ក្រុមហ៊ុនដឹកជញ្ជូន Sanxing ដែលមានទីស្នាក់ការនៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន រងការរិះគន់ ក្រោយចេញគោលការណ៍ហាមឃាត់មនុស្សដែលកើតក្នុងឆ្នាំច មិនអោយដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនរបស់។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post ។
រឿងនេះបានសាយភាយពេញបណ្ដាញសង្គម ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន មានការមិនពេញចិត្ត ដោយនិយាយថា តម្រូវការរបស់ក្រុមហ៊ុននេះគឺហួសសម័យ។
កាលពីថ្ងៃទី០២ ខែសីហា បុគ្គលិកនៃក្រុមហ៊ុន Sanxing Transportation បានប្រាប់ទូរទស្សន៍ Hubei ថា មូលហេតុដែលបដិសេធមិនជ្រើសយកបុគ្គលោកដែលកើតក្នុងឆ្នាំច ដោយសារថៅកែក្រុមហ៊ុនកើតក្នុងឆ្នាំរោង។ ពួកគេជឿថា រោងនិងចមិនអាចនៅជាមួយគ្នាបានទេ ព្រោះក្នុងវប្បធម៌ចិន រោងមានធាតុទឹក ខណៈឆ្នាំចមានធាតុភ្លើង ជាលទ្ធផលប្រសិនបើ ធ្វើការជាមួយ នោះពួកគេនឹងមិនចុះសម្រុងនឹងគ្នា មិននាំលាភសំណាងដល់ក្រុមហ៊ុនឡើយ។
នៅលើបណ្ដាញសង្គមមនុស្សជាច្រើនរិះគន់ក្រុមហ៊ុននេះថាជាអបិយជំនឿ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនបាននិយាយថា គំនិតនៃការជ្រើសរើសមនុស្សដោយផ្អែកលើរឿងឆុងឆ្នាំ ឬហុងស៊ុយមិនមែនជារឿងចម្លែកទេនៅក្នុងអាជីវកម្មរបស់ចិន៕
ចែករំលែកព័តមាននេះ