ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុយពីប្រទេសផ្សេង! តំបន់ទាំងនេះ ផ្ទុះការតវ៉ាប្រឆាំងនឹងចំនួនភ្ញៀវទេសចរច្រើនហួសហេតុ

3 ខែ មុន

ប្រទេសអេស្ប៉ាញ ៖ បាតុករប្រហែល២ម៉ឺននាក់ បានដើរតាមដងផ្លូវនៃទីក្រុងប៉ាលម៉ា (Palma)

ប្រទេសអេស្ប៉ាញ ៖ បាតុករប្រហែល២ម៉ឺននាក់ បានដើរតាមដងផ្លូវនៃទីក្រុងប៉ាលម៉ា (Palma) នៃកោះម៉ាល័រកា (Mallorca) ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់មហាបាតុកម្មប្រឆាំងចំនួនភ្ញៀវទេសចរច្រើនហួសហេតុ ដោយបានទាមទារការផ្លាស់ប្តូរគំរូទេសចរណ៍បច្ចុប្បន្ន ដែលពួកគេបានអះអាងថាកំពុងបង្កគ្រោះថ្នាក់ដល់ប្រជុំកោះរបស់ប្រទេសអេស្ប៉ាញ នៅសមុទ្រមេឌីទែរ៉ាណេ។

ប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា ក្រុមអ្នកតវ៉ាបាននាំគ្នាដើរកាន់បដាពាក្យស្លោកថា «តោះផ្លាស់ប្តូរទិសដៅ និងកំណត់ដែនកំណត់លើទេសចរណ៍»។ ពាក្យស្លោកផ្សេងទៀតបានរំលេចថា «ភាពប្រណីតរបស់អ្នក ជាភាពវេទនារបស់យើង» ហើយបដាខ្លះទៀតលើកឡើងថា «នេះមិនមែនជាការភ័យខ្លាចផ្នែកទេសចរណ៍នោះទេ ប៉ុន្តែវាគឺជាចំនួនអ្នកស្រុក១,២៣២,០១៤នាក់ និងចំនួនភ្ញៀវទេសចរ១៨លាននាក់»។ ក្រុមអ្នកតវ៉ាបានបង្កើតទង់ និងបដាពណ៌ភ្លឺផ្លេកជាច្រើន អំឡុងពេលដើរបង្ហែរតាមដងផ្លូវ ហើយនេះក៏ជាចំនួនអ្នកតវ៉ាច្រើនបំផុតមិនធ្លាប់មានក្នុងទីក្រុង ដែលពាក់ព័ន្ធនឹងរលកនៃការតវ៉ាប្រឆាំងវិធានការទេសចរណ៍ដ៏ធំក្នុងប្រទេសអេស្ប៉ាញ។

ការតវ៉ាត្រូវបានផ្តួចផ្តើមដោយអង្គការ និងក្រុមសង្គមស៊ីវិលប្រហែល ៨០ ដែលចង់ឱ្យមានការកំណត់លើចំនួនអ្នកទេសចរហួសហេតុនៅក្នុងប្រជុំកោះនៃកោះបាឡេរីក (Balearic) ដែលមានកោះសំខាន់ៗ៣គឺ ម៉ាល័រកា (Mallorca), មេន័រកា (Menorca) និងកោះអ៊ីប៊ីហ្សា (Ibiza) ។ គំរូទេសចរណ៍បច្ចុប្បន្នបានពង្រីកសេវាសាធារណៈដល់ចំណុចដាច់ដោយឡែក ដែលប៉ះពាល់ដល់ធនធានធម្មជាតិ និងធ្វើឱ្យលទ្ធភាពទទួលបានលំនៅដ្ឋានក្នុងស្រុកកាន់តែពិបាក។

អ្នករៀបចំបានអះអាងថា មនុស្ស៥ម៉ឺននាក់បានចូលរួមការតវ៉ា ប៉ុន្តែប៉ូលិសបានប៉ាន់ប្រមាណថាមានអ្នកចូលរួម២ម៉ឺននាក់។ ចំណែកគណៈប្រតិភូរដ្ឋាភិបាលកណ្តាលនៅប្រជុំកោះបានអះអាងថាមានចំនួនត្រឹមតែ១២.០០០នាក់ប៉ុណ្ណោះ។

កាលពីឆ្នាំមុន អ្នកទេសចរចំនួន១៧.៨លាននាក់ បានទៅកម្សាន្តនៅប្រជុំកោះនៃកោះបាឡេរីកពីអេស្ប៉ាញដីគោក និងក្រៅប្រទេស ហើយតួលេខត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់នៅឆ្នាំនេះ។ បាតុកម្មកាលពីពេលថ្មីៗនេះ បានធ្វើឡើងក្រោយមានការតវ៉ាទ្រង់ទ្រាយធំផ្សេងទៀតទូទាំងកោះសំខាន់ៗ៣ខាងលើ កាលពីចុងខែឧសភាកន្លងទៅ ដែលក្នុងនោះអ្នកតវ៉ារាប់ពាន់នាក់បានដើរដង្ហែរតាមដងផ្លូវ ដើម្បីទាមទារឱ្យមានវិធានការរឹតបន្តឹងទេសចរណ៍លើសចំណុះ ក្រោមពាក្យស្លោកថា «កោះរបស់យើង មិនសម្រាប់លក់»។

លោក Jose Maria Ezquiaga ស្ថាបត្យករ និងអ្នកជំនាញផ្នែករៀបចំទីក្រុងបានប្រាប់ទូរទស្សន៍អេស្ប៉ាញ TVE ថា «តាមទស្សនៈជាក់ស្តែង វាគឺជាសកម្មភាពសេដ្ឋកិច្ចស្របច្បាប់។ ប៉ុន្តែជាសកម្ម​ភាពសេដ្ឋកិច្ចបែបនេះ ទីបំផុតគួរតែត្រូវបានគ្រប់គ្រងតាមរបៀបដូចគ្នានឹងការគ្រប់គ្រងសណ្ឋា​គារដែរ។ ផ្ទះជួលសម្រាប់ភ្ញៀវទេសចរគួរតែទាមទារការយល់ព្រមពីសមាគមអ្នកស្រុក។ ហើយគួរតែជាម្ចាស់អចលនទ្រព្យក្នុងស្រុកដែលកំណត់ថា តើទម្រង់ជាក់លាក់អាចទទួលយកបានឬ​អត់?»។

ដោយឡែក លោក Manuel de la Calle អ្នកជំនាញក្នុងវិស័យទេសចរណ៍ និងធុរកិច្ចបានលើកឡើងថា ការដាក់ពន្ធទេសចរណ៍អាចជាផ្នែកមួយនៃដំណោះស្រាយក្នុងចំណោមដំណោះស្រាយដែលអាចធ្វើទៅបាន ដែលអាចដាក់ឱ្យដំណើរការ។ ហើយនោះនឹងមិនកាត់បន្ថយលំហូរនៃភ្ញៀវទេសចរនោះទេ ប៉ុន្តែនឹងបង្កើតធនធានដែលអាចជំរុញទៅក្នុងការគ្រប់គ្រងទេសចរណ៍ ឬមធ្យោបាយផ្សេងទៀត ដើម្បី​ជួយប្រជាជនក្នុងតំបន់៕ (ប្រភព ៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ