ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ និង​គណៈប្រតិភូ​សភា​ខេត្ត​ណា​ហ្គា​ណូ ​ប្រទេស​ជប៉ុន ជួប​ពិភាក្សា​​លើ​កិច្ច​សហប្រតិបត្តិការ​បញ្ជូន​ពលករ​ជំនាញ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សភា​ខេត្ត ណា​ហ្គា​ណូ (Nagano)…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សភា​ខេត្ត ណា​ហ្គា​ណូ (Nagano) នៃ​ប្រទេស​ជប៉ុន ដឹកនាំ​ដោយ​លោក NAKAGAWA Hiroji ប្រធាន​គណៈកម្មាធិការ​កសិកម្ម និង​រុក្ខា​ប្រមាញ់ ​។ ជំនួប​ពិភាក្សា​ការងារ​នេះ ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃ​ទី​ ១៧ ខែតុលា ឆ្នាំ​ ២០២៤​ ។​ ជំនួប​ពិភាក្សា​ការងារ​នេះ ផ្តោត​យ៉ាង​សំខាន់​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​ខេត្ត​ណា​ហ្គា​ណូ នៃ​ប្រទេស​ជប៉ុន ជា​ពិសេស​លើ​វិស័យ​បញ្ជូន និង​ទទួល​ពលករ​ជំនាញ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ​។

ឯកឧត្តម រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ប្រទេស​ជប៉ុន​គឺជា​ដៃគូ​អភិវឌ្ឍន៍​យ៉ាង​សំខាន់​សម្រាប់​កម្ពុជា ដោយ​ក្នុង​នោះ​រដ្ឋាភិបាល​ជប៉ុន​ក៏​ចូលរួម​ក្នុង​ការ​បង្កើត​ធនធានមនុស្ស​របស់​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ក៏​ដូច​ជា​ការ​ទទួលយក​កម្មសិក្សាការី និង​ពលករ​ជំនាញ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ​។ ប្រទេស​ជប៉ុន​ជា​គោលដៅ​ដែល​ប្រជាជន​កម្ពុជា​ចង់ទៅ​ធ្វើការ ជាក់ស្តែង​បច្ចុប្បន្ន​មាន​ប្រជាជន​កម្ពុជា​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ប្រមាណ ២​ម៉ឺន​នាក់​ ។

ទន្ទឹម​នឹង​ការ​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន ដែល​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ឯកឧត្តម រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ជប៉ុន ជា​ពិសេស​ខេត្ត​ណា​ហ្គា​ណូ បង្កើន​ចំនួន​ការ​ទទួលយក​ពលករ​ជំនាញ​កម្ពុជា​ទៅ​ធ្វើការ​បន្ថែម​ទៀត​ក្នុង​វិស័យ​កម្មន្តសាល ជួសជុល​រថយន្ត គ្រឿង​ម៉ាស៊ីន កសិកម្ម ទេសចរណ៍​ជាដើម ខណៈ​បច្ចុប្បន្ន​មាន​កម្មសិក្សាការី និង​ពលករ​កម្ពុជា​ប្រមាណ​ជិត ៣០០​នាក់​ប៉ុណ្ណោះ​កំពុងធ្វើការ​នៅ​ក្នុង​ខេត្ត​ណា​ហ្គា​ណូ​ ។ ឯកឧត្តម រដ្ឋមន្ត្រី រំពឹង​ថា​តាម​រយៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សភា​ខេត្ត​ណា​ហ្គា​ណូ នា​ពេល​នេះ​នឹង​អាច​ចង.ក្រង​ជា​របាយការណ៍​សម្រាប់​ពិនិត្យ​មើល​លក្ខខណ្ឌ​ផ្សេង​ៗ​ដែល​ភាគី​ជប៉ុន​ត្រូវការ​ដើម្បី​ទទួលយក​ពលករ​ជំនាញ​របស់​កម្ពុជា​បន្ថែម​ទៀត​ ។

ជា​ការ​ឆ្លើយ​តប លោក NAKAGAWA Hiroji បាន​គូសបញ្ជាក់​ថា នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​បង្កើត​ឱ្យ​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​កម្ពុជា លើ​កិច្ចការ​បង្កើន​ចំនួន​បញ្ជូន និង​ទទួល​ពលករ​កម្ពុជា​ធ្វើការ​នៅ​ក្នុង​ខេត្ត​ណា​ហ្គា​ណូ ដោយ​លោក​សម្លឹង​មើលឃើញ​ថា កម្ពុជា​មាន​សក្តានុពល​យ៉ាង​ខ្លាំង ជា​ពិសេស​មាន​យុវជន​ជា​ច្រើន​មាន​អាយុ​ជា​មធ្យម​ប្រមាណ​២៦​ឆ្នាំ ដែល​ជា​កម្លាំង​ធនធាន​ដ៏​សំខាន់​។ ទន្ទឹម​នេះ លោក​បាន​បញ្ជាក់​ថា​នឹង​រាយការណ៍​ជូន​ទៅ​កាន់​អភិបាលខេត្ត​ណា​ហ្គា​ណូ អំពី​គោលបំណង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ការ​ចុះ​អនុស្សា​រណៈ​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​បាន​បញ្ជូន​កម្មសិក្សាការី​-​ពលករ​ជំនាញ​កម្ពុជា ទៅ​ចុះ​កម្មសិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ក្រោម​គម្រោង​ចំនួន ២ រួម​មាន ប្រព័ន្ធ​កម្មសិក្សាការី​បច្ចេកទេស និង​ប្រព័ន្ធ​ពលករ​ជំនាញ ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​ថែទាំ​មនុស្ស​ចាស់​ជាដើម ​៕ អត្ថបទសហការ