនបានចូលរោងការ ប៉ុន្តែនៅឆ្នាំ២០០៦ ចំណងនិស្ស័យស្នេហ៍របស់ពួកគេបានដាច់ដោចទៅវិញ បន្ទាប់ពីសាងភាពផ្អែមល្ហែមជាមួយគ្នាបាន៨ឆ្នាំ និងបន្សល់ទុកកូនប្រុស២នាក់ ។
ក្រោយជួបរឿងអាប់អួរ ក្នុងដំណើរជីវិតជាបន្តបន្ទាប់ អ្នកនាង អ៊ុំ គន្ធា ដែលធ្លាប់ជាតារាចម្រៀងយេយេរះភ្លឺចិញ្ចាច បានប្រែមករលត់រស្មីសូន្យសុង ដោយប្រើជីវិតត្រូវទ្រាំរស់ទាំងត្រដរត្រដាបត្រដួសជាមួយកូនប្រុសពីរនាក់ រហូតនាងទទួលមរណភាព ៕
ចែករំលែកព័តមាននេះ