ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ភ្នំ​ដោះ​ក្រមុំ​»បាន​ក្លាយជា​បូជនីយ៍ដ្ឋាន និង​រម​ណីយដ្ឋាន​ដ៏​ល្អ​ឯកមួយ

2 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ភ្នំ​ដោះ​ក្រមុំ​បាន​ក្លាយជា​បូជនីយ៍ដ្ឋាន និង​រមណីយដ្ឋានដ៏​ល្អ​ឯក​មួយ ​សម្រាប់​ការ​​បន់ស្រន់​របស់​អ្នកស្រុក និង​ជា​កន្លែង​គយគន់​ទេសភាព​ទីរួមខេត្ត​មណ្ឌលគិរី​ដ៏​ស្រស់​ស្អាត ហើយ​បច្ចុប្បន្ន​រាប់​តាំងពី​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​កំពូល​ៗ…

ខេត្តមណ្ឌលគិរី ៖ ភ្នំ​ដោះ​ក្រមុំ​បាន​ក្លាយជា​បូជនីយ៍ដ្ឋាន និង​រមណីយដ្ឋានដ៏​ល្អ​ឯក​មួយ ​សម្រាប់​ការ​​បន់ស្រន់​របស់​អ្នកស្រុក និង​ជា​កន្លែង​គយគន់​ទេសភាព​ទីរួមខេត្ត​មណ្ឌលគិរី​ដ៏​ស្រស់​ស្អាត ហើយ​បច្ចុប្បន្ន​រាប់​តាំងពី​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​កំពូល​ៗ នៅ​ពេល​អញ្ជើញ​ដល់​ទឹកដី​ក្រុង​សែន​មនោ​មរ្យ គឺ​មិន​រំលង​ការ​ចូល​បន់ស្រន់​ឬ​ថតរូប​ទុកជា​អនុស្សាវរីយ៍​ឡើយ​។

ដូនជី​ដែល​អង្គុយ​លក់​ខ្សែ​អំបោះ​ចង់ដៃ​នៅ​ជិត​អាស្រម​លោកតា​ស្រុះ​ភ្នំ​ដោះ​ក្រមុំ​បាន​ឲ្យ​ដឹង​ថា រាល់ថ្ងៃ​មាន​បងប្អូន​អ្នកស្រុក​និង​មក​ពី​ចម្ងាយ តែង​យក​គ្រឿង​ដ​ង្វា​យ​ដូច​ជា ជ្រូក​ខ្វៃ ស្រា​ពាង ផ្លែ​ឈើ ឬ​អ្នកខ្លះ​សន្យា​ថ្វាយ គោដុត កាប់​ក្របី​ក៏​មាន នាំ​យក​ទៅ​ដុត​ធូប​សែន​ជូន​លោកតា គ្មាន​លោះ​មួយ​ថ្ងៃ​ណា​ទេ​ ។​ មិន​ត្រឹម​ប៉ុណ្ណោះ ​ក៏​មាន​អ្នក​ដើរ​លេង​ចូល​ទៅ​កម្សាន្ត​ជា​ហូរហែ​ផង​ដែរ​។

ដូនជី​បាន​បន្ត​ថា មូលហេតុ​ដែល​អ្នកស្រុក​តែង​នាំ​យក​គ្រឿង​ដ​ង្វា​យ​យក​ទៅ​សែន​ជូន​លោកតា ដោយ​គ្មាន​ខ្វល់​ពី​ការ​ចំណាយ​អស់​ច្រើន​ឬ​តិច ព្រោះ​ពួក​គាត់​តែង​ទៅ​បន់ស្រន់​ប្រាថ្នា​ឲ្យ​សម្រេច​បាន​នូវ​កិច្ចការ​ជួញដូរ ឬ​មុខរបរ​នានាឡើងបុណ្យ​ស័ក្តិ បាន​សមប្រកប​ដូច​ចិត្ត ទើប​រៀប​ដ​ង្វា​យ​ជូន​លោកតា​តាម​ក្រោយ​។

ទាក់ទង​នឹង​អបិយ​ជំនឿ​របស់​អ្នកស្រុក​ យោង​តាម​មន្ទីរ​វប្ប​ធ​ម៌ខេត្តមណ្ឌលគិរី​បានឱ្យ​ដឹង​ថា កាល​ពីដើម​ឡើយ មាន​បុរស​ម្នាក់ឈ្មោះ «​ស្រុះ​» បាន​ទៅ​លេង​នៅក្នុង​ពិធី​មួយ​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ ហើយ​បានឃើញ និងចាប់ចិត្ត​ស្រឡាញ់ នារី​ម្នាក់មានឈ្មោះ «​ផ្លំ​» ។ លុះ​ក្រោយមក ​បុរស​ក្រមុំ​មួយគូ​នេះ​ បាន​ក្លាយជា​គូ​ដណ្តឹង​នឹង​គ្នា ។

នៅ​ថ្ងៃមួយ​ នារី​ឈ្មោះ​ផ្លំ បាន​ចូល​ទៅ​ក្នុង​ព្រៃ នៅ​ម្តុំ​ភ្នំ​ដោះ​ក្រមុំ​ដើម្បី​ដងទឹក​ប៉ុន្តែ មិនឃើញ​ទៅ​ផ្ទះ​វិញ​ឡើយ ។ ហេតុការណ៍​នេះ ធ្វើ​ឱ្យ​អ្នកស្រុក និងបុរស ជា​គូ​ដណ្តឹង​ភ័យ​ស្លន់ស្លោ នាំ​គ្នា​ដើរ​រក​ប៉ុន្តែ​រក​មិនឃើញ​ឡើយ ។ លុះ​រំលង​មក​បន្តិច​ប្រមាណ​ជា៣​ខែ គឺ​នៅ​ថ្ងៃមួយ បុរស​ជាគូ​ដណ្តឹង ឈ្មោះ​ស្រុះ បាន​ចូលទៅ​កាន់​ព្រៃ ម្តុំ​បាត់​នារី​ឈ្មោះ ផ្លំ នោះ​ហើយ​បាន​លេច​ចេញ រូបរាង និងសំឡេង​របស់​នាង ផ្លំ នៅ​ក្នុង​ជ្រោះ​ក្បែរ​នោះ ដោយ​ប្រាប់ ឱ្យ​ដឹង​ថា នាង​មិន​ទាន់​ស្លាប់​ទេ គឺ​អ្នក​សច្ចំ នៅ ភ្នំ​ដោះ​ក្រមុំ សុំឱ្យ​នាង​នៅ​ចាំ​ស្រូវ និងផលដំណាំ​អ្នកស្រុក ។

បន្ទាប់​ពី​ប្រាប់​បុរស​ជាគូ​ដណ្ដឹង​ដូច្នេះ​ហើយ​អ្នក សច្ចំ ក៏​ប្រាប់ ឱ្យ​នារី​ជា គូ​ដណ្ដឹង បបួល​បុរស ឈ្មោះ ស្រុះ នៅ​ចាំ​ថែរក្សា​ជាមួយ​គ្នា ។ អ្នកស្រុក​ក្រោយ​ពេល​ដឹង​ថា បាត់​បុរស ឈ្មោះ ស្រុះ ម្នាក់​ទៀត​ក៏​បបួល​គ្នា តាម​ស្វែងរក​ប៉ុន្តែ មិនឃើញ​ដូច​បំណង​ឡើយ ហើយ​ក៏​សន្មត ថា កំលោះ ក្រមុំ មួយគូ​នេះ បាន​ស្លាប់​ទៅហើយ ។

ក្រោយមក លោកតាស្រុះយាយ​ផ្លំ តែងតែ បង្ហាញខ្លួន​ឱ្យ​អ្នក ស្រុក​បានឃើញដោយប្រាប់​ថា ពួក​គាត់​ទាំង​ពីរ​នាក់​មិន​ទាន់​ស្លាប់​ទេ គឺ​ពួក​គាត់​ត្រូវ​ម្ចាស់​ទឹក​ម្ចាស់​ដី​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ ឱ្យ​បន្តវេន​នៅ​ចាំ​ថែរក្សា​ផលដំណាំ និង ប្រជាជន​ក្នុង​តំបន់ ។ ដូច្នេះ​ បើនៅ​ថ្ងៃក្រោយ​មាន បងប្អូន​ណា​ចង់​ជួប ឬ ក៏​មានទុក្ខ​ធុរៈ​ឬ​ជំងឺផ្សេងៗៗ ចូរ​នឹក​ដល់​ពួក​គាត់​គឺ​ពួក​គាត់ នឹង​ជួយ​បាន​ដូច​ប្រាថ្នា ។ តាំងពី​ពេល​នោះ​មក​ជំនឿ​នេះ ក៏​ត្រូវ​បាន​ធ្វើ​ត​ៗ​គ្នា​សម្រាប់អ្នក​រស់​ទីនោះ​រហូត​មក​ដល់​បច្ចុប្បន្ន ។

សូម​បញ្ជាក់​ថា ភ្នំ​ដោះ​ក្រមុំ​ស្ថិត​នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ មាន​ចម្ងាយ​ប្រមាណ​មួយ​ពាន់​ម៉ែត្រ​ ពី​រង្វង់​មូល​គោព្រៃ ដែល​ជា​និមិត្ត​រូបតំណាង​ខេត្តមណ្ឌលគិរី ។​ ភ្នំ​ដោះ​ក្រមុំ​តែង​ទទួល​បាន​ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​អាជ្ញាធរ​នៅ​ទីនោះ​ជា​រៀង​រាល់​ឆ្នាំ​តែង​ប្រារ​ព្ឋ​ពិធី​កាប់​ក្របី​ និង​សំណែន​ផ្សេង​ៗ​ថ្វាយ​ជូន​លោកតា​ស្រុះ​ ដែល​មាន​អាស្រម​លើ​កំពូលភ្នំ ដើម្បី​សុំ​សុខ​សប្បាយ​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ