ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ប្រាប់​ពលរដ្ឋ​បី​ចំណុច​កុំឲ្យ​ទិញ​ដី ​និង​ផ្ទះ​មាន​បញ្ហា

9 ខែ មុន

នៅ​ក្នុង​ខណៈ​ពេល​ដែល​គម្រោង​អភិ​វ​ឌ្ឈ​ន៍​អចលនទ្រព្យ​មួយ​ចំនួន​បាន​ដួល​រលំ ហើយ មួយ​ចំនួន​កំពុង​តែ​ជាប់​គាំង និង​មួយ​ចំនួន​ពលរដ្ឋ​កំពុង​រិះគន់​ខ្លាំង​ៗ​នោះ អ្នកជំនាញ​បាន​បង្ហើប​ខ្លះ​ៗ​នូវ​គន្លឹះ​នៅ​ក្នុង​ការ​បន្ត​ធ្វើ​ជំនួញ​លើ​អចលនទ្រព្យ​ដើម្បី​គេច​ពី​បញ្ហា ។ លោក ស៊ន សៀ​ប ប្រធាន​សមា​គ​អ្នក​វាយតម្លៃ…

នៅ​ក្នុង​ខណៈ​ពេល​ដែល​គម្រោង​អភិ​វ​ឌ្ឈ​ន៍​អចលនទ្រព្យ​មួយ​ចំនួន​បាន​ដួល​រលំ ហើយ មួយ​ចំនួន​កំពុង​តែ​ជាប់​គាំង និង​មួយ​ចំនួន​ពលរដ្ឋ​កំពុង​រិះគន់​ខ្លាំង​ៗ​នោះ អ្នកជំនាញ​បាន​បង្ហើប​ខ្លះ​ៗ​នូវ​គន្លឹះ​នៅ​ក្នុង​ការ​បន្ត​ធ្វើ​ជំនួញ​លើ​អចលនទ្រព្យ​ដើម្បី​គេច​ពី​បញ្ហា ។

លោក ស៊ន សៀ​ប ប្រធាន​សមា​គ​អ្នក​វាយតម្លៃ និង​ភា្ន​ក់​ងារ​អចលនទ្រព្យ​កម្ពុជា បាន​ថ្លែង នៅ​កិច្ច​ពិភាក្សា​តុមូល​ស្តី​ពី​ស្ថានភាព​សេដ្ឋកិច្ច និង​អចល​ទ្រព្យ​កម្ពុជា​ឆ្នាំ​២០២២៤​ថា វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​ចែក​ចេញ​ជា​៤​ធំ​ៗ និង​អនុ​វិស័យ​មួយ ដែល​ក្នុង​នោះ​រួម​មាន​បុរី ខុន​ដូរ អចលនទ្រព្យ​ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង​ដី​ឡូ​ត៌ ។ លោក ស៊ន សៀ​ប បន្ត​ថា «​ដើម្បី​ទិញ​ហើយ​មិនសូវ​មាន​ហានិភ័យ គឺ​យើង​ទិញ​ហើយ​បានទ្រព្យ​ទិញ​ហើយ​អត់​ជាប់​រឿង ទិញ​ហើយ​អត់​គាំង អាច​ទៅ​នៅ​បាន និង​អាច​ជួល​បាន​អាច​លក់​បាន​» ។

លោក ស៊ន សៀ​ប បន្ថែម​ថា លក្ខណៈ​នៃ​ការ​ទិញ​អចលនទ្រព្យ​ដែល​ល្អ​ត្រូវ​ឈរ​លើ លក្ខខណ្ឌ​៣ ។ ទី​១ ទីតាំង​ដែល​មាន​ផ្លូវ​គមនាគមន៍​គ្រប់គ្រាន់ នៅ​ជិត​សាលារៀន ទីផ្សារ មន្ទីរពេទ្យ មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជួយ​ជំរុញ​អោយ​មានដំណើរ​ការ​សេដ្ឋកិច្ច នៅ​ថ្ងៃ​អនាគត ។ ទី​២ សុវត្ថិភាព​ផ្នែក​ច្បាប់​ពី​មេធាវី និង​មន្ត្រី​រដ្ឋាភិបាល​ដែល​ជា​អ្នកជំនាញ​ផ្នែក​កម្មសិទ្ធិ ហើយ​ទី​៣ គឺ​តម្លៃ​ល្អ​ៗ ។

លោក ស៊ន សៀ​ប បន្ត​ថា «​គម្រោង​អចលនទ្រព្យ​ដែល​ល្អ ជា​ប្រភេទ​ដែល​អាច​រស់នៅ​បាន​ដែល​ជួល​បាន ។ ដី​ដែល​មិន​អាច​ធ្វើ​អ្វីមួយ​បាន​នោះ គឺ​បច្ចុប្បន្ន​គ្មាន​ទីផ្សារ​ទេ ពេល​ខ្លះ​ចុះ​ដល់​៥០​ភាគរយ​ក៏​មិន​មាន​អ្នកទិញ​ដែរ ហើយ​ទោះជា​តម្លៃ​ក្រោម​នេះ​ទៀត​ក៏​អត់​មាន​អ្នកទិញ​ដែរ ព្រោះ​មិនដឹង​ថា យក​លុយ​ទៅ​ទុក​ចោល​នៅ​កន្លែង​នោះ​ធ្វើ​អី ។ តែ​ប្រសិនបើ​អចលនទ្រព្យ​ល្អ​ដែល​អាច​ទិញ​ហើយ មាន​ចំណូល​ជួល​បាន ទិញ​ហើយ​អាច​បន្ត​ធ្វើ គាំង​មួយ​រយៈ​ហើយ យើង​បន្ត​ធ្វើ​ទៅ​បាន​ចំណូល​វិញ​បាន​នោះ​វា​មាន​ទីផ្សារ​» ។ លោក ស៊ន សៀ​ប បន្ថែម​ថា អចលនទ្រព្យ​ឡើង ឬ​ចុះ​ទៅ​តាម​សេដ្ឋកិច្ចជាតិ បើសិនជា​សេដ្ឋកិច្ចជាតិ​កើនឡើង​នោះ​អចលនទ្រព្យ​ក៏​កើន​ដូច​គ្នា ។ ប៉ុន្តែ​ប្រសិនបើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​នោះ​វិស័យ​អចលនទ្រព្យ​ក៏​ធ្លាក់​ចុះ​ដូច​គ្នា ។

ដោយឡែក លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​បាន​ថ្លែង​ថា នៅ​ឆ្នាំ​២០១៩ សន្ទុះ​នៃ​សេដ្ឋកិច្ច កម្ពុជា​កើនឡើង​ខ្លាំង ដោយសារ​វិស័យ​អចលនទ្រព្យ និង​លំហូរ​ហិ​រញ្ញា​វត្ថុ​ចូល​មក​ខេត្ត​ព្រះ​សីហ​នុ​ច្រើន ។ លំហូរ​នេះ​បាន​បង្កើត​ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​យើង​យ៉ាងច្រើន​បាន​ចាប់​យក​ឱកាស​នៅ​ពេល​នោះ​បាន​ច្រើន ប៉ុន្តែ​អ្វី​ដែល​រារាំង​នូវ​ជាប់​គាំង​អចលនទ្រព្យ​នេះ គឺ​ការ​ផ្អាក​នូវ​អាជីវកម្ម ហ្គេ​ម​អន​ឡាញ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ធ្វើ​អោយ​គាំង​នូវ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ ។ ដូច្នេះ​វា​មាន​ទំនាក់ទំនង​គ្នា​តាំងពី​ពេល​នោះ​មក អ្នក​ដែល​រក​របរជំនួញ​លើ​វិស័យ អចលនទ្រព្យ​មួយ​ចំនួន​បាន​លូកដៃ​កាន់តែ​ធំ​ឡើង​ៗ ។

លោក​បាន​បញ្ជាក់​ថា «​នៅ​ពេល​ដែល​ជាប់​គាំង​វា​ធ្វើ​អោយ​ពួក​គាត់​គាំង​ហិរញ្ញវត្ថុ​គាត់​ទាំងអស់ ហើយ​ការ​គាំ​ហិ​រញ្ញា​វត្ថុ​ទាំង​អស់នេះ វា​ឈាន​មក​ដល់​វិបត្តិ​កូ​វី​ដ​១៩ ឆ្នាំ​២០២០ ហើយ​ត្រូវ​អរគុណ​កូ​វី​ដដែល​ធ្វើ​អោយ​អចលនទ្រព្យ​របស់​យើង មើលទៅ​ល្អ តែ​តាម​ពិត​វា​គាំង​តាំងពី​ពេល​នោះ​មក (២០១៩) ។ ម្នាក់​ៗ​រង់ចាំ ដែល​យើង​រង​ចាំ​សកម្មភាព​នោះ យើង​ចាប់ផ្តើម​យក​លុយ​សន្សំ​មក​ចាយ ។ លុយ​យើង​សន្សំ​ចំណេញ​ដី​២០១៩ មក​ចាយ​បណ្តើរ​ៗ ២០២០ ដល់ ២០២១ យើង​ក៏​នៅ​តែ​ចាយប្រាក់​សន្សំ ដល់​២០២២ អស់​កូ​វី​ដ​យើង​អស់ប្រាក់​សន្សំ​ចាយ​ៗ​យើង​បង្កើត​មុខរបរ​អត់​ចេញ​» ។

យោង​តាម​របាយការណ៍​ចុង​ក្រោយ របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា វិស័យ​សំណង់​មាន​កំណើន​ទាប​ត្រឹម​១,១ ភាគរយ​ធៀប​នឹង​០,៥ ភាគរយ​នៅ​ឆ្នាំ ២០២២ ដែល​គាំទ្រ​ដោយ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដូច​ជា ផ្លូវ​ល្បឿន​លឿន​ស្ពាន និង​អាកាសយានដ្ឋាន​ជាដើម ។ ការ​នាំ​ចូល​សម្ភារ និង​បរិក្ខារ​សំណង់​បាន​កើន​៤,៧ ភាគរយ ។ ផ្ទៃក្រឡា និង​តម្លៃ​គម្រោង​សំណង់​ដែល​ទទួល​បានការ​អនុម័ត​បាន​កើនឡើង ១​ដង ជា​ពិសេស​គម្រោង​សំណង់​លំនៅ​ឋាន និង​សំណង់​សាធារណៈ ខណៈ​ចំនួន​គម្រោង​សំណង់​សរុប​បាន​ថយ​ចុះ ២០,៥​ភាគរយ ។

ចំណែក​វិស័យ​អចលនទ្រព្យ​បន្ត​កើនឡើង​ទាប​ត្រឹម​០,៥ ភាគរយ​ធៀប​នឹង ០,២ ភាគរយ​នៅ​ឆ្នាំ​២០២២ ។ សកម្មភាព​លក់​លំនៅ​ឋាន ដែល​មានផ្ទះ​ល្វែង វីឡា​ភ្លោះ និង​ទោល​បាន​ថយ​ចុះ ៤៩,៧ ភាគរយ ខណៈ​ការ​លក់​ខុន​ដូ​កើន​២ ភាគរយ ។ ស​ន្ទ​ស្សន៍​ថ្លៃ​លំនៅ​ឋាន (RPPI) ថយ​ចុះ ២,៤ ភាគរយ​ដែល​ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​ថយ​ចុះ​៣,២ ភាគរយ និង​នៅ​តាម​បណ្តា​ខេត្ត​បាន​កើនឡើង​៣,២ ភាគរយ ៕ ដោយៈ ស នី​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ