នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ ល្ខោនរបាំ «យ៉ុងឈុន” របស់ទីក្រុងសិនជិនខេត្តក្វាងតុង ត្រូវបានសម្តែងជាលើកដំបូងនៅប្រទេសអង់គ្លេសក្នុងរោងល្ខោន Sadler’s Wells ដែលត្រូវបានគេសន្មតថាជា«វិមានដ៏ពិសិដ្ឋ»នៃរបាំនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ សំបុត្រចូលមើលការសម្តែងនេះត្រូវបានលក់អស់យ៉ាងរហ័ស និងបានទទួលនូវការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ទស្សនិកជនគ្រប់រូប។
ចាប់ពីចុងខែសីហាដល់ដើមខែកញ្ញា ល្ខោននេះត្រូវបានសម្តែងនៅទីនោះ ១២ ដងក្នុងរយៈពេល ៩ ថ្ងៃជាប់ៗគ្នា ដោយមានអត្រាអ្នកចូលរួមទស្សនាជាមធ្យមជាង ៨០% និងបានបង្កើតជាកំណត់ត្រានៃការសម្តែងល្ខោនចិននៅទីក្រុងឡុងដ៍ដែលមានរយៈពេលវែងជាងគេ និងបានសម្តែងច្រើនលើកបំផុត។
«យ៉ុងឈុន»បានប្រើប្រាស់ទម្រង់ថ្មីដែលច្របាច់បញ្ចូលគ្នានូវការរាំរបាំ និងសិល្បៈ ដើម្បីបង្ហាញដល់ទស្សនិកជនអង់គ្លេសនូវភាពទាក់ទាញដ៏វិសេសវិសាលនៃបេតិកភណ្ឌវប្បធម៌អរូបីសំខាន់ទាំងពីរ គឺ «ក្បាច់គុនយ៉ុងឈុន» និង «ព្រែសូត្រសៀងយូន» ។ ចំណែកឯរឿងបែបនេះ គ្រាន់តែជាគំរូតូចៗមួយដែលវប្បធម៌ចិន និងវប្បធម៌លីងណានមានប្រជាប្រិយភាពនៅក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅខែមីនា ឆ្នាំ ២០២៤ កម្មវិធី«រចនាបថភាគខាងត្បូងដ៏ឆើតឆាយ ជួបជាមួយល្ខោនយៀ»ត្រូវបានប្រារព្ធឡើងនៅរោងល្ខោនយៀខេត្តក្វាងតុង។ មន្ត្រីការទូតនៃស្ថានកុងស៊ុលប្រទេសនានាប្រចាំក្វាងចូវប្រមាណ ៦០ រូប និងក្រុមគ្រួសាររបស់ពួកគាត់ បានទទួលការអញ្ជើញឱ្យចូលរួមទស្សនាការសម្តែងល្ខោន និងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសម្រស់ដ៏ស្រស់ស្អាតនៃល្ខោនយៀ(កន្តាំង ឬកាតាំង)។
នៅខែមេសា ឆ្នាំ ២០២៤ ការិយាល័យកិច្ចការបរទេសនៃសាលារដ្ឋបាលក្រុងក្វាងចូវ និងសង្កាត់ផានយូ បានរួមគ្នារៀបចំកម្មវិធី “ដើរចូលផានយូ” សម្រាប់មន្ត្រីកាតទូតនៃស្ថានកុងស៊ុលប្រទេសនានាប្រចាំក្វាចូវ ដោយមានមន្ត្រីការទូតដែលមកពីស្ថានកុងស៊ុលនៃប្រទេសចំនួន ៣០ ប្រចាំក្រុងក្វាងចូវ បានអញ្ជើញទៅទស្សនាទេសភាពបុរាណនៃឃុំបុរាណសាវ៉ាន់ ស្តាប់បទភ្លេងយៀ គយគន់គំនូរលើជញ្ជាំងនិងរូបចម្លាក់ ព្រមទាំងយកបទពិសោធន៍ពីទំនៀមទម្លាប់ប្រពៃណី។
នៅខែឧសភា ឆ្នាំ ២០២៤ ពិព័រណ៍ឧស្សាហកម្មវប្បធម៌អន្តរជាតិចិន(សិនជិន)លើកទី ២០ បានបើកពិព័រណ៍យ៉ាងអធិកអធមនៅមជ្ឈមណ្ឌលសន្និសិទ និងពិព័រណ៍អន្តរជាតិក្រុងសិនជិន។ តាំងពីបេតិកភណ្ឌវប្បធម៌អរូបីនៃតំបន់នានា រហូតដល់ហ្គេមកីឡាអេឡិចត្រូនិកក្នុងស្រុក រួចទៅដល់រឿងភាពយន្តនិងទូរទស្សន៍ក្នុងស្រុក និងភ្លេងដើម ផលិតផលវប្បធម៌ចិនគ្រប់ប្រភេទត្រូវបានដាក់តាំងបង្ហាញនៅក្នុងឱកាសពិព័រណ៍នេះ ដោយបានទាក់ទាញក្រុមហ៊ុនចំនួន ៣០២ ដែលមកពីប្រទេស និងតំបន់ចំនួន ៦០ ឱ្យមកចូលរួមការតាំងពិព័រណ៍ទាំងតាមអនឡាញ និងតាមទម្រង់ផ្ទាល់ក្នុងសាលពិព័រណ៍។
ខេត្តក្វាងតុងយកចិត្តទុកដាក់លើការស្វែងយកអត្ថន័យស្នូលនៃវប្បធម៌ប្រពៃណី ដោយចាប់ផ្តើមពីអាហារផ្សេងៗដូចជាម្ហូបកាតាំង ម្ហូបទីចូវ និងម្ហូបខិជាដើម វត្ថុសិប្បកម្មនានាដូចជាព្រែសូត្រសៀងយូន និងព័រ្សឺឡែនស៊ឺវ៉ាន់ជាដើម ព្រមទាំងក្បាច់គុនកុងហ្វូ ម៉ុងសាយ ទូកនាគ និងធាតុផ្សំផ្សេងៗទៀត ដើម្បីខិតខំជំរុញការផ្លាស់ប្តូរ និងការអភិវឌ្ឍបែបនវានុវត្តន៍នៃវប្បធម៌ប្រពៃណី។
ក្នុងពេលដែលគម្រប់ខួប ៧០០ ឆ្នាំនៃការទទួលមរណភាពរបស់លោក Marco Polo ល្ខោនអូប៉េរ៉ា «Marco Polo» ត្រូវបានសម្តែងឡើងវិញនៅរោងល្ខោនក្វាងចូវក្នុងខែឧសភា ឆ្នាំ ២០២៤។ លក្ខណៈអន្តរជាតិនៃប្រធានបទ និងការរៀបចំការសម្តែងបែបទំនើបបានធ្វើឱ្យល្ខោនអូប៉េរ៉ានេះទាក់ទាញទស្សនិកជនជាតិ និងអន្តរជាតិដ៏ច្រើនសន្ធឹកសន្ធាប់ម្តងទៀត។
នៅក្នុងការប្រណាំងទូកនាគអន្តរជាតិក្រុងក្វាងចូវដែលរៀបចំនៅខែមិថុនា ឆ្នាំ ២០២៤ នោះ ក្រុមទូកនាគចំនួន ១១១ ក្រុមបានចូលរួមការប្រណាំង ក្នុងនោះមានជនបរទេសជាច្រើនមកពីប្រទេសអាមេរិក កាណាដា ម៉ាឡេស៊ី និងកាហ្សាក់ស្ថាន។ ក្នុងនាមជានាមបណ្ណមួយនៃវប្បធម៌លីងណាន សកម្មភាពទូកនាគបានក្លាយជាច្រកដ៏សំខាន់សម្រាប់ជួយមិត្តបរទេសទទួលយកបទពិសោធន៍ពីទំនៀមទម្លាប់ប្រពៃណីលីងណាន។
អ្វីដែលអាចទាក់ទាញក្រសែភ្នែកពីពិភពលោកទាំងមូលនោះ មិនមែនថាមានតែប្រពៃណីនោះទេ ប៉ុន្តែក៏មានធាតុផ្សំទំនើបៗផងដែរ។ នៅខែសីហា ឆ្នាំ ២០២៤ កម្មវិធី «សប្តាហ៍គំនូរជីវចលអន្តរជាតិស្រុកទឹក លីងណាន” បានបើកសម្ពោធជាផ្លូវការនៅឃុំហុងម៉ីនៃក្រុងតុងគួន។ Laura និង Motor Nuclear ដែលជាម៉ាកប្រដាប់ក្មេងលេងទាន់សម័យរបស់តុងគួន និងម៉ាកអន្តរជាតិដ៏ល្បីល្បាញជាច្រើនដូច Pleasant Goat, Boonie Bears, GG Bond ជាដើម បានបង្ហាញខ្លួនក្នុងកម្មវិធីនេះ និងអាចបង្ហាញពីភាពរស់រវើកនៃប្រដាប់ក្មេងលេងទាន់សម័យ និងគំនូរជីវចលរបស់ប្រទេសចិន។
ក្នុងឱកាសនេះ ក្រុមហ៊ុនល្បីឈ្មោះទាំងក្នុង និងក្រៅប្រទេសដែលមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀត ព្រមទាំងតំបន់ហុងកុង ម៉ាកាវ និងតៃវ៉ាន់ជាដើម បានចែករំលែកបទពិសោធន៍របស់ខ្លួន និងពិគ្រោះពិភាក្សាអំពីនិន្នាការអភិវឌ្ឍន៍ ហើយបានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារពាណិជ្ជកម្មវប្បធម៌របស់ប្រទេសចិន។
សកម្មភាពវប្បធម៌ និងការផ្លាស់ប្តូរផ្នែកវប្បធម៌នៅក្នុងតំបន់ភាគខាងត្បូងខេត្តក្វាងតុងពិតជាមានភាពអស្ចារ្យខ្លាំងណាស់ ដែលបានចាក់បញ្ចូលនូវកម្លាំងចលករថ្មីទៅក្នុងការផ្លាស់ប្តូរ និងការអភិវឌ្ឍនៃវប្បធម៌ចិន និងបរទេស ៕ សហការ
ចែករំលែកព័តមាននេះ