កញ្ញា អ៊ិន លក្ខិណា មកពីទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាអ្នកតំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Cosmo 2024 ដែលនឹងរៀបចំធ្វើនៅប្រទេសវៀតណាម នាពេលខាងមុខនេះ ។ នេះបានតាមការប្រកាសជាផ្លូវការពីផេកហ្វេសប៊ុកផ្លូវការរបស់ Miss COSMO Cambodia 2024 ។
ជាក់ស្តែងនៅលើផេកខាងលើ បានបញ្ជាក់ថា កញ្ញា អ៊ិន លក្ខិណា បានចាប់ផ្តើមអាជីពជាអ្នកហែលទឹក កាលដែលកញ្ញាមានអាយុ១៤ឆ្នាំ។ កញ្ញា អ៊ិន លក្ខិណា មានបទពិសោធន៍ ៤ឆ្នាំ ចូលរួមកម្មវិធីប្រកួតបវរកញ្ញា និងទទួលបានសមិទ្ធិផលជាច្រើន ។
ក្រោយការប្រកាសក្លាយជាបវរកញ្ញាខាងលើ អ៊ិន លក្ខិណា ក៏បានបង្ហោះសារតាមបណ្តាញសង្គមរបស់ខ្លួនថា នាងខ្ញុំនឹងបើកទំព័រជីវិតថ្មីរបស់ខ្ញុំ ដែលនាងខ្ញុំនឹងដើរដោយភាពរឹងមាំ នឹងមោទនៈភាព ក្នុងនាមជាអ្នកតំណាងអោយស្ដ្រីក្នុងប្រទេសកម្ពុជា ។ ជាការកត់សម្គាល់ កញ្ញា អ៊ិន លក្ខិណា គឺជាលំដាប់រងទី២ Miss Grand Cambodia 2023 ខណៈពេលដែលនាងក៏ជាបវរកញ្ញាមួយរូបដែលទទួលការចាប់អារម្មណ៏ពីសំណាក់មហាជនផងដែរ ។
បើទោះបីជានាងធ្លាប់បរាជ័យក្នុងការប្រកួតច្រើនលើកមកហើយក្តី ប៉ុន្តែនាងតែមានការប្តេជ្ញាចិត្ត និងកម្លាំងចិត្ត ដើម្បីដណ្តើមមកុដសារជាថ្មី ។
ពេលនេះក្តីស្រម៉ៃរបស់ អ៊ិន លក្ខិណា បានសម្រេចហើយនៅក្នុងការចូលរួមប្រកួតសម្រស់ជាថ្មីលើឆាកអន្តរជាតិ ខណៈពេលទស្សនិកជនបានដាក់ក្តីរំពឹងថា នាងនឹងអាចទទួលបានជោគជ័យមកជូនជាតិមាតុភូមិ ៕
ចែករំលែកព័តមាននេះ