ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមាគម​ស្វាយកែវ​រមៀត​ខេត្តកំពង់ស្ពឺ ប្តេជ្ញា​ចិត្ត​លើកតម្កើង​កសិផល​​បង្កើន​​បរិមាណ​គុណភាព និង​តម្លៃ​សម្រាប់​ការ​នាំ​ចេញ

3 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ លោកស្រី ឈិ​ន ចំរើន ប្រធាន​សមាគម​ស្វាយកែវ​រមៀត​កំពង់ស្ពឺ​ បាន​ប្តេជ្ញា​ចិត្ត​ធ្វើការ​រៀបចំ និង​អនុវត្ត​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​ ដើម្បី​ធានា​គុណភាព​ និង​ប្រភព​ផលិតផល កសិផល​ស្វាយកែវ​រមៀត​…

ខេត្តកំពង់ស្ពឺ​៖ លោកស្រី ឈិ​ន ចំរើន ប្រធាន​សមាគម​ស្វាយកែវ​រមៀត​កំពង់ស្ពឺ​ បាន​ប្តេជ្ញា​ចិត្ត​ធ្វើការ​រៀបចំ និង​អនុវត្ត​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​ ដើម្បី​ធានា​គុណភាព​ និង​ប្រភព​ផលិតផល
កសិផល​ស្វាយកែវ​រមៀត​ ដើម្បី​បង្កើន​នូវ​បរិមាណ​គុណភាព និង​តម្លៃ​សម្រាប់​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស និង​មាន​តម្លៃ​ខ្ពស់​ ។

ការ​លើក​ឡង​របស់​ប្រធាន​សមាគម​ស្វាយកែវ​រមៀត​ខេត្តកំពង់ស្ពឺ​នេះ កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤ ​នៅ​មន្ទីរ​ពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ ក្នុង​ពិធី​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​អាជីវកម្ម​ស្វាយកែវ​រមៀត​កំពង់ស្ពឺ ក្រោម​អធិបតីភាព​លោក ឈាវ ផា អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ក្រសួងពាណិជ្ជកម្ម តំណាង​ឯកឧត្តម អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុង​ប្រទេស ក្រសួងពាណិជ្ជកម្ម និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្តកំពង់​ស្ពឺ ព្រមទាំង​អាជ្ញាធរ​ស្រុក តំណាង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ រួម​មាន​ជំនាញ​ខាង​ផលិតកម្ម​ស្វាយ អ្នកលក់​ធាតុ​ចូល​អ្នក​ផ្គត់ផ្គង់ អ្នក​ថែទាំ​សរុប​​ជិត​១០០​នាក់ ។

លោក ញ៉ិល សំបូរ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ បាន​គូសបញ្ជាក់​ថា ស្ថិតិ​ផលិតផល​ស្វាយ​នៅ​ខេត្តកំពង់ស្ពឺ​ សរុប​ចំនួន​៦៤.៣៦២​ហិ​កតា ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ថៃ វៀតណាម ជប៉ុន កូរ៉េ ចិន និង​សហគមន៍​អឺរ៉ុប ។ ទន្ទឹម​និង​នេះ​ ក៏​មាន​រោងចក្រ​កែ​ច្នៃ​ស្វាយ​ធំ​ៗ​ចំនួន​២៥ និង​សិប្បកម្ម​ខ្នាត​តូច​សរុប​ចំនួន​៤៩​កន្លែង ហេតុ​ដូច្នេះ​ហើយ ​ទើប​មានការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​អាជីវកម្ម​ស្វាយកែវ​រមៀត​កំពង់ស្ពឺ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង អ្នក​ប្រកប​របរ​អាជីវកម្ម​ផលិតផល​ពី​ស្វាយ មាន​ទំនាក់ទំនង​ល្អ​រវាង​វិស័យ​សាធារណៈ និង​ឯកជន​ពាក់ព័ន្ធ​នឹង​ផលិតផល​ស្វាយ លើ​ការ​ផ្តល់​ព័ត៌មាន​ទៅ​វិញ​ទៅ​មក​ពាក់ព័ន្ធ នឹង​បញ្ហា​ប្រឈម ដែល​បាន​កើតឡើង ។ អ្នក​វិនិយោគ​ផលិតផល​ពី​ស្វាយ ងាយស្រួល​មក​ទំនាក់ទំនង​ជាមួយ​សមាគម​ដោយ​ផ្ទាល់ ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​រួម​។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​លោក ឈាវ ផា អគ្គនាយករង​នៃ អគ្គនាយកដ្ឋាន​ក្នុង​ប្រទេស​ក្រសួងពាណិជ្ជកម្ម ក្នុង​ប្រទេស​បាន​ចូលរួម​អបអរសាទរ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើស​ប្រធាន​សមាគម​ន៍​ស្វាយកែវ​រមៀត​កំពង់ស្ពឺ តាម​រយៈ​ការ​បោះ​ឆ្នោត​នា​ថ្ងៃនេះ​ដែរ​មាន​សំឡេង​គាំទ្រ​បាន​ទៅ​លើ​លោកស្រី ឈិ​ន ចំរើន មក​ពី​ក្រុមហ៊ុន​ផ្ល​យ ហ្គ្រី​ន លែ​ន ឯ​.​ក ទន្ទឹម​និង​នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សម្លេង​គាំទ្រ និង​ការ​ផ្ដល់​ទំនុកចិត្ត​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួងពាណិជ្ជកម្ម​ជា​ប្រមុខ ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ម្ចាស់​ចំការ ក្រុមហ៊ុន​សហគ្រាស សិប្បកម្ម​កែ​ច្នៃ​ស្វាយ​អ្នក​ផ្គត់ផ្គង់​ធាតុ​ចូល អ្នកទិញ​ផ្លែស្វាយ​ក្នុង និង​ក្រៅ​ខេត្តកំពង់ស្ពឺ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ប្រធាន​សមាគម​អាជីវកម្ម​ស្វាយ​ដែល​ជាប់​ឆ្នោត​នេះ និង​ខិតខំ​ស្វែងរក​ទីផ្សារ​នាំ​ចេញ​អោយ​បាន​ទូលំទូលាយ និង​មាន​ភាព​រីក​ចម្រើន​ឡើង​។

ជាមួយ​គ្នា​នោះ​ដែរ លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ត ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រធាន​សមាគម និង​ក្រុមការងារ​ក្នុង​ការ​រួមចំណែក​អនុវត្ត​គោលនយោបាយ​ទីផ្សារ​ផលិត​ផ្លែស្វាយ​ឱ្យ​បាន​ទូលំទូលាយ និង​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត់​។ សមាគម​ធ្វើ​ជា​ស្ពាន​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​នានា​ដែល​បាន​កើតឡើង ឫ​សំណូមពរ​ដល់​សភាពាណិជ្ជកម្ម ដល់​អាជ្ញាធរ​ដែនដី និង​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ងាយស្រួល​ក្នុង​ការ​រក​ដំណោះស្រាយ​ជូន និង​ទទួល​បាន​ធាតុ​ចូល​ពី​គ្រប់​ភាគី​អ្នក​ពាក់ព័ន្ធ​។

ចំណែក​លោកស្រី ឈិ​ន ចំរើន ប្រធាន​សមាគម​ស្វាយកែវ​រមៀត​កំពង់ស្ពឺ​ក៏​បាន​ប្តេជ្ញា​ចិត្ត​ធ្វើការ​រៀបចំ និង​អនុវត្ត​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​ដើម្បី​ធានា​គុណភាព​និង​ប្រភព​ផលិតផល បង្កើន​ទំនាក់ទំនង​ល្អ​រវាង​កសិករ អាជីវករ​ក្រុមហ៊ុន​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​និង​លើកតម្កើង​ផលិតផល​ឬ​កសិផល​ស្វាយកែវ​រមៀត កំពង់ស្ពឺ​ដោយ​បង្កើន​នូវ​បរិមាណ​គុណភាព​និង​តម្លៃ​សម្រាប់​ការ​នាំ​ចេញ ធ្វើការ​ចែករំលែក​បទ​ពិសោធន៍​តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព​សមាជិកសមាគម​ឲ្យ​យល់​ពី​បទដ្ឋាន​បច្ចេកទេស​នានា​ដើម្បី​ឲ្យ​ទីផ្សារ​ស្វាយ​កាន់តែ​ទូលំទូលាយ​និង​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត់​ផង​ដែរ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ