តារាកំប្លែងនាយ ពាក់មី បានបង្កើតកម្មវិធីធំមួយនារដូវបុណ្យភ្ជុំបិណ្ឌដោយប្រមូលចាស់ក្មេងនៅក្នុងស្រុករាប់រយនាក់ចូលរួមវេចអន្សមរួមគ្នាចំនួន២០២៤នំ ដើម្បីចែកជូនអ្នកស្រុក ។
សម្រាប់កម្មវិធីខាងលើនេះ នាយ ពាក់មី បានដាក់ការរំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង៥០០នាក់ ខណះពេលការវេចនំនេះនឹងចាប់ផ្តើមនាព្រឹកព្រលឹមនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះដែលចំថ្ងៃបិណ្ឌទី១៣ មុនមួយថ្ងៃនៃបុណ្យភ្ជុំធំចូលមកដល់ ។
ជាមួយនឹងរូបភាពសកម្មភាពក្មេងចាស់រាប់រយនាក់ចូលរួមវេចអន្សមនៅក្នុងគេហដ្ឋានរបស់ខ្លួននាឯខេត្តស្វាយរៀង នាយ ពាក់មី បានភ្ជាប់ជាមួយនឹងសំណេរបង្ហោះនៅលើបណ្តាញសង្គមថា ខ្ញុំបានផ្តល់ស្នាម ញញឹមជូនអ្នកស្រុកខ្ញុំ ចំនួនយាយតាពូមីងបងប្អូនចូលរួម អាចច្រើនជាង500នាក់ 🙏អន្សមជ្រូក ចំនួន2024នំ នឹងចាប់ផ្តើមវិចនៅម៉ោង11ថ្ងៃត្រង់នេះ ។
នាយ ពាក់មី បានលើកឡើងថា គោលបំណងដែលលោកបង្កើតកម្មវិធីនេះឡើង គឺដើម្បីឲ្យអ្នកស្រុករបស់លោក ជាពិសេសគឺចាស់ៗបានមកជួបជុំគ្នាផ្តល់ភាពសប្បារីករាយជាមួយនឹងការវេចនំរួមគ្នានារដូវបុណ្យភ្ជុំបិណ្ឌ ។
លោកបញ្ជាក់ថា ការបង្កើតកម្មវិធីនេះដែលក៏ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ និងចែករំលែកនូវការវេចនំអន្សមទៅដល់ក្មេងៗជំនាន់ក្រោយឲ្យបានដឹង និងចេះវេចនំអន្សមដែលជាប្រពៃណីរបស់ដូនតាខ្មែរយើង ។
លោកថា បច្ចុប្បន្នក្មេង ៗនិងចាស់ៗមួយចំនួនគឺមិនចេះ ឬក៏ចង់ភ្លេចនូវរបៀបវេចនំអន្សមហើយ ដោយសារពួកគាត់អាងទៅលើការទិញពីផ្សារ ខុសប្លែកពីចាស់ៗជំនាន់មុនដែលពួកគាត់តែងតែធ្វើការវេចនំអន្សមនេះជាទៀងទាត់ក្នុងពេលរដូវបុណ្យភ្ជុំបិណ្ឌចូលមកដល់ ។
យ៉ាងណាសកម្មភាពរបស់តារាកំប្លែងនាយ ពាក់ មី នាពេលនេះត្រូវបានមហាជនលើកសសើរ និងគាំទ្រយ៉ាងខ្លាំង ក្នុងពេលដែលសកម្មភាពមួយនេះគឺជាការចូលរួមបំផុសនិងថែរក្សាប្រពៃណីនៃការវេចនំអន្សមរបស់ខ្មែរយើងនារដូវបុណ្យភ្ជុំបិណ្ឌ ។
គួរបញ្ជាក់ថា នំអន្សម ជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនំអន្សម ជារៀងរាល់ឆ្នាំ មិនដែលខានក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ជាពិសេសរដូវបុណ្យភ្ជុំបិណ្ឌ ក្រៅពីពិធីបុណ្យទាំងពីរនេះ នៅក្នុងពិធីមង្គលការក៏គេតែងឃើញមានវេចនំអន្សមផងដែរ។ គេតែងសម្គាល់ឃើញនៅមុនថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ មួយឬពីរថ្ងៃ ប្រជាពលរដ្ឋខ្មែរតែងញាប់ដៃញាប់ជើង ម្នីម្នារៀបចំវេចនំអន្សម ដើម្បីទុកចូលរួមក្នុងឱកាសភ្ជុំបិណ្ឌ។
«អន្សម» តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទគឺ អន្សមចេក អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នួល អន្សមជ្រូក អន្សមដាក់សាច់ជ្រូកជាស្នូល ៕
ចែករំលែកព័តមាននេះ