រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ឲ្យដឹងថា បវរកញ្ញាជាង៧០ប្រទេសនឹងមកកម្ពុជាប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ២០២៤នៅខែក្រោយ ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ជូនដំណឹង! បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ២០២៤ នៅខែក្រោយ ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងទៀតថា ការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនេះ ក៏ជាកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរយើងផងដែរ ។
ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានពន្យល់ថា Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ។
តាំងពីបង្កើតឡើងនៅឆ្នាំ២០១៩MPI តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង ២០២២ ដោយសារបញ្ហាជំងឺរាតត្បាត៕
ចែករំលែកព័តមាននេះ