រាជធានីភ្នំពេញ ៖ វិន័យ មិនដូចការដាក់ទោសធ្ងន់ធ្ងរទេ វាគ្រាន់តែបង្រៀនកូនរបស់អ្នកថា អាកប្បកិរិយាមួយណាមិនអីទេ ហើយមួយណាមិនល្អ ។ ជាមួយនឹងវិធីសាស្ត្រត្រឹមត្រូវ ការប្រៀនប្រដៅកូនអាចជាបទពិសោធន៍ដ៏វិជ្ជមាន និងប្រកបដោយសេចក្តីស្រឡាញ់ ។ ម្យ៉ាងវិញទៀតការដាក់ទណ្ឌកម្មលើរាងកាយ និងការស្រែកគំហកនឹងធ្វើឱ្យកូនរបស់អ្នកភ័យខ្លាច ហើយជំរុញឱ្យកូនប្រឆាំង ឬតបតមកវិញដោយអវិជ្ជមាន ។
ខាងក្រោមនេះជាគន្លឹះមួយចំនួន ដើម្បីជួយអ្នកដាក់វិន័យកូនដោយសេចក្ដីស្រឡាញ់ ៖
១. ធ្វើការកែតម្រូវលើការរៀនសូត្រ ជាជាងជួសជុលបញ្ហា ៖ កុំគ្រាន់តែប្រាប់កូនកុំឱ្យរត់លេង ពេលមានអាហារក្នុងមាត់ ។ ពន្យល់ពីមូលហេតុដែលច្បាប់នេះសំខាន់ ។ ប្រាប់កូនរបស់អ្នកថា វាមិនមានសុវត្ថិភាពទេ ពីព្រោះពួកគេអាចឈ្លក់ ហើយការងាររបស់អ្នក គឺជួយកុំឱ្យពួកគេឈឺចាប់ ។ ចូរធ្វើឱ្យការពន្យល់របស់អ្នកខ្លី សាមញ្ញ ហើយងាយយល់ ។
២. និយាយយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែទន់ភ្លន់ ៖ កុំស្រែក កុំស្តីបន្ទោស ឬជេរឈ្មោះកូនរបស់អ្នក ដើម្បីឱ្យពួកគេយល់ថា អ្នកមិនសប្បាយចិត្តនឹងអាកប្បកិរិយារបស់ពួកគេ ។ ចូរប្រើសំឡេងម៉ឺងម៉ាត់ ហើយត្រជាក់ចិត្ត នៅពេលអ្នកពន្យល់ពីមូលហេតុដែលអ្នកមិនសប្បាយចិត្តនឹងអ្វីដែលពួកគេបានធ្វើ ។
៣. ប្រាប់ពួកគេពីអ្វីដែលពួកគេគួរធ្វើ ជំនួសឱ្យអ្វីដែលពួកគេមិនគួរ ៖ ជាជាងប្រាប់កូនរបស់អ្នកនូវអ្វីដែលពួកគេបានធ្វើខុស ចូរប្រាប់ពួកគេនូវអ្វីដែលពួកគេគួរធ្វើជំនួសវិញ ។ ឧទាហរណ៍ កូនគួរលេងនៅលើកម្រាលឥដ្ឋ ។ សាឡុង ជាកន្លែងសម្រាប់អង្គុយនោះទេ ។
៤. ធ្វើជាគំរូដ៏ល្អ ៖ ធ្វើជាគំរូល្អឱ្យកូនអ្នកឃើញ ដូចជាទុកដាក់របស់នៅកន្លែងសមរម្យ
និយាយពាក្យគួរសម ប្រឹងប្រែងអានសៀវភៅ ។ ចូរបង្ហាញគំរូតាមអាកប្បកិរិយាដែលអ្នកចង់បាន នោះកូនរបស់អ្នកទំនងជានឹងធ្វើតាមការដឹកនាំរបស់អ្នក ។
៥. ទទួលស្គាល់អារម្មណ៍របស់កូនអ្នក ៖ ពេលខ្លះកូនរបស់អ្នកប្រហែលជាខឹង និងមិនអាចសហការគ្នាបាន ។ អ្នកអាចនិយាយថា ប៉ាដឹងថា កូនមិនសប្បាយចិត្តដោយសារតែ … ។
៦. កុំវាយ ឬទះកូនរបស់អ្នក ៖ អំពើហឹង្សា មិនមែនជាវិធីដោះស្រាយបញ្ហា ។ វាអាចធ្វើឱ្យកូនរបស់អ្នកខ្លាចអ្នក ហើយបំផ្លាញទំនុកចិត្តដែលពួកគេមានចំពោះអ្នក ។ វាអាចបញ្ឈប់អាកប្បកិរិយាដែលមិនចង់បានក្នុងរយៈពេលខ្លី ប៉ុន្តែផលវិបាករយៈពេលវែងនឹងកើតមានពេលពួកគេធំឡើង ។
៧. បង្កើតផលវិបាកជាក់ស្តែង ហើយនៅជាប់នឹងវា ៖ កុំគ្រាន់តែគំរាមកូនរបស់អ្នក នៅពេលអ្នកខឹង ។ នៅពេលអ្នកនិយាយថា នឹងមានផលវិបាកចំពោះអាកប្បកិរិយាមិនល្អ សូមធ្វើតាមច្បាប់ដែលអ្នកនិយាយ ។ ប្រសិនបើអ្នកមិនធ្វើទេ កូនរបស់អ្នកនឹងដឹងថា អ្នកគ្រាន់តែនិយាយចោលប៉ុណ្ណោះ ។
៨. ឱបកូនរបស់អ្នក បន្ទាប់ពីអ្នកដាក់វិន័យហើយ ៖ ត្រូវប្រាកដថា កូនរបស់អ្នកដឹងថា វាគ្រាន់តែជាអាកប្បកិរិយាមិនល្អ ដែលអ្នកមិនចូលចិត្ត មិនមែនកូនរបស់អ្នកទេ ។
៩. ផ្តល់ការសរសើរ ចំពោះការងារដែលពួកគេធ្វើបានល្អ ៖ នៅពេលដែលកូនរបស់អ្នកកំពុងធ្វើអ្វីមួយបានល្អ ចូរបង្ហាញការសរសើរ និងការដឹងគុណរបស់អ្នក ។
១០. អត់ទោសឱ្យខ្លួនឯង ៖ ការចិញ្ចឹមកូន គឺជាការងារដ៏លំបាក ហើយអ្នកត្រូវតែមានកំហុស ។ កុំខឹងខ្លួនឯង កុំបន្ទោសខ្លួនឯង ហើយអត់ទោសឱ្យខ្លួនឯង ពេលអ្នកឆេវឆាវ ឬធ្វើបាបកូនម្តងម្កាល ។ កូនរបស់អ្នកនឹងរៀនពីរបៀបសុំទោសពីគំរូរបស់អ្នកផងដែរ ។ ហើយគេនឹងរៀនថា ឪពុកម្ដាយអាចខឹងនឹងកូន ប៉ុន្តែនៅតែស្រឡាញ់ ៕ ប្រភព ៖ urmc
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនបើកវគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៤ ខែវិចិ្ឆកា ឆ្នាំ ២០២៤ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ។ កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចាប់ទទួលចុះឈ្មោះ ចូលរៀនរៀងរាល់ថ្ងៃ ។ សាលារៀនផ្តល់ជូនអាហាររូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា ការធានារ៉ាប់រងគ្រោះ ថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ