ស្តង់របស់ក្រសួងការងារ ដាក់បង្ហាញពីវិស័យធំៗចំនួន ៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក
រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១៤ ខែវិច្ឆិកា…
រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១៤ ខែវិច្ឆិកា…
រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំស្តង់ដើម្បីផ្តល់ព័ត៌មានពីវិស័យសំខាន់ចំនួន ៣ របស់ក្រសួង នៅក្នុងបរិវេណកោះពេជ្រ សម្រាប់សាធារណជន យុវជន រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ វិស័យទាំងនោះ មានដូចជា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), និងវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ( TVET) ។
បើតាម ឯកឧត្តមរដ្ឋលេខាធិការ សម្រាប់ស្តង់ផ្សព្វផ្សាយ និងចុះបញ្ជីចល័តរបស់ ប.ស.ស. សាធារណជនអាចធ្វើការសាកសួរព័ត៌មានទូទៅពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងទទួលបានឯកសារផ្សព្វផ្សាយដោយឥតគិតថ្លៃរួមមានសៀវភៅកម្រងឯកសារ/ខិត្តប័ណ្ណបេឡាជាតិសន្តិសុខសង្គម និងយន្តការបង្ការហានិភ័យការងារ។ អ្វីដែលពិសេសនោះគឺ សាធារណជនក៏អាចធ្វើប័ណ្ណសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងកម្មករនិយោជិតនៃវិស័យឯកជន (ទទួលបានប័ណ្ណភ្លាមៗ) តែម្តង។
បន្ថែមពីនេះ សម្រាប់សមាជិកដែលបានចុះបញ្ជីតាមកម្មវិធីទូរសព្ទដៃ និងទទួលបានការពិនិត្យឯកភាពពីមន្រ្តី ប.ស.ស. រួចរាល់អាចមកយកកាតនៅស្តង់ចុះបញ្ជីចល័តនេះបាន គ្រាន់តែបង្ហាញសារ ដែលបានឯកភាពនោះជាការស្រេច។ ក្នុងនោះដែរ លោកអ្នកក៏មានឱកាសទទួលបានរង្វាន់អនុស្សាវរីយ៍រួមមាន៖ អាវយឺត ថង់យួរ សៀវភៅ និងមួក ដ៏ស្រស់ស្អាតពី ប.ស.ស. ផងដែរ។
ដោយឡែក ស្តង់របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ ក៏បានដាក់តាំងបង្ហាញពីការផ្សព្វផ្សាយពីសេវាការងារ, ព័ត៌មានជ្រើសរើសកម្លាំងពលកម្មក្នុងប្រទេស, ផ្តល់ការប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ, និងចុះឈ្មោះអ្នកស្វែងរកសម្រាប់ប្រជាពលរដ្ឋដែលចូលរួមកម្មវិធីនេះផងដែរ។
ទន្ទឹមនេះ ក្រសួងការងារក៏បានដាក់ស្តង់បង្ហាញពីវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលសាធារណជនទាំងអស់អាចមកទទួលសេវាធ្វើខិតបណ្ណកម្មវិធី TVET 1.5M និងការបង្ហាញពីមុខជំនាញទាំង ៤៥ ដែលកំពុងត្រូវបានបណ្តុះបណ្តាលផងដែរ។
ឯកឧត្តម កត្តា អ៊ន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញទាំងអស់សូមមកទស្សនាស្តង់ទាំង៣វិស័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានដាក់តាំងបង្ហាញរយៈពេល៣ថ្ងៃពេញនៃព្រះរាជពិធីបុណ្យអុំទូកឱ្យបានផុសផុល ដើម្បីទទួលបានព័ត៌មាន និងឱកាសផ្សេងៗជាច្រើនទៀត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ