តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានសម្តែងការអបអរសាទរ និងរីករាយចំពោះការរកដំណោះស្រាយបញ្ចប់ជម្លោះដោយសន្តិវិធី រវាងតារាជើងចាស់គឺអ្នកនាង ម៉ែង កែវពេជ្ជតា និងអ្នកនាង ចន ចន្ទលក្ខិណា ពីសំណាក់ប្រធានសមាគមសិល្បករខ្មែរ ខណៈពេលដែលលោកចាត់ទុកសកម្មភាពនេះ គឺជាគំរូល្អសម្រាប់លោក និងអ្នកសិល្បៈជំនាន់ក្រោយ ។
តារាចម្រៀងរូបនេះ បានបញ្ចេញសំណេរបង្ហោះតាមគណនីហ្វេសប៊ុករបស់ខ្លួនថា ក្នុងនាម ជាសិល្បករខ្មែរមួយរូប ខ្ញុំបាទខេមរៈ សិរីមន្ត ពិតជារំភើបខ្លាំងណាស់ ពេលឃើញបងៗទាំងពីរបានទទួលយកការអធ្យាស្រ័យគ្នា រួបរួមគ្នាឡើងវិញ នេះជាគំរូល្អខ្លាំងណាស់សំរាប់ប្អូនៗ និងសូមអរគុណចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដែលបានជួយសំរួលដល់ពួកគាត់ទាំងពីរបានជួបគ្នាវិញ ស្រលាញ់គ្នាវិញ ក្នុងនាមជាបងជាប្អូនសិល្បៈករខ្មែរ🙏🏻 »។
ជាការកត់សម្កាល់ មិនមែនតែតារាចម្រៀងលោក ខេមរៈ សិរីមន្ត ម្នាក់ទេ ដែលបានការបញ្ចេញសារចូលរួមអបអរសាទរ ជុំវិញការផ្សះផ្សារពីជម្លោះរវាងតារាស្រីទាំងពីរខាងលើនេះ ពោលមានអ្នកសិល្បៈជាបន្តបន្ទាប់ និងមហាជនជាច្រើនក៏បានចូលរួមអបអសាទរចំពោះរឿងនេះដូចគ្នា ។
គួរបញ្ជាក់ថា ជម្លោះដ៏ក្តៅគគុក ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ រវាងសិល្បករតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា និងតារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានផ្សះផ្សាជានាគ្នា ក្រោមការសម្របសម្រួលពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដែលបានធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ។
ភាគីទាំងពីរបានព្រមព្រៀងគ្នាចរចាបញ្ចប់ជម្លោះដ៏តានតឹងទាំងប៉ុន្មាន និងងាកមកចាប់ដៃគ្នា ធ្វើការងារជាប្រយោជន៍ដើម្បីជាតិមាតុភូមិ ជាពិសេស ការងារក្នុងវិស័យសិល្បៈដ៏ល្អផូរផង់របស់កម្ពុជា ។
យោងទៅតាមកិច្ចព្រមព្រៀងបញ្ចប់រឿងបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ភាគីទាំងពីរយល់ព្រមបញ្ចប់ជម្លោះដោយផ្ទាល់ ឬប្រយោលណាមួយ ទាំងនៅលើបណ្តាញសង្គម ឬតាមមធ្យោបាយផ្សេងៗទៀត។
ក្នុងនាមថ្នាក់ដឹកនាំសមគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានសម្តែងការកោតសរសើរចំពោះស្មារតីចូលរួមរបស់សិល្បករទាំងពីររូបនេះ ខណៈពេលលោកជំទាវរំពឹងថា ចាប់តាំងពីពេលនេះតទៅ អនាគតសង្គមសិល្បខ្មែរនឹងពោរពេញដោយភាពស្ងប់ស្ងាត់ ក្នុងស្មារតីយោគយល់អធ្យាស្រ័យគ្នា ប្រកបដោយការរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ ៕
ចែករំលែកព័តមាននេះ