ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Yalong​ស្វែងរក​កិច្ចសហការ​ ដើម្បី​បង្កើន​ផលិតភាពការងារ​តាម​រយៈ​ការ​បំពាក់​បច្ចេកវិទ្យា​ទំនើប​ លើការ​បណ្តុះបណ្តាល​ជំនាញ

2 ខែ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​ ២៤ ខែកក្កដា…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​ ២៤ ខែកក្កដា ឆ្នាំ ​២០២៤ មក​នេះ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក Chen JiQuan ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd ដើម្បី​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​បណ្តុះបណ្តាល និង​កសាង​ធនធានមនុស្ស​កម្ពុជា​លើ​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ក្នុង​បរិបទ​បច្ចេកវិទ្យា​ទំនើប​ ដើម្បី​ផលិត​ធនធានមនុស្ស​កម្ពុជា​ឱ្យ​មាន​ផលិតភាព​ការងារ​ខ្ពស់​ដែល​ជា​ផ្នែក​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​មក​កម្ពុជា ​។

ក្នុង​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​នៃ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដោយ​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ ដើម្បី​ឱ្យ​ពលរដ្ឋ​កម្ពុជា មាន​ជំនាញ​ជាក់លាក់​ពិតប្រាកដ និង​ស្រប​ទៅ​តា​មកា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​ដែល​ជា​គន្លឹះ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ផលិតភាព​នៃ​កម្លាំង​ពលកម្ម​កម្ពុជា​ក្នុង​ទីផ្សារ និង​ជា​ការ​ប្រែក្លាយ​ឱ្យ​កម្ពុជា​ក្លាយជា​គោល ដៅ​ដ៏​ទាក់ទាញ​នៃ​ការ​វិនិយោគ​បន្ថែម​ទៀត​ពី​សំណាក់​វិនិយោគិន​បរទេស​ ។

សម្រាប់​ឯកឧត្តម​រដ្ឋមន្ត្រី ដើម្បី​ចូលរួម​ក្នុង​ការ​សម្រេច​ទិស​ដៅ​ដ៏​ពិសិដ្ឋ​នេះ ការ​បំពាក់​បច្ចេកវិទ្យា​ទំនើប​នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស គឺជា​កិច្ចការ​ចាំបាច់​ដែល​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​ជាមួយ​ដៃគូ​ពី​វិស័យ​ឯកជន​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ធានា​ពី​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ដែល​នឹង​ឆ្លើយ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​។

ជាមួយ​គ្នា​នេះ លោក Chen JiQuan ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Yalong ក៏​បាន​គាំទ្រ​ចំពោះ​ឆន្ទៈ​នៃ​ការ​ធ្វើ​ទំនើប​កម្ម​របស់​ក្រសួង​ការងារ​ ដើម្បី​បង្កើន​ផលិតភាព​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​ស្រប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ដែល​ផ្សារ​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ដែល​ជា​គន្លឹះ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ ។

យ៉ាងណា​ក៏​ដោយ ដើម្បី​ឈាន​ដល់​កិច្ចសហការ​ជា​ផ្លែផ្កា ភាគី​ទាំង​ពីរ​បាន​ឯកភាព​ក្នុង​ការ​សិក្សា និង​ស្វែង​យល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​ដើម្បី​ជំរុញ​លើ​ការ​ពង្រឹងសមត្ថភាព​លើ​ការ​កសាង​ធនធានមនុស្ស​កម្ពុជា​ឱ្យ​មាន​ផលិតភាព​កាន់តែ​ខ្ពស់​តាម​រយៈ​បច្ចេកវិទ្យា​ទំនើប ​៕ អត្ថបទសហការ