រាជធានីភ្នំពេញ ៖ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកជំទាវ បណ្ឌិត ជា សិរី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋកុំខ្ចីប្រាក់ពីឥណទានក្រៅផ្លូវការអាចនាំឱ្យខាតបង់ប្រាក់ឥតប្រយោជន៍និងប្រឈមនឹងហានិភ័យខ្ពស់ ដូច្នេះសាធារណជនគួរងាកមកខ្ចី តាមប្រព័ន្ធធនាគារ ឬមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីអាជ្ញាធរ ។
ក្នុងសន្និសីទសារព័ត៍មានកាលពីល្ងាចថ្ងៃទី ០៨ ខែតុលា នៅសណ្ឋាគារហៃយ៉ាត លោកជំទាវ បណ្ឌិត ជា សេរី បានមានប្រសាសន៍ថា «ថ្មីៗនេះមានការសន្យាថា ដាក់លុយជាមួយគេទទួលបានការប្រាក់ខ្ពស់ ដូចជាតាមតិកតុក តាមរយៈគ្រុបតេឡេក្រាម តាមហ្វេប៊ុក ឥណទានដែលមិនមានទីតាំងច្បាស់លាស់ពិសេសឥណទានបិទតាមដើមឈើដែលជាឥទានក្រៅផ្លូវការ ដូចដាក់ ៣០០ដុល្លារទទួលកាប្រាក់រហូតដល់ ១៨០០ដុល្លារក្នុងរយៈពេល ២៤ម៉ោង ។ ៥០០ដុល្លារទទួលបាន ៣៥០០ដុល្លារបន្ទាប់ពី ២៤ម៉ោងដូចគ្នាដោយមានកញ្ចប់វីអាយភីនៅខែធ្នូខាងមុខនេះ ។ ប្រសិនបើទទួលបានកាប្រាក់ច្រើនបែបនេះមិនចាំបាច់ទៅធ្វើការ និងរកស៊ីអ្វីទេគ្រាន់តែយកលុយទៅដាក់ទៅទទួលបានប្រាក់ហើយ» ។
លោកជំទាវ បណ្ឌិត បានបន្តថា «ការខ្ចីប្រាក់ពីប្រព័ន្ធក្រៅផ្លូវការនេះវាងាយស្រួលខ្ចីភ្លាមគេទម្លាក់លុយឱ្យភ្លាមប៉ុន្តែពេលមានបញ្ហាជួយអត់បានអាហ្នឹងដែលបញ្ហាឱ្យធនាគារជាតិជួយ ជួយយ៉ាងមិចមិនដឹងទៅរកនៅឯណា ។ អ៉ីចឹងសូមប្រជាពលរដ្ឋប្រុងប្រយ័ត្នព្រោះក្នុងរយៈពេលនេះមានជនឆ្លៀតឱកាសច្រើននៅពេលដែលគាត់ទៅខ្ចីធនាគារអតបានគាត់ងាកទៅខ្ចីក្រៅប្រព័ន្ធស្រួល ។ សូមយល់ថា ធនាគារ ឬគ្រឹះស្ថាន កាលណាគេមិនឱ្យយើងខ្ចីដោយសារគេមើលឃើញថា យើងមិនមានលទ្ធភាពសងត្រឡប់វិញទេ» ។
លោកជំទាវ បណ្ឌិត បានបន្តទៀតថា អ្នកផ្តល់កម្ចី ស្របច្បាប់មិនយកអត្តសញ្ញាណបណ្ណ ឬបណ្ណក្រីក្រឬសំបុត្រកំណើតកូន សៀវភៅគ្រួសារយើង ធ្វើវត្ថុបញ្ចាំដូចពួកអ្នកកម្ចី ក្រៅប្រព័ន្ធទេ ។ ធនាគារជាតិហាមមិនឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារយកវត្ថុទាំងនេះ ជាវត្ថុប្រចាំឡើយ ។ លោកជំទាវ បណ្ឌិត បានបន្ថែមទៀតថា ៖ «ខ្ញុំបានលើកជារឿយៗពីការខ្ចីប្រាក់ពីអ្នកចង.កាក្រៅផ្លូវការនេះដោយសារពួកគាត់ឃើញកាប្រាក់ខ្ពស់ក៏ទៅខ្ចីលុយពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកមកដាក់ជាមួយក្រុមទាំងនេះ ។ ដល់ពេលគេយកទៅបាត់ទៅគាត់មានបញ្ហាមកពីគាត់ខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកទារលុយ ។ មានន័យថា គាត់ខ្ចីខុសទិសដៅដោយយើងស្មានថា គាត់ខ្ចីទៅពង្រីកអាជីវកម្មតិចតួចមិនយកទៅពង្រីកគាត់យកទៅបង់អ៉ីចឹងៗទៅ» ។
លោកជំទាវ បណ្ឌិត ជា សិរី បានណែនាំដល់ប្រជាពលរដ្ឋ សូមខ្ចីប្រាក់តាមប្រព័ន្ធធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ស្របច្បាប់ពីធនាគារជាតិកម្ពុជា ដោយយើងមានបង្ហោះនូវបញ្ជីឈ្មោះធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ ហើយយើងតម្រូវឱ្យសាខាធនាគារ ឬគ្រឹះស្ថានទាំងនោះ ដាក់ផ្លាកអាជ្ញាប័ណ្ណហើយប្រសិនបើបងប្អូន ចូលទៅអត់ឃើញអាជ្ញាប័ណ្ណទេ មានន័យថា មិនត្រឹមត្រូវទេ ហើយបើមិនច្បាស់ទេអាចសាកសួរមកកាន់ធនាគារជាតិ តាមរយៈទូរស័ព្ទហតឡាញ ដែលបានដាក់នៅក្នុងផេកធនាគារជាតិ និងតាមសមាគមធនាគារ និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។
លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញវត្ថុកម្ពុជា បានលើកឡើងថា ថ្មីៗ នេះមានជនឆបោកមានលេខទូរស័ព្ទ អតិថិជនរបស់មីក្រូហិរញ្ញវត្ថុ ដោយឱ្យអតិថិជនបង់តាមរយៈពួកគេទៅតាមចំនួន បង់ប្រចាំខែតាមរយៈវីង ឬតាមឃ្យូអកូដ ហើយអតិថិជនមិនចាំបាច់បង់រយៈពេល ៦ ខែឬ ១ ឆ្នាំ ។ ពេលមន្ត្រីឥណទានទៅសួរនាំរឿងបង់ គាត់ថា បានបង់រួចហើយ ។ ប៉ុន្តែមានអតិថិជនខ្លះបានទូរស័ព្ទសាកសួរព័ត៍មានបន្ថែម ទៅគ្រឹះស្ថាន ឬមន្ត្រីឥណទាន ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ ពេលដែលជនឆបោកទូរស័ព្ទ ទៅទើបដឹងថា ជាជនឆបោក ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ