រាជធានីភ្នំពេញ ៖ កាលពីសម័យអតីតកាលរទះគោជាយានសម្រាប់ដឹកជញ្ជូន និងបម្រើវិស័យកសិកម្មដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ តែសម័យកាលនេះ រទេះគោនានាបានប្រែក្លាយជាគ្រឿងសម្រាប់លម្អគេហដ្ឋាន ភោជនីយដ្ឋាន និងទីកន្លែងនានាទៅវិញ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/3dc7ef78df603b4f011ec04c8df7b1e9.jpg)
អ្នកធ្លាប់ប្រើប្រាស់រទេះកង់ឈើខ្លះលើកឡើងថា មិនចាំបាច់ពីសម័យបុរាណទេ គឺត្រឹម អំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ រទេះគោហាក់មានតម្លៃមិនចាញ់អ្នកមានម៉ូតូ ឡាន ថ្មី ១ គ្រឿង នៅពេលបច្ចុប្បន្ននេះទេ ។ ប៉ុន្តែឥឡូវនេះរទេះគោទាំងនោះ បានក្លាយទៅជារបស់ចាស់ៗ ប្រើប្រាស់លែងកើត ហើយបានត្រឹមតែគេប្រើប្រាស់សម្រាប់ដាក់តាំងលម្អ ។
លោក សៅ ពិសិដ្ឋ អ្នកប្រមូលទិញ និងលក់រទេះគោចាស់ៗ បានឱ្យដឹងថា មួយរយៈចុងក្រោយនេះមានអតិថិជនជាច្រើនសួររកទិញកាន់តែច្រើនឡើងៗដោយថា អ្នកទិញវត្ថុទាំងនេះភាគច្រើនជាម្ចាស់ភោជនីយដ្ឋាន ឬហាងលក់ទំនិញជាដើម ។ លោក សៅ ពិសិដ្ឋ បានឱ្យកម្មវិធីលុយ នៃសារព័ត៌មានកោះសន្តិភាពដឹងថា ឥឡូវនេះ គេនិយមទិញបំផុត គឺកង់រទេះគោចាស់ៗនេះតែម្តង ដោយមានតម្លៃពីមួយគូ ៨០ ទៅ ៨៥ ដុល្លារ ហើយបើទិញរទេះទាំងមូល គឺច្រើនជាងនេះ ប៉ុន្តែមិនសូវមានអ្នកទិញទាំងមូលទេ ។ លោកបន្តថា «កង់ទាំងអស់នេះ ភាគច្រើនគេយកទៅធ្វើរបង ហើយអ្នកខ្លះក៏គេយកទៅដេគ័រ (decor) ប្រភេទហាងកាហ្វេ ឬកន្លែងផឹកស៊ីអីហ្នឹង» ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/c3f156d0fac4e3494bd400e98870d553.jpg)
ដោយឡែក ជាងជួសជុល និងដំឡើងរទេះលោក យឿន សុខរស្មី បានបញ្ជាក់ថា បច្ចុប្បន្ន រទេះគោដែលបានទិញមក មានតែគ្រឿងបំណែកផ្សេងៗពីគ្នាដូចជាកង់, ព្រែកត្រង់, ព្រែកងទូក, និងនឹមជាដើម តែត្រូវយកមកឆ្លាក់ជ្រៀកតម្រូវសិន ទើបដំឡើងផ្គុំគ្នា បានជា រទេះ ។ បន្ទាប់មក រទេះណាដែលជាប្រភេទឈើល្អ ត្រូវកែច្នៃដំឡើងចង្កំ ជន្ទោល ខ្សែទាម បន្ថែមទៀត ឯតម្លៃក៏ត្រូវលក់ទៅតាមសាច់ឈើផងដែរ ។ រទេះ ១គ្រឿងត្រូវចំណាយពេលធ្វើពី ២ ទៅ៣ថ្ងៃទើបដំឡើងរួច ដោយតម្លៃពលកម្មបាន១៥ ម៉ឺនរៀល ។
លោក បន្តថាបច្ចុប្បន្ននេះគាត់មានការពិបាកក្នុងការប្រមូលទិញគ្រឿងរទេះចាស់ៗ ដើម្បី យកមកដំឡើងថ្មីណាស់ ព្រោះតែរកទិញរទេះចាស់ៗ លែងចង់បានទៅហើយ នៅក្នុង ខេត្តកំពង់ឆ្នាំងនេះរទេះគោមួយគ្រឿងៗ ដែលគាត់ដំឡើងរួចលក់ក្នុងតម្លៃចាប់ពី ៤០០ ដុល្លារ រហូតទៅដល់ ១.២០០ ដុល្លារ ទៅតាមប្រភេទឈើមានធ្នង់ នាងនួន និងសុក្រំជាដើម ក្រៅពី នោះរទេះថ្លៃៗត្រូវមានការបំពាក់គ្រឿងលម្អ ដូចជាចង្កំតាមនឹម និងតាមជន្ទោល បន្ថែមផងដែរ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/45d9b5221aaad8d657658ab89036117f.jpg)
ចំពោះតម្លៃចាប់ពី១.០០០ ដុល្លារឡើង មានបន្ថែមនូវនង្គ័ល១ គ្រឿង រនាស់១ គ្រឿងក្រៅពីនោះមានបន្ថែមនៅមានទ្រូ ឈ្នាង អង្រុត ចង្អេ កញ្ជើ មួកស្លឹកត្នោត និងបំពង់ឫស្សីផងដែរ ដើម្បីឱ្យអតិថិជនយកទៅដាក់តាំងលើរទេះ ដើម្បីលម្អនូវសោភ័ណភាពបន្ថែម ។ រទេះគោ គឺជាយានជំនិះម្យ៉ាងដែលមានតាំងពីបុរាណកាលមក ដោយដូនតាខ្មែរជំនាន់ដើម បានផលិតរទេះគោ ដើម្បីបម្រើឱ្យវិស័យកសិកម្ម ក្នុងការដឹកជញ្ជូនស្រូវ និងដឹកទំនិញផ្សេងៗគ្រប់ប្រភេទ ។ រទេះគោក៏ត្រូវបានដូនតាជំនាន់ដើមធ្វើជាយានជំនិះក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ឬសម្រាប់ដឹកនង្គ័ល រនាស់ ទៅធ្វើស្រែ ។
បច្ចុប្បន្ន រទេះគោ ឬរទេះក្របី ត្រូវបានប្រជាពលរដ្ឋបោះបង់ចោលស្ទើរតែទាំងស្រុងទៅហើយ ដោយងាកមកប្រើគោយន្តកន្ត្រៃជំនួសវិញ ។ សម្រាប់អាជីវករ ដែលប្រមូលរទេះចាស់ៗមកដំឡើងថ្មីបែបនេះ ប្រៀបបានពួកគាត់កំពុងជួយថែរក្សា និងអភិរក្សនូវរទេះបុរាណរបស់ដូនតាខ្មែរយើងទុកសម្រាប់ក្មេងជំនាន់ក្រោយឱ្យស្គាល់នូវរទេះបុរាណ ដែលត្រង់ណាគេហៅថា នឹម ព្រែកង ព្រែកត្រង់ ខ្សែទាម ជន្ទោល ជ្រៀមក្បាលក្រពើ ដុំរទេះ កាំកង់ កាំនឹម ចម្រឹង ភ្លៅរទេះ ទូក ខ្នងកង់ ខ្សែជន្ទោល ។ល។
បើតាមសៀវភៅប្រវត្តិសាស្ត្រ បានបញ្ជាក់ថា រទេះគោក៏ជាសម្ភារប្រើប្រាស់ដែលខ្មែរយើងប្រើតាមឥណ្ឌាតាំងពីសតវត្សរ៍ទី ១ នៃគ.ស គឺក្នុងសម័យនគរភ្នំមកម្ល៉េះ ។ នៅក្នុងបុរេអង្គរ និងអង្គររទេះគោខ្មែរបានដើរតួនាទីយ៉ាងសំខាន់សម្រាប់វិស័យសង្គមកិច្ច និងជំនឿ សាសនាផងដែរ ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/69736ccaf1aa8059c05a8caeaa203dd4.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/65a1fd7bf882be5146c3824537496301.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/3c2fcba1cfee5d289b66cb3a7e01ddb4.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/3ed8c37c7f85c022866f6ffb59cea558.jpg)
ចែករំលែកព័តមាននេះ