រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត Phonthakorn Panichkul អ្នកជំនាញផ្នែកវះកាត់ឆ្អឹងនៃមន្ទីរពេទ្យបាងកក ប្រទេសថៃបានលើកឡើងថា មនុស្សចាស់ ដែលមានអាយុច្រើន ចាប់ពី ៦០ ឆ្នាំឡើងទៅ គឺ ៧០ ភាគរយ ទៅ៨០ ភាគរយ ពួកគាត់មានបញ្ហាឆ្អឺងក្បាលជង្គង់ ប៉ុន្ដែក៏មានអ្នកជំងឺ ដែលមានអាយុទាបជាង ៦០ ឆ្នាំ ក៏ជួបនឹងជំងឺឈឺក្បាលជង្គង់នេះផងដែរ ដោយសារតែពួកគាត់មានគីឡូធ្ងន់ ធ្លាប់ជួបឧប្បទ្ទវហេតុ លេងកីឡាដែលធ្វើឱ្យប៉ះពាល់ដល់សរសៃពួរជាដើម ។ ការលើកឡើងរបស់លោកវេជ្ជបណ្ឌិតនេះ ក្នុងសិក្ខាសាលាស្តីអំពី ការ វះកាត់ផ្លាស់ប្តូរក្បាលជង្គង់ ដោយមានជំនួយពីរ៉ូបូត និងការវះកាត់ដាក់ឆ្អឹងដោយការចោះ នាថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ។
លោកវេជ្ជបណ្ឌិត Phonthakorn Panichkul បានគូសបញ្ជាក់ថា បច្ចុប្បន្ន ការវះកាត់ឆ្អឹងក្បាលជង្គង់ គឺធ្វើការវះកាត់បែបទំនើប អ្នកជំងឺទទួលបាននូវស្ដង់ដារដូចនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដូចគ្នា ហើយមិនមានការឈឺចាប់ លឿនរហ័ស និងចំណេញពេលវេលាច្រើនជាងមុន ។ លោកវេជ្ជបណ្ឌិតបានថ្លែងបញ្ជាក់ថា នៅក្រោយពេលដែលវះកាត់រួច អ្នកជំងឺមិនមានការឈឺចាប់នោះទេ និងអាចដើរបានធម្មតា។ លោកវេជ្ជបណ្ឌិតបានបង្ហាញពីមូលហេតុ និងវិធីការពារ ដើម្បីកុំឱ្យមានជំងឺសន្លាក់ក្បាលជង្គង់នេះកើតឡើង ដោយយើងត្រូវទទួលស្គាល់ថា បញ្ហានេះដោយសារតែសភាវៈចុះខ្សោយនៃរាងកាយ ការថែរក្សាគីឡូកុំឱ្យឡើងខ្លាំង និងការប្រើប្រាស់សកម្មភាពផ្សេងៗដោយប្រុងប្រយ័ត្ន ដើម្បីកុំឱ្យមានភាពប្រឈម។ ប៉ុន្ដែដំណាក់កាលបន្ដទៀត យើងត្រូវញាំថ្នាំដើម្បីកាត់បន្ថយភាពសឹករិចរិល និងធ្វើចលនា ដើម្បីសម្រួលសាច់ដុំត្រង់ក្បាលជង្គង់ជាប្រចាំ ។
លោកវេជ្ជបណ្ឌិតបានជម្រាបជូនថា បញ្ហាក្បាលជង្គង់នេះ វាមិនធ្ងន់ធ្ងរទេ ប៉ុន្ដែដោយសារតែរាងកាយរបស់មនុស្សយើងចុះខ្សោយ ហើយបញ្ហាក្បាលជង្គង់នេះវាមិនមែនជាជំងឺនោះទេ ត្រូវសម្របខ្លួនទៅនឹងភាពខ្សោយ និងភាពសឹករិចរិលនេះ។ លោកវេជ្ជបណ្ឌិតបានអះអាងថា៖ «យើងត្រូវសម្រួលទាក់ទងនឹងសកម្មភាពរបស់យើងរាល់ថ្ងៃឱ្យមានភាពស៊ីគ្នាទៅនឹងក្បាលជង្គង់ ហើយបើយើងអាចសម្រួលបានគឺមិនចាំបាច់ព្យាបាលនោះទេ ខណៈយើងធ្វើសកម្មភាពច្រើនជាងនេះ តែបើមិនស៊ីគ្នាទៅនឹងជង្គង់ដែលសឹកហ្នឹង យើងត្រូវគិតគូរពីការព្យាបាល» ។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា ដូច្នេះ បញ្ហានេះយើងមិនត្រូវគួរឱ្យខ្លាយ ឬព្រួយបារម្ភនោះទេ ហើយចំពោះការវះកាត់ គឺមានសុវត្ថិភាព ដែលការវះកាត់នេះវាវិវឌ្ឍន៍មកដល់១០ឆ្នាំ ដោយវាបានឆ្លងកាត់ហានិភ័យខ្ពស់រួចមកហើយ ខណៈក្នុងពេលឥឡូវនេះ មានបច្ចេកវិទ្យាទំនើបដែលអាចកាត់បន្ថយហានិភ័យបានថែមទៀត។ «យើងអាចវះកាត់ដោយប្រើរ៉ូបូត គឺច្បាស់ និងលម្អិតជាង ហើយហានិភ័យ នៃការវះកាត់គឺមានភាគរយតិចតួចបំផុត ។ ម្យ៉ាងទៀត ការវះកាត់គឺអាស្រ័យលើអ្នកជំងឺ ប្រសិនបើរាងកាយគាត់រឹងមាំគឺទទួលការវះកាត់បានល្អ។ ប៉ុន្ដែប្រសិនបើគាត់មានជំងឺប្រចាំកាយ ដូចជាករណីជំងឺលើសឈាម បេះដូង… គាត់ត្រូវទទួលការពិគ្រោះជាមួយវិជ្ជបណ្ឌិតមុននឹងធ្វើការវះកាត់»។ នេះជាការអះអាងបន្ថែមរបស់លោកវេជ្ជបណ្ឌិត Phonthakorn Panichkul ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Kriwut Leumprasert អ្នកជំនាញផ្នែកវះកាត់ឆ្អឹងនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានបញ្ជាក់ឱ្យដឹងថា ការរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងទាក់ទងនឹងការវះកាត់ឆ្អឹងដែលត្រឹមត្រូវ និងរបៀបនៃការការពារ និងថែទាំថាតើត្រូវធ្វើការថែទាំឆ្អឹងយ៉ាងម៉េច ហើយធ្វើយ៉ាងណាដើម្បីឱ្យឆ្អឹងល្អ រឹងមាំ ជាពិសេសពេលធ្វើការវះកាត់ឆ្អឹងបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានសុវត្ថិភាព។ លោកវេជ្ជបណ្ឌិតបានថ្លែងបញ្ជាក់ដែរថា តាមរយៈសិក្ខាសាលានេះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នឹងធ្វើការបង្ហាញពីបច្ចេកវិទ្យាថ្មីក្នុងការវះកាត់ឆ្អឹង តាមរយៈការចោះមុខរបួសតូច មានចេញឈាមតិច និងជាសះស្បើយលឿន ។
លោកវេជ្ជបណ្ឌិត Kriwut Leumprasert បានឱ្យដឹងបន្ថែមថា បច្ចុប្បន្ន មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញមានសម្ភារ និងឧបករណ៍ទំនើបក្នុងការពិនិត្យ និងធ្វើរោគវិនិច្ឆ័យបានលឿន ឆាប់រហ័សពាក់ព័ន្ធនឹងបញ្ហាឆ្អឹង ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត Phonthakorn Panichkul ក៏បានណែនាំដល់ប្រជាជនកម្ពុជាថា ប្រសិនបើមានបញ្ហាក្បាលជង្គង់សឹករិចរិល ឬក៏មានសភាពខ្សោយខ្លាំង អ្នកជំងឺត្រូវតែប្រញាប់មកទទួលការព្យាបាល ហើយបើយើងបណ្ដែតបណ្ដោយទុកយូរទៀត ក្បាលជង្គង់របស់យើងអាចនឹងខុសទ្រង់ទ្រាយ និងកោង ពិបាកក្នុងទទួលការព្យាបាល ហើយប្រសិទ្ធភាពក៏មានការថយចុះ។ លោកវេជ្ជបណ្ឌិតក៏បានសង្កត់ធ្ងន់ថា៖ «បើមានបញ្ហាជង្គង់នេះទុកចោលរយៈពេលយូរ ជង្គង់នឹងឡើងកោងរហូតដល់ថ្នាក់ដើរអត់បាន ត្រូវប្រើរទេះរុញ និងគុណភាពជីវិតរបស់គាត់ត្រូវបាត់បង់ច្រើនឆ្នាំ ហើយបើទុកមិនទទួលការព្យាបាលទេ វានឹងធ្ងន់ធ្ងរទៅៗ» ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ