ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុម​សហជីព និង​អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​កម្ពុជា ថា តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់ឆ្នាំ ២០២៥ ស្រប​តាម​បរិបទ​សេដ្ឋកិច្ច​សកល និងកម្ពុជា

2 ខែ មុន

រាជធានីភ្នំពេញ ៖ ក្រុម​សហជីព និង​អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​កម្ពុជា​លើក​ឡើង​ថា តួលេខ​ប្រាក់​ឈ្នួល​អប្បរ​មា​ចំនួន ២០៨ ដុល្លារ​សម្រាប់​ឆ្នាំ​ ២០២៥ លើ​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ…

រាជធានីភ្នំពេញ ៖ ក្រុម​សហជីព និង​អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​កម្ពុជា​លើក​ឡើង​ថា តួលេខ​ប្រាក់​ឈ្នួល​អប្បរ​មា​ចំនួន ២០៨ ដុល្លារ​សម្រាប់​ឆ្នាំ​ ២០២៥ លើ​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​នៅ​កម្ពុជា គឺ​ស្រប​ទៅ​តាម​បរិបទ​សេដ្ឋកិច្ច​សកល និង​ប្រទេស​កម្ពុជា ដោយ​កម្មករនិយោជិត​ទទួល​បាន​អត្ថប្រយោជន៍ រីឯ​ភាគី​និយោជក ក៏​អាច​រក្សា​និរន្តរភាព​ផលិតភាព​ការងារ​របស់​ខ្លួន​នៅ​ក្នុងស្រុក​បាន​ ។

លោក​បណ្ឌិត  ​គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ បាន​លើក​ឡើង​ថា ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២០៨ ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​ ២០២៥ គឺ​មាន​លក្ខណៈ​សមរម្យ និង​ទទួលយក​បាន​សម្រាប់​កម្មករនិយោជិត និង​និយោជក​ ។ លើស​ពី​នេះ​ដែរ ចំនួន​តួលេខ​អប្បបរមា​នៃ​ប្រាក់​ឈ្នួល​នេះ គឺ​មាន​កម្រិត​មួយ​ខ្ពស់​ល្អ បើ​ធៀប​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​ ។

លោក​បណ្ឌិត​សង្កត់ធ្ងន់​ថា នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​សកល និង​នៅ​កម្ពុជា​នៅ​ឆ្នាំ ​២០២៤ និង​ឆ្នាំ​២០២៥ ខាង​មុខ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​មានការ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ចំណូល​របស់​កម្មករនិយោជិត ដូច្នេះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ពេល​នេះ គឺ​ក្នុង​គោលបំណង​បន្ថែម​ចំណូល និង​អត្ថប្រយោជន៍​បន្ថែម​ទៀត ​នៅ​ក្នុង​កាលៈទេសៈ​នេះ ធ្វើ​យ៉ាងណា​កម្មករ​នៅ​តែ​រក្សា​កំណើន​ប្រាក់​ចំណូល​របស់​ខ្លួន មិន​ថមថយ ឬ​បាត់បង់​ការងារ​ធ្វើ​នៅ​ក្នុងស្រុក​ ។ លោក​បណ្ឌិត​បានបញ្ជាក់​បន្ថែម​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​កាលៈទេសៈ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន បងប្អូន​កម្មករនិយោជិត​គួរ​បង្កើន​ផលិតភាព​ការងារ​របស់​ខ្លួន ធ្វើ​យ៉ាងណា​និយោជក​មាន​កំណើន​ផលិត​ល្អ​ជាង​មុន និង​ការ​នាំ​ចេញ​មាន​ទំហំ​ធំ​ជាង​មុន ដែល​អាច​ឱ្យ​ភាគី​អ្នក​វិនិយោគ​អាច​ទ្រទ្រង់ និង​រក្សា​និរន្តរភាព​ការងារ​ជូន​កម្មករនិយោជិត និង​ឱកាស​ការងារ​នៅ​ក្នុងស្រុក​បាន ​។

សម្រាប់ លោក ហ្វា សាលី​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លើក​ឡើង​ថា តួលេខ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ ​២០២៥ គឺ​ត្រូវ​បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់ និង​សិក្សា​ស៊ីជម្រៅ​លើ​លក្ខខណ្ឌ​ចំនួន​ ៧ រួម​ទាំង​សេដ្ឋកិច្ចជាតិ និង​សកល និង​លក្ខខណ្ឌ​ផ្សេង​ៗ​ទៀត ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំង​រាជរដ្ឋាភិបាល សហជីព និយោជិត រហូត​ចេញ​តួលេខ​មួយ​ផ្លូវការ ដែល​គ្រប់​ភាគី​អាច​ទទួលយក​បាន​ទាំងអស់​គ្នា ក្រោម​យុទ្ធសាស្ត្រ​ឈ្នះ​ៗ​ទាំងអស់​គ្នា ​។ ប្រធាន​សហជីព​រូប​នេះ​បន្ថែម​ថា ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២០៨ ដុល្លារ​ក្នុង​មួយ​ខែ គឺជា​ចំណូល​បន្ថែម​ថ្មី​មួយទៀតក្នុង​ការ​ពង្រឹង​ជីវភាព​របស់​បងប្អូន​កម្មករនិយោជិត ត្បិត​តួលេខ​នេះ​ឡើង​បាន​ត្រឹម​ ៤ ​ដុល្លារ​ក៏​ពិតមែន តែ​វា​ជា​កំណើន​មួយ​ដ៏​ល្អ បើ​ធៀប​នឹង​និន្នាការ​សេដ្ឋកិច្ច​សកល​នៅ​ពេល​នេះ​ ។ គ្រប់​ភាគី​ពាក់ព័ន្ធ​បាន​យល់​ស្របគ្នា​លើ​បញ្ហា​នេះ ហើយ​មាន​ច្រកចេញ​ប្រកបដោយ​ស្មារតី​រួម​មួយ ​។

លោក​បានបញ្ជាក់​បន្ថែម​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ បើ​ទោះបី​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ មិន​ថា​ក្រោម​ការ​រីក​រាលដាល​កូ​វី​ដ​-១៩ វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន និង​រុ​ស្សុី និង​ថ្មី​ៗ​នេះ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ដែល​ទាំងនេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទាំង​អាណត្តិ​ទី​ ៦ និង​អាណត្តិ​ទី​ ៧ ខណៈ​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ធំ​នៅ​ក្នុង​តំបន់​មិន​ត្រូវ​បាន​ដំឡើង​នោះ​ទេ ​។

លោកស្រី ប៊ូ សុ​គ​ន្ធា​វុី ដែល​ជា​កម្មករនិយោជិត​បម្រើ​ការងារ​ជិត​ ១០​ឆ្នាំ​នៅ​រោងចក្រ​កាត់ដេរ នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល បាន​លើក​ឡើង​ថា ត្បិត​តួរ​លេខ​ដំឡើង​មិនសូវ​ខ្ពស់​ពេក ក៏​ប៉ុន្តែ​តួរ​លេខ​អប្បបរមា ២០៨ ដុល្លារ​នេះ​ គឺ​សមរម្យ​ហើយ​សម្រាប់​ឆ្នាំ ​២០២៥​ ។ លោកស្រី​សប្បាយចិត្ត​ចំពោះ​កិច្ច​ខិតខំ ប្រឹងប្រែង​គ្រប់​ភាគី​ពាក់ព័ន្ធ​ជា​ពិសេស​រាជរដ្ឋាភិបាល​ដែល​តែងតែមាន​ឆន្ទៈ​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​បានជា​រៀង​រាល់​ឆ្នាំ បើ​ទោះបី​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ​។

លោកស្រី​ថា ​៖ «​ន​ណា​ក៏​ចង់បាន​ប្រាក់​ឈ្នួល​ខ្ពស់​ដែរ តែ​ការ​ចង់​ស្ថិត​នៅ​លើ​ចំណុច​មួយ​ដែល​សមរម្យ ទទួលយក​បាន ​។ ខ្ញុំ​សប្បាយចិត្ត​នៅ​ពេល​ថៅកែ​រោងចក្រ​នៅ​តែ​មានការ​ងារ​ឱ្យ​ពួក​ខ្ញុំ​ធ្វើ បើ​ទោះបី​ស្ថិត​ក្នុង​ពេល​ណា​ក៏​ដោយ​ ។ មួយវិញទៀត​ប្រាក់​ឈ្នួល​ជា​រឿង​មួយ​តែ​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ដែល​ទទួល​បាន​ក៏​នៅ​តែ​មាន​បន្ថែម​ពីលើ​ប្រាក់​ឈ្នួល​គឺជា​រឿង​មួយ​ដែល​សប្បាយចិត្ត​ ។ ខ្ញុំ​អបអរ​ហើយ​បើ​ទោះបី​ប្រាក់​ឈ្នួល​ដំឡើង​ម្តង​បន្តិច​ៗ តែ​យើង​នៅ​មាន​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ពី​រោងចក្រ ក៏​ដូច​ជា​រដ្ឋាភិបាល​» ​។

លោកស្រី​បន្ថែម​ថា ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២០៨ ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ ​២០២៥ នេះ​នឹង​អាច​ជួយ​ជ្រោមជ្រែង​ការ​ចំណាយ​បន្ថែម​ថ្មី​មួយទៀត​សម្រាប់​ជីវភាព​គ្រួសារ​ ។ លោកស្រី​សង្ឃឹមថា ​ការ​ដំឡើង​ប្រាក់​ឈ្នួល​នឹង​ត្រូវធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ បើ​ទោះបី​តិច ​ឬ​ច្រើន​ក៏​ដោយ​ ។ សូម​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តែងតែ​យកចិត្តទុកដាក់​មក​លើ​បងប្អូន​កម្មករនិយោជិត​គ្រប់ពេលវេលា មិន​ដែល​បោះបង់​ចោល​នោះ​ទេ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ប្រទេស​ឡាវ មី​យ៉ា​ន់​ម៉ា ស្រី​លង្កា មាន​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ទាប​ជាង ១០០ ​ដុល្លារ ខណៈ​ប្រទេស​បង់​ក្លា​ដេ​ស និង​ប៉ា​គី​ស្ថាន មាន​ប្រាក់​ឈ្នួល​អប្បបរមា​ទាប​ជាង ​១២០​ដុល្លារ រីឯ​ប្រទេស​វៀតណាម និង​ឥណ្ឌា មាន​ចំនួន​ចន្លោះ​ពី ១៤០ ដុល្លារ ទៅ ២០៤ ​ដុល្លារ អាស្រ័យ​តាម​តំបន់ ​។

នៅ​ក្នុង​ឆ្នាំ ​២០២៤ ​នេះ បងប្អូន​កម្មករនិយោជិត កំពុង​ទទួល​បាន​ប្រាក់​ឈ្នួល​គោល រួម​បញ្ចូល​ទាំង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​ផ្តល់​ដោយ​ភាគី​និយោជក ដូច​ជា​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​, ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់ និង​ប្រាក់​រង្វាន់​អតីតភាព​ការងារ​, ប្រាក់​ថ្លៃ​បាយ​, ហើយ​ប្រសិនបើ​បូក​បន្ថែម​ប្រាក់​ឈ្នួល​បន្ថែម​ម៉ោង​ទៀត​នោះ កម្មករនិយោជិត​ទទួល​បាន​ប្រាក់​ឈ្នួល​សរុប​ជា​មធ្យម ២៥៩​ដុល្លារ ឬ​ច្រើន​ជាង​នេះ ដោយ​មិន​ទាន់​គិត​ពី​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ពី ប​.​ស​.​ស​.​ ។ មិនតែប៉ុណ្ណោះ ភាគី​និយោជក​នៃ​រោងចក្រ សហគ្រាស​មួយ​ចំនួន​ថែម​ទាំង​បាន​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​លើស​ពី​គោលការណ៍​កំណត់​ទៅ​ទៀត​ជូន​កម្មករនិយោជិត​ ។

ទន្ទឹម​នឹង​ការ​ខិតខំ​ដំឡើង​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទាំងនេះ រាជរដ្ឋាភិបាល​ខិតខំ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​បងប្អូន​កម្មករនិយោជិត​ជា​បន្តបន្ទាប់ ដូច​ជា បាន​ពង្រីក​វិសាលភាព​បេឡា​ជាតិ​សន្តិសុខ​សង្គម ដោយ​បាន​តម្រូវ​ឱ្យ​និយោជក​ជា​អ្នក​បង់​ភាគទាន​ជំនួស​បងប្អូន​កម្មករនិយោជិត ១០០% ក្នុង​ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​គ្រោះថ្នាក់​ការងារ និង​ជួយ​បង់ ៥០% ក្នុង​ផ្នែក​ប្រាក់​សោធន ដែល​ធ្វើ​ឱ្យ​បងប្អូន​សន្សំ​ថវិកា​បាន​ប្រមាណ​ជា ៦​ដុល្លារ​ក្នុង​១​ខែ និង​អាច​រក្សា​បាន​នូវ​សន្តិសុខ​ចំណូល និង​កាត់​បន្ថយ​ហានិភ័យ​នានា​ទាំង​នៅ​ក្នុងអំឡុងពេល​មានការ​ងារ រហូត​ដល់​ពេល​ចូល​និវត្តន៍ ​។

ចំពោះ​បងប្អូន​កម្មករនិយោជិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ ទទួល​បានការ​យកចិត្តទុកដាក់​តាម​រយៈ​ប្រព័ន្ធ​គាំពារ​សង្គម​ចាប់តាំងពី​មាន​ផ្ទៃពោះ ពេល​សម្រាលកូន រហូត​កូន​មាន​អាយុ​ក្រោម ២​ឆ្នាំ ដោយ​ក្នុង​នោះ គឺ​ទទួល​បានការ​ពិនិត្យ​ផ្ទៃពោះ​មុន​ពេល​សម្រាល​ចំនួន ៤​លើក ការ​ចាក់​វ៉ាក់សាំង និង​ពិនិត្យ​សុខភាព​ក្រោយ​ពេល​សម្រាលកូន​ចំនួន ១០​លើក (​សរុប​ចំនួន ១៤​លើក​) ដោយ​១​លើក​ៗ ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ចំនួន ៨​ម៉ឺន​រៀល ​។

ចំណែក​នៅ​ពេល​សម្រាលកូន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ៨០​ម៉ឺន​រៀល​សម្រាប់​កូន​ម្នាក់​, ១​លាន ២​សែន​រៀល​សម្រាប់​កូនភ្លោះ​ពីរ​នាក់​, និង​សម្រាប់​កូនភ្លោះ ៣​នាក់ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ១​លាន ៦​សែន​រៀល រួម​និង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​បន្ថែមចំនួន ៥​លាន​រៀល​ពី សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ។ ទន្ទឹម​នេះ បងប្អូន​កម្មករនិយោជិត​ជា​ស្ត្រី ដែល​ឈប់​សម្រាកលំហែ​មាតុភាព​ចំនួន ៩០​ថ្ងៃ ទទួល​បាន​ប្រាក់​ឈ្នួល​រហូត​ដល់ ១២០% ក្នុង​នោះ ៥០% ទទួល​បាន​ពី​និយោជក និង​៧០% ទៀត​ទទួល​បាន​ពី ប​.​ស​.​ស​. ៕ អត្ថបទសហការ