រាជធានីភ្នំពេញ ៖ ស្ថិតិនៃការមកដល់របស់ទេសចរបរទេសនៅឆមាសទីមួយកើនឡើង គួរឱ្យកត់សំគាល់ ប៉ុន្តែនៅពេលប៉ាន់ប្រមាណសម្រាប់ពេញមួយឆ្នាំ អ្នកជំនាញហាក់នៅ ស្រពិចស្រពិល ។ ដោយសារតែស្ថានភាពការផ្លាស់ប្តូរបរិបទសកល កត្តាប្រឈមមួយចំនួន បានជះឥទ្ធិពលដល់ការងើបឡើងវិញសម្រាប់វិស័យទេសចរណ៍កម្ពុជា ។ អ្នកជំនាញផ្នែក ទេសចរណ៍ប្រមើរមើលថា ស្ថានភាពទេសចរណ៍សម្រាប់ចុងឆ្នាំ ២០២៤ នេះនៅមិនទាន់ ល្អប្រសើរនៅឡើយទេ ។
អ្នកជំនាញទេសចរណ៍មួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ឆមាសទីមួយ ឃើញកើនឡើង ដោយសារតវាចំពេលរដូវទេសចរមកច្រើន តែនៅឆមាសទី ២ នេះចំពេល រដូវភ្ញៀវធ្លាក់ ដូច្នេះវាពិតជាស្រពិចស្រពិល ។ ម្យ៉ាងវិញទៀត ប្រទេសយើង ប្រទេសគេខំដូច គ្នា តែគេដើរមុនយើងមួយជំហាន ដោយឡែកយើងទើបតែប្រជុំគ្នា ។ លោកបានបញ្ជាក់ថា «វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អីគេដាក់គោលនយោបាយ និងអនុវត្តគគ្រឹកគគ្រេង ហើយប៉ុន្តែយើងនៅមិនទាន់នៅឡើយ» ។
ពាក់ព័ន្ធនឹងស្ថានភាពនេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា និង ជាអ្នកដែលប្រកបរបរនេះប្រហែលជាជាង ២ ទស្សវត្សរ៍នោះបានឱ្យដឹងថា នៅក្នុងស្ថាន ភាពបែបនេះកម្ពុជាចាំបាច់ត្រូវប្រឈម និងមានការងារច្រើនដែលត្រូវធ្វើ ។ លោក ហូ វណ្ឌី បានឱ្យកម្មវិធីលុយ នៃសារព័ត៌មាន កោះសនិ្តភាព ដឹងថា «យើងឃើញ ហើយថា យើងមិនសូវធ្វើបានល្អទេចំពោះការងារសព្វថ្ងៃ ពាក់ព័ន្ធជាមួយការផ្សព្វផ្សាយ ទេសចរណ៍នៅក្នុងស្រុកយើង ព្រោះយើងត្រូវការបង្គុំច្រើន ត្រូវការសេវាកម្មមួយចំនួនទៀត ជាមួយនិងផលិតផលទេសចរណ៍មួយចំនួនទៀត ប៉ុន្តែយើងជឿជាក់ រាជរដ្ឋាភិបាល តាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ថានឹងធ្វើឱ្យមានការផ្លាស់ប្តូរក្នុងវិស័យទេសចរណ៍ ។ យើងជឿជាក់ថា ថ្នាក់ដឹកនាំជំនាញ ស្ថាប័នជំនាញ ក្រសួងជំនាញ នឹងយកទៅធ្វើការកែតម្រូវ ។
លោក ហូ វណ្ឌី បន្តថា វិស័យទេសចរណ៍ដែលជាឧស្សាហកម្មគ្មានផ្សែង គឺជាប្រភព ដ៏សំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែក្រោយការថមថយនៃការរីករាលដាល ជំងឺកូវីដ ១៩ វិស័យទេសចរណ៍របស់កម្ពុជា ហាក់នៅតែដើរយឺតជាងប្រទេសក្នុងតំបន់មួយ ចំនួន ទោះបីកម្ពុជាបានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយបន្ថែមទៀត នៅខេត្តសៀមរាបក្ដី ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចេណ៍បានឱ្យដឹងថា ក្នុងរយៈពេលឆមាស ទី ១ ដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង ២,៦ លាននាក់ កើនឡើង ប្រមណជា ២២ ភាគរយ ។ ក្នុងនោះភ្ញៀវទេសចរជនជាតិថៃចំនួន ៧៧០.៣៧១ នាក់ វៀតណាម ចំនួន ៥២៨.២៥២ នាក់ និងទេសចរជនជាតិចិនចំនួន ៣២៦.០០៣ នាក់ ។ ប្រទេសផ្សេងទៀតដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោម ទីផ្សារទេសចរណ៍កំពូលទាំង ដប់សម្រាប់ប្រទេសកម្ពុជា ក្នុងអំឡុងពេលនោះរួមមានប្រទេសឡាវ សហរដ្ឋអាមេរិក កូរ៉េ ឥណ្ឌូនេស៊ី បារាំង ចក្រភពអង់គ្លេស និងប្រទេសជប៉ុន ៕
ចែករំលែកព័តមាននេះ