រាជធានីភ្នំពេញ ៖ តារាសម្តែង មាន សូនីតា បានបង្កើតជាវីដេអូខ្លីមួយ ដើម្បីចូលរួមផ្សព្វផ្សាយនៃព្រះរាជពិធីបុណ្យអុំទូក ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈពេលដែលវីដេអូនេះក៏ជាការចូលរួមផ្សព្វផ្សាយឲ្យកូនខ្មែរ និងភ្ញៀវអន្តរជាតិបានជ្រួតជ្រាបពិធីដ៏អស្ចារ្យ ដែលដូនតាខ្មែរបានបន្សល់ទុក ។
វីដេអូមួយនេះត្រូវបាន មាន សូនីតា ដាក់ឈ្មោះថា ស្នាមញញឹមនារីកម្ពុជា លើដងទន្លេសាប (The Smile of Neary Khmer on Tonle Sap River) ដែលបង្ហាញពីប្រពៃណីខ្មែរមួយចំនួនដែលមាននៅព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងវីដេអូមួយនេះនឹងត្រូវចាក់ផ្សាយតាមរយៈផ្ទាំង LED ចំនួន៥ ក្នុងទីតាំងរាជធានីភ្នំពេញ ។
តាមរយៈវីដេអូ ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម មាន សូនីតា បានភ្ជាប់ជាមួយនឹងសំណេរថា «ក្នុងនាមជាសិល្បការិនីខ្មែរមួយរូប នាងខ្ញុំ មាន សូនីតា ពិតជាមានក្ដីសោមនស្ស ក្នុងការចូលរួមអបអរសាទរ និងផ្សព្វផ្សាយពីព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឱ្យកូនខ្មែរ និងភ្ញៀវបរទេសបានដឹង និងជ្រួតជ្រាបពី ភាពស្រស់ស្អាត ភាពអស្ចារ្យ និងការដឹងគុណដល់ដូនតាខ្មែរ ដែលបានបង្កើតព្រះរាជពិធីបុណ្យនេះឡើង ដើម្បីជាការជួបជុំក្រុមគ្រួសារ និងមិត្តភក្តិដ៏រីករាយក្អាកក្អាយ ។
នាងបញ្ជាក់ថា ទោះបីជាការថតវីដេអូនេះជួបនូវឧបសគ្គច្រើនយ៉ាងណាក្ដី ក៏ឆន្ទៈជាកូនខ្មែរបានរុញច្រាននាងខ្ញុំឱ្យបង្កើត និងផលិតវីដេអូមួយនេះដោយជោគជ័យជូនបងប្អូនជនរួមជាតិបានទស្សនា ។ នាងខ្ញុំសូមអរគុណចំពោះទឹកចិត្ត ដែលបានស្រលាញ់គាំទ្រ និងធ្វើការចាក់បញ្ចាំង វីដេអូផ្សព្វផ្សាយពីព្រះរាជពិធីបុណ្យនេះ តាមរយៈផ្ទាំង LED ទាំង ៥ទីតាំងក្នុងរាជធានីភ្នំពេញ ។
បើតាម មាន សូនីតា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធរយៈពេល០៣ ថ្ងៃ គឺចាប់ពីថ្ងៃ ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី ១៤-១៥-១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។
យ៉ាងណា ក្រោយពេលបង្ហោះវីដែអូនេះរួចគេឃើញមានមហាជនជាច្រើនបានចូលទៅធ្វើការខំមិន ដោយម្នាក់ៗបានសម្តែងការកោតសសើរពីភាពស្រស់ស្អាត និងគាំទ្រយ៉ាងខ្លាំងក្នុងពេលដែល មាន សូនីតា បានបង្ហើតនូវវីដេអូនេះឡើង ដែលសកម្មភាពនេះ គឺជាការចូលរួមផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ដ៏ល្អផូរផង់ ជាពិសេសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលបានបន្សល់ទុកពីដូនតាខ្មែរយើង ៕
ចែករំលែកព័តមាននេះ