រាជធានីភ្នំពេញ៖ តារាចម្រៀងអ្នកនាង គឹម សុគន្ធា បានបង្កើតកម្មវិធីប្រឡងចម្រៀងមរតកដើមតាមបណ្តាញសង្គមរបស់ខ្លួន ខណៈពេលកម្មវិធីរបស់នាងមួយនេះក៏បានទទួលការចាប់អារម្មណ៍ និងគាំទ្រច្រើនពីមហាជននៅទូទាំងប្រទេសផងដែរ ។
ដ្បិតឃ្លាតពីសិល្បៈ និងខកខានមិនបានឡើងច្រៀងតាមបណ្តាស្ថានីយទូរទស្សន៍នានាអស់ជាច្រើនឆ្នាំមកនេះក៏ដោយ ប៉ុន្តែតារាចម្រៀងសំនៀងក្រអួនក្រអៅអ្នកនាង គឹម សុគន្ធា ក៏មិនបានទៅណាឆ្ងាយពីអាជីពសិល្បៈនេះឡើយ ពោលជារឿយៗ អ្នកនាងតែងតែបង្ហើរសំនៀងបង្ហោះតាមបណ្តាញសង្គមជាបន្តបន្ទាប់ ។
ជាក់ស្តែង អ្នកនាងក៏បានបង្កើតកម្មវិធីប្រឡងចម្រៀងបែបមរតកដើមតាមផេកហ្វេសប៊ុករបស់ខ្លួនផងដែរ ក្នុងពេលកម្មវិធីរបស់នាងនាពេលនេះ ក៏ឃើញមានការចូលរួមពីសំណាក់បេក្ខជនទាំងចាស់ និងក្មេងនៅទូទាំងប្រទេសបានចូលរួម ហើយក៏មានការគាំទ្រពីមហាជនផងដែរ ។
អ្នកនាង គឹម សុគន្ធា បានលើកឡើងថា ការប្រឡងចម្រៀងនេះ គឺនឹងបានជ្រើសរើសបេក្ខជន បេក្ខនារីចំនួន៣នាក់ប៉ុណ្ណោះ សម្រាប់ជាប់ជ័យលាភី គឺពីលេខ១ ដល់លេខ៣ ខណៈពេលដែលការជ្រើសរើស និងវាយតម្លៃគឺធ្វើឡើងតាមរយៈទស្សនិកជន ។
នាងបញ្ជាក់ថា ការប្រឡងនេះធ្វើឡើងរយៈពេល១ឆ្នាំពេញ ហើយការប្រកាសលទ្ធផលគឺនៅបំណាច់ឆ្នាំ២០២៥ ហើយអ្នកបានជ័យលាភីលេខ១នឹងទទួលបានថវិកាចំនួន១ពាន់ដុល្លារ ។
គួរបញ្ជាក់ថា អ្នកនាង គឹម សុគន្ធា គឺជាអតីតម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រឡងចម្រៀងថ្នាក់ជាតិកាលពីឆ្នាំ១៩៩៥ ដោយអ្នកនាងគឺជាបេក្ខនារីមកពីខេត្តកំពង់ចាម ។ ក្រោយជាប់ជ័យលាភីខាងលើនេះ កេរ្តិ៍ឈ្មោះរបស់អ្នកនាងបានល្បីសុះសាយ និងត្រូវបានទស្សនិកជនទទួលស្គាល់ពីទឹកដមសម្លេងរបស់នាង ។
យ៉ាងណា អស់ពេលជាច្រើនឆ្នាំមកនេះ អ្នកនាង គឹម សុគន្ធា បានបាត់វត្តមានសូន្យឈឹងពីវិស័យចម្រៀងនេះ ដោយគេមិនបានឃើញអ្នកនាងឡើងច្រៀងតាមបណ្តាស្ថានីយទូរទស្សនានាដូចពេលមុនឡើយ ។ ប៉ុន្តែក្រោយបាត់វត្តមាននេះ គេបានឃើញរូបនាងងាកមកចាប់អាជីពស្មូតវិញ ដោយជារឿយៗគេតែងតែឃើញអ្នកនាងបង្ហោះរូបភាពតាមបណ្តាញសង្គមបង្ហាញពីសកម្មភាពចូលរួមស្មូតតាមកម្មវិធីធំៗតាមវត្តអារាម ក្នុងពេលដែលអាជីពមួយនេះក៏បានធ្វើឲ្យនាងមានភាពមមាញឹកផងដែរ ៕
ចែករំលែកព័តមាននេះ