ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ ដោយ​ស្របច្បាប់ តាម​រយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន ​ដែល​បាន​ចុះ​បញ្ជិកា​ជាមួយ​ក្រសួង

1 អាទិត្យ មុន

រាជធានីភ្នំពេញ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ…

រាជធានីភ្នំពេញ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​បំណង​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ​ជា​ពិសេស​ប្រទេស​ថៃ សូម​ទៅ​ធ្វើ​ការងារ​ដោយ​ស្របច្បាប់​តាម​រយៈ​ភ្នាក់ងារ ​ជ្រើសរើស​ពលករ​ឯកជន ​ដែល​បាន​ចុះ​បញ្ជិកា​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​វៈ​ ដោយ​ស្របច្បាប់ ​។

ឯកឧត្តម​រដ្ឋលេខាធិការ​ ក៏​បាន​ធ្វើ​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ខ្មែរ ជៀសវាង​ការ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដោយ​ខុសច្បាប់ តាម​រយៈ​មេខ្យល់ ដែល​គ្មាន​ច្បាប់​គាំពារ​ត្រឹមត្រូវ នាំ​ឲ្យ​បាត់បង់​អត្ថប្រយោជន៍ ឬ​មានការ​រំលោ.ភ​បំពាន​ផ្លូវច្បាប់ ជា​ពិសេស​នោះ​គឺ ​ប្រឈម​នឹង​ការ​ចាប់ខ្លួន ​ពី​សំណាក់​អាជ្ញាធរ​បរទេស​ទៀត​ផង ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋលេខាធិការ​ ស្នើ​ឱ្យ​បងប្អូន​ឈប់​ជា​បន្ទាន់ ​ក្នុង​ការ​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​ ដោយ​ខុសច្បាប់ ​។ ក្នុង​ករណី​មានការ​បបួល ឬ​លួងលោម​ពី​សំណាក់​មេខ្យល់​ ដើម្បី​ចេញ​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់ សូម​រាយការណ៍​ជូន​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់ ​ដើម្បី​មាន​វិធានការ​ច្បាប់​ ចំពោះ​ជនល្មើស​ទាំងនោះ​ ។

ឯកឧត្តម​រដ្ឋលេខាធិការ​ បាន​សង្កត់ធ្ងន់​ថា បច្ចុប្បន្ន​នេះ​នៅ​ប្រទេស​កម្ពុជា ​មាន​តែ​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​ ដែល​បាន​ចុះ​បញ្ជិកា ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​មាន​សិទ្ធិ​បញ្ជូន​ពលករ​ខ្មែរ ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ ដោយ​ស្របច្បាប់​បាន ក្រៅពី​នោះ​គឺជា​ការ​បញ្ជូន​ពលករ​ដោយ​ខុសច្បាប់​ ។ ទន្ទឹម​នេះ អាជ្ញាធរ​ក៏​ព្រមាន​ពី​វិធានការ​ផ្លូវច្បាប់​ យ៉ាង​តឹង​រឹង​ប្រសិនបើ​រក​ឃើញ​ថា មាន​បុគ្គល ឬ​ទីភ្នាក់ងារ​ណាមួយ​ ដែល​បាន​បញ្ជូន​ពលករ​ ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដោយ​ខុសច្បាប់ ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បន្ថែម​ថា ជុំវិញ​ព័​ត៌ុ​មាន​ផ្សេង​ៗ​ ពាក់ព័ន្ធ​នឹង​ការ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​ ដោយ​ស្របច្បាប់ បងប្អូន​អាច​ទាក់ទង​ផ្ទាល់​មក​ក្រសួង ឬ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី ខេត្ត ឬ ទូរ​សព្ទ​មក​លេខ ១២៩៧ ឬ ១២៨៦​ ។

លោក​បណ្ឌិត​ ​យង់​ ​ពៅ​ ​អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ បាន​គាំទ្រ​ទៅ​ដល់​ការ​អំពាវនាវ ​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ ក្នុង​នោះ​ឯកឧត្តម​បណ្ឌិត​ក៏​បាន​លើកទឹកចិត្ត​ ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​មាន​បំណង​ចង់​ធ្វើ​ទៅ​ធ្វើការ​ នៅ​ក្រៅប្រទេស ត្រូវ​មានការ​ស្វែង​យល់​ឱ្យ​បាន​ត្រឹមត្រូវ​ ពី​ក្រុមហ៊ុន​ដែល​បញ្ជូន​នោះ ជៀសវាង​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់ ​។

លោក​បណ្ឌិត​ ​យង់​ ​ពៅ​ ​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖ «​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ​ត្រូវ​ជៀសវាង​ឱ្យ​ផុត​ពី​ការ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ​តាម​រយៈ​មេខ្យល់ ព្រោះ​វា​ជា​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដោយ​ខុសច្បាប់ ​។ កាលណា​យើង​ទៅ​តាម​រយៈ​មេខ្យល់ ​នោះ​យើង​នឹង​មាន​បញ្ហា​ហើយ ដូច​ជា ការ​រំលោ.ភ​បំពាន​កម្លាំង​ពលកម្ម ការ​រំលោ.ភសិទ្ធិ និង​អំពើ​ខុសច្បាប់​ផ្សេង​ៗ​ទៀត​» ​។

បណ្ឌិត​រូប​នេះ​បន្ថែម​ថា ការ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ​តាម​រយៈ​ក្រុមហ៊ុន ​ដែល​បាន​ចុះ​បញ្ជិការ​ជាមួយ​រដ្ឋាភិបាល ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បងប្អូន​ពលករ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ ដូច​ជា ប្រាក់បៀវត្ស​ល្អ ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ​ ពី​និយោជក​បរទេស និង​ទទួល​បាន​ចំណេះ​ជំនាញ​ត្រឹមត្រូវ នៅ​ពេល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​អស់​អាណត្តិ ​។

លោក​បណ្ឌិត​ ​យង់​ ​ពៅ​ ​បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​យន្តការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ជា​និច្ចកាល​តែងតែបាន​អំពាវនាវ និង​ដាក់​ចេញ​នូវ​វិធានការ​ថ្មី​ៗ ដើម្បី​ទប់ស្កាត់​កុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ធ្វើការ​ នៅ​ក្រៅប្រទេស​ដោយ​ខុសច្បាប់ ​។ ជាង​នេះ​ទៅ​ទៀត​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ក្រសួង​ការងារ​តែងតែ​ស្វែងរក​ដៃគូ​ដែល​ជា​ក្រុមហ៊ុន​ជ្រើសរើស​ឯកជន​ដោយ​ស្របច្បាប់ ដើម្បី​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដោយ​ស្របច្បាប់ ​ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ ​។

ទន្ទឹម​នឹង​ការ​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​ ដោយ​ស្របច្បាប់​នេះ​ផង​ដែរ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​មាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) ក៏​តែង​រៀបចំ​ឱកាស​ការងារ​ក្នុងស្រុក​ ជា​ច្រើន​ម៉ឺន​កន្លែង​រៀង​រាល់​ស​ប្តា​ហ៍ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មាន​បំណង​ ធ្វើ​ការងារ​ក្នុង​វិស័យ​សំខាន់​ៗ ដូច​ជា​វិស័យ​ឧស្សាហកម្ម វិស័យ​សេវាកម្ម និង​សេវា​កសិកម្ម​ ៕ អត្ថបទសហការ