រាជធានីភ្នំពេញ ៖ កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហើបពីការគម្រោងរៀបចំការប្រគំតន្ត្រីដ៏ធំមួយ Solo Concert សម្រាប់ប្រិយមិត្តគាំទ្រ បន្ទាប់ពីនាងបានខកខានមិនបានចេញមុខច្រៀងសម្តែងតាមឆាកតន្ត្រីនានាមួយរយៈដោយសំងំសម្រាលកូនទីពីរ ។
យ៉ាងណា ក្រោយពីកូនទីពីររបស់ខ្លួនកាន់តែវិវឌ្ឍន៍ធំធាត់រឹងដៃរឹងជើងបន្តិចហើយនោះ ឱក សុគន្ធកញ្ញា ក៏បានចាប់ផ្តើមទទួលការសិល្បៈជាបណ្តើរៗឡើងវិញ ដោយនៅក្នុងនោះ នាងបាន
បង្ហើបពីគម្រោងរៀបចំការប្រគំតន្ត្រីដ៏ធំមួយនាពេលខាងមុខផងដែរ ។
អ្នកនាង ឱក សុគ្ធកញ្ញា បានលើកឡើងតាមបណ្តាញសង្គមថា ម្នាក់នេះខានចេញខនសឺតយូរនឹកម្នាក់នេះអត់🥹? ឧបមាថានឹងមាន Solo Concert តើបងប្អូននឹងមកចូលរួមស្រែកច្រៀងជាមួយម្នាក់នេះអត់? សាកខមិនម្នាក់មួយមើល ម្នាក់នេះចង់ដឹង ។
ការប្រកាសខាងលើនេះ បានធ្វើឲ្យទស្សនិកជន ជាពិសេស បណ្តាអ្នកគាំទ្ររូបនាងជាច្រើនបានសម្តែងការរីករាយ និងគាំទ្រ ដ្បិតពួកគេបានទន្ទឹងរងចាំវត្តមានរបស់កំពូលតារាចម្រៀងរូបនេះវិលមកឆាកតន្ត្រីជាថ្មីឡើងវិញ ក្រោយខកខានមួយរយៈ ។
ជាការកត់សម្គាល់តារាចម្រៀងក្នុងផលិតកម្មហង្សមាសអ្នកនាង ឱក សុគ្ធកញ្ញា បានសម្រេចផ្អឹបការងារសិល្បៈរបស់ខ្លួនមួយរយះធំ ដោយនាងត្រូវសំងំមើលថែសុខភាពខ្លួន និងការសម្រាលកូនទីពីររបស់នាង ។
ចាប់តាំងពីមានកូនទីពីរនោះ មកការងាររបស់តារាចម្រៀងរូបនេះ ហាក់មានការធ្លាក់ចុះខ្លាំង ដោយនាងក៏មិនមានបទចម្រៀងល្បីណាមួយ ដើម្បីជាកាដូសម្រាប់អ្នកគាំទ្រខ្លួនដែរ សូម្បីតែឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។
ទោះជាយ៉ាងណា នាពេលនេះ ឱក សុគន្ធកញ្ញា បានប្រកាសពីការវិលត្រឡប់មកវិញ ហើយត្រៀមនឹងទទួលការងារថ្មី ខណៈពេលដែលនាងក៏បានប្រឹងថែទាំសុខភាព ជាពិសេស ការសម្រកគីឡូដើម្បីបានរាងស្អាតស្រឡប់មកវិញ ។
គួរបញ្ជាក់ថា តារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោក អ៊ឹង សុខលី ដែលជាប្អូនប្រុសបង្កើតរបសលោក អ៊ឹង ឆៃងួន ថៅកែក្រុមហ៊ុនហង្សមាសកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅឯសណ្ឋាគារសុខាភ្នំពេញ ។
ក្រោយចំណងអាពាហ៍ពិពាហ៍អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ឱក សុគន្ធកញ្ញា និងស្វាមី បានទទួលចំណងដៃកូនប្រុសចំនួន២នាក់ហើយ ខណះពេលដែលតារារូបនេះក៏ធ្លាប់បង្ហើបចង់បានកូនទី៣បន្ថែមទៀត ដោយសារតែនាងចង់បានកូនស្រីតាមបំណងប្រាថ្នារបស់ខ្លួន ៕
ចែករំលែកព័តមាននេះ