ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​ ៖ រោងចក្រ ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ អនុវត្ត​លក្ខខណ្ឌ​ការងារ និង​ទំនាក់ទំនង​វិជ្ជាជីវៈ​រវាង​និយោជក​ជាមួយកម្មករនិយោជិត បាន​ល្អ​ប្រសើរ

2 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​ ២៥ ខែកក្កដា ឆ្នាំ ​២០២៤ ​នេះ ថ្នាក់ដឹកនាំ​ចំនួន ​២…

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​ ២៥ ខែកក្កដា ឆ្នាំ ​២០២៤ ​នេះ ថ្នាក់ដឹកនាំ​ចំនួន ​២ ​រូប ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ជួប​សំណេះសំណាល ពិនិត្យ​មើល​ការងារ និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិត និង​ពិភាក្សា​ការងារ​ជាមួយ​តំណាង​និយោជក​រោងចក្រ​ចំនួន​២​ទីតាំង ក្នុង​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ ។​ 

កម្មវិធី​ចុះ​សំណេះសំណាល និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិត​នេះ មាន​រោងចក្រ MINEBEA (CAMBODIA) CO.,LTD. ស្ថិត​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ដឹកនាំ​ដោយ​ឯកឧត្តម កុយ ទេព​ដា​រា​វុ​ធ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, និង​រោងចក្រ SUMI (CAMBODIA) WIRING SYSTEMS CO.,LTD. ដឹកនាំ​ដោយ ឯកឧត្តម មឿ​ន ហុ​ក អនុរដ្ឋលេខាធិការ ​។

នៅ​ក្នុង​ការ​ជួប​ពិភាក្សា​ជាមួយ​តំណាង​និយោជក​រោងចក្រ និង​បានការ​ទទួលទាន​អាហារ​ថ្ងៃត្រង់ ជួប​សំណេះសំណាល​សាកសួរ​ផ្ទាល់​ជាមួយ​បងប្អូន​កម្មករនិយោជិត​នៅ​ក្នុង​រោងចក្រ MINEBEA (CAMBODIA) CO.,LTD. រួច​មក ឯកឧត្តម កុយ ទេព​ដា​រា​វុ​ធ បាន​វាយតម្លៃ​ថា ស្ថានភាព​នៃ​ការ​បំពេញការងារ​របស់​ង​ប្អូន​កម្មករនិយោជិត រួម​និង​ទំនាក់ទំនង​វិជ្ជាជីវៈ​រវាង​និយោជក​និង​កម្មករនិយោជិត​ប្រមាណ​៧ ៧ ៧០០​នាក់ ដែល​កំពុង​បំពេញការងារ​នៅ​ក្នុង​រោងចក្រ MINEBEA (CAMBODIA) CO.,LTD. មាន​ភាពល្អ​ប្រសើរ​ ។

ឯកឧត្តម ថ្លែងអំណរគុណ​ទៅ​ដល់​ម្ចាស់​រោងចក្រ ដែល​បាន​គោរព​តាម​ច្បាប់​ការងារ​យ៉ាង​ខ្ជាប់ខ្ជួន និង​អនុវត្ត​នូវ​ស្តង់ដា​ការងារ​បាន​យ៉ាង​ល្អ ថែម​ទាំង​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ទៅ​តាម​គោល ការណ៍​របស់​រាជរដ្ឋាភិបាល​បាន​កំណត់​ក្នុង​ការ​ផ្តល់​អត្ថប្រយោជន៍​ដល់​បងប្អូន​កម្មករនិយោជិត​ផង​ដែរ ។ ក្នុង​នោះ​ក្រៅពី​ការ​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា ២០៤ ​ដុល្លារ រោងចក្រ​ក៏​ផ្តល់​ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់ ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ ប្រាក់​រង្វាន់​អតីតភាព​ការងារ ប្រាក់​ថែម​ម៉ោង និង​ថ្ងៃ​ឈប់​សម្រាក​ប្រចាំឆ្នាំ ​១៨ ​ថ្ងៃ ​។ ចំពោះ​កម្មការិនី​មានកូន​តូច រោងចក្រ​ក៏​មាន​បន្ទប់​រក្សា​ទុក​ទឹកដោះ​ម្តាយ និង​មាន​ដៃគូ​ទារកដ្ឋាន​ក្បែរ​តំបន់ ដែល​ការ​ចំណាយ​ថ្លៃ​មើលថែ​ទារក​ជា​បន្ទុក​របស់​និយោជក​រោងចក្រ​ ។ បន្ថែម​ពី​នេះ រោងចក្រ​មាន​អាហារ​ដ្ឋា​ន​ចំនួន ២ ​អាគារ សម្រាប់​កម្មករនិយោជិត​ទទួលទាន​អាហារ​ថ្ងៃត្រង់​, មាន​គិលានដ្ឋាន​, អាគារ​ស្នាក់​នៅ​សម្រាប់​កម្មករនិយោជិត​ដែល​ការ​ចំណាយ​ជា​បន្ទុក​របស់​និយោជក ​។

រោងចក្រ MINEBEA (CAMBODIA) CO.,LTD. ជា​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​ម៉ាស៊ីន បង្គុំ​គ្រឿង​អេ​ឡិច​ត្រូ​និក និង​តំឡើង​គ្រឿង​អេ​ឡិច​ត្រូ​និក នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន សិង្ហ​បុរី ហ្វី​លី​ពី​ន វៀតណាម កូរ៉េ អាម៉េរិក អា​លឺ្ល​ម៉​ង់ បារាំង​ ។

ដោយឡែក ក្នុង​ការ​ចុះ​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​និយោជក និង​សាកសួរ​សុខទុក្ខ​ផ្ទាល់​ជាមួយ​បងប្អូន​កម្មករនិយោជិត​ប្រមាណ ៤ ៨០០ ​នាក់ នៅ​រោងចក្រ SUMI (CAMBODIA) WIRING SYSTEMS CO.,LTD. ឯកឧត្តម មឿ​ន ហុ​ក បាន​ពិនិត្យ​ដោយ​ផ្ទាល់​ពី​ដំណើរការ​ផលិតកម្ម​ក្នុង​រោងចក្រ និង​បាន​ទទួលទាន​អាហា​ថ្ងៃត្រង់​ជាមួយ​បងប្អូន​កម្មករនិយោជិត​នៅ​ក្នុង​បរិយាកាស​ដ៏​មាន​ភាព​ស្និទ្ធស្នាល​ ។

ឯកឧត្តម មឿ​ន ហុ​ក បាន​ពិនិត្យ​ឃើញ​ថា ម្ចាស់​រោងចក្រ​បាន​អនុវត្ត​ល​ក្ឌ​ខណ្ឌ​ការងារ រួម​និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​បងប្អូន​កម្មករនិយោជិត​បាន​ត្រឹមត្រូវ និង​លើស​ពី​ច្បាប់​ការងារ​បាន​កំណត់​ទៀត​ផង ​។ ក្នុង​នោះ រោងចក្រ​ផ្តល់​អាហារ​ពីរ​ពេល​ដល់​កម្មករនិយោជិត​, ផ្តល់​កន្លែង​ស្នាក់​នៅ​, ផ្តល់​ប្រាក់​ឈ្នួល​តាម​ច្បាប់​ប្រកាស​, ប្រាក់​រង្វាន់​ធ្វើ​ទៀងទាត់​១០​ដុល្លារ​ក្នុង​មួយ​ខែ​, ប្រាក់​រង្វាន់​អតីតភាព​ការងារ​, និង​សោហ៊ុយ​ធ្វើ​ដំណើរ​អនុវត្ត​តាម​ប្រកាស​, ជាដើម​ ។

គួរ​បញ្ជាក់​ថា ការ​ចុះ​សួរសុខទុក្ខ​បងប្អូន​កម្មករនិយោជិត​ដោយ​ផ្ទាល់​នៅ​តាម​រោងចក្រ​នេះ គឺជា​ការ​គិតគូរ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​ ៧ ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​លើ​បងប្អូន​កម្មករនិយោជិត​នៅ​តាម​រោងចក្រ សហគ្រាស​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ធ្វើ​យ៉ាងណា​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិត​ស្និត​រវាង​រដ្ឋាភិបាល ជាមួយ​បណ្តា​ម្ចាស់​រោងចក្រ សហគ្រាស ជា​ពិសេស​នោះ​គឺ​សុខទុក្ខ​របស់​បងប្អូន​កម្មករនិយោជិត​ដែល​រដ្ឋាភិបាល​តែងតែ​គិតគូរ​ជា​និច្ច​ ៕ អត្ថបទសហការ