ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពិតទាំង៥ អំពីផ្ទះតម្លៃជាង២ពាន់លានដុល្លារ របស់មហាសេដ្ឋីមានបំផុតនៅអាស៊ី

9 ខែ មុន

ប្រទេសឥណ្ឌា ៖ មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតប្រចាំទ្វីបអាស៊ី

ប្រទេសឥណ្ឌា ៖ មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតប្រចាំទ្វីបអាស៊ី ដែលកាលពីពេលថ្មីៗនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងពិភពលោក តាមរយៈការរៀបចំពិធីបុរេអាពាហ៍ពិពាហ៍ ឬ Pre-Wedding ដ៏ប្រណិតរបស់កូនប្រុសពៅលោក ដោយបានចំណាយរហូតដល់ ១៥២លានដុល្លារអាម៉េរិកនោះ គឺជាម្ចាស់វិមានទំហំ ៤,៥៣២ម៉ែត្រការ៉េ ស្ថិតនៅរដ្ឋធានីម៉ុមបៃ ដែលល្បីល្បាញថា គឺជាអគារលំនៅដ្ឋានឯកជនដ៏ប្រណីតបំផុតរបស់ពិភពលោក។

តើវិមានរបស់មហាសេដ្ឋី Mukesh Ambani មានតម្លៃប៉ុន្មាន?
«Antilia» គឺជាឈ្មោះអគារលំនៅដ្ឋានរបស់លោក Mukesh Ambani និងក្រុមគ្រួសាររបស់លោក ឈរនៅលំដាប់ថ្នាក់តំបន់ ដែលសម្គាល់ដោយទំហំដ៏ធំ និងស្ថាបត្យកម្មដ៏ទាក់ទាញរបស់វា។ Antilia ត្រូវបានគេលើកឡើងជាញឹកញាប់ថា គឺជាអចលនទ្រព្យដែលមានតម្លៃថ្លៃបំផុតទី២របស់ពិភពលោក ឈរនៅពីក្រោមវិមាន Buckingham នៅចក្រភពអង់គ្លេសតែប៉ុណ្ណោះ។ អគារ Antilia មានតម្លៃជាង២ពាន់លានដុល្លារអាម៉េរិក ដែលជាវិមានទំហំ ៤,៥៣២ម៉ែត្រការ៉េ កម្ពស់ ២៧ជាន់ និងសាងសង់ជាពិសេស ដើម្បីទប់ទល់នឹងការរញ្ជួយដីកម្រិត ៨.០រ៉ិចទ័រ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ។

តើអគារ Antilia ស្ថិតនៅឯណា?
«Antilia» ដែលមានទំហំ ៤,៥៣២ម៉ែត្រការ៉េ មានទីតាំងក្នុងតំបន់ដ៏មានតម្លៃថ្លៃបំផុតមួយរបស់ពិភពលោក ដែលត្រូវបានស្គាល់ថា គឺជាបណ្តុំមហាសេដ្ឋីរបស់ទីក្រុងម៉ុមបៃ ស្ថិតនៅផ្លូវ Altamount ដែលជាវិថីដ៏មានកិត្យានុភាព ហើយបណ្តាបុគ្គលមានបំផុតរបស់ឥណ្ឌាជាច្រើននាក់ រាប់ចាប់ពីមហាសេដ្ឋីឧស្សាហកម្ម, អ្នកបណ្តាក់ទុនរហូតដល់តារាសម្តែងបូលីវូដ ក៏កំពុងរស់នៅក្នុងតំបន់នោះផងដែរ។

តើអគារ Antilia មានអ្វីខ្លះ?
អគារ Antilia មានរោងកុន៥០កៅអី កន្លែងស្ប៉ា និងក្លិបសុខភាពដ៏ទូលំទូលាយ រួមជាមួយនឹងកន្លែងចុះចតឧទ្ធម្ភាគចក្រចំនួន ៣។ លើសពីនេះទៅទៀត កន្លែងទទួលភ្ញៀវត្រូវបានបំពាក់ដោយជណ្តើរយន្តចំនួន ៩ ហើយកន្លែងចតរថយន្តអាចផ្ទុករថយន្តបានរហូតដល់ ១៦៨គ្រឿង ដូចដែលបានរៀបរាប់លម្អិតដោយគេហទំព៍័រ Business Insider ។

យោងតាមទស្សនាវដ្តី Vogue India ក្នុងឆ្នាំ ២០២០ បានរំលេចការប្រមូលសិល្បៈដ៏ប្រណិតនៅក្នុងគេហដ្ឋានរបស់លោក Mukesh Ambani ដែលបង្ហាញស្នាដៃដោយវិចិត្រករឥណ្ឌាសម័យទំនើបដ៏ល្បីល្បាញ Francis Newton Souza និងជាងចម្លាក់ «Love» ដ៏ល្បីល្បាញ លោក Robert Indiana ។
តើអ្វីទៅដែលបានបំផុសគំនិតការរចនារបស់អគារ Antilia?

គេហដ្ឋានរបស់លោក Mukesh Ambani ត្រូវបានសាងសង់នៅចន្លោះឆ្នាំ ២០០៦ នដល់ឆ្នាំ ២០១០ ហើយការរចនាទាក់ទាញការបំផុសគំនិតពីកោះទេវកថា នៅឯមហាសមុទ្រអាត្លង់ទិច ដោយបង្កប់នូវប្រធានបទ និងធាតុជាមួយនឹងទាក់ទងនឹងផ្កាឈូក និងព្រះអាទិត្យ។ គំនិតស្ថាបត្យកម្មសង្កត់ធ្ងន់លើភាពស្រស់ស្អាត និងសារសំខាន់នៃនិមិត្តសញ្ញាធម្មជាតិទាំងនេះ ដោយរួមបញ្ចូលពាសពេញនៃរចនាសម្ព័ន្ធ។

ជាន់ខាងលើទាំង ៦ របស់ Antilia ត្រូវបានឧទ្ទិសដល់លំនៅឋានឯកជនសម្រាប់គ្រួសារ Ambani ខណៈពេលដែលជាន់អគារផ្សេងទៀត មានបំពាក់នូវគ្រឿងបរិក្ខារប្រណិតៗជាច្រើន រួមមានកន្លែងប្រាសាទសក្ការៈ ហាងកែសម្ផស្ស ហាងការ៉េម និងរោងកុនឯកជន។

Antilia គឺមិនមែនគ្រាន់តែជាអគារលំនៅដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែ Antilia គឺជាកន្លែងសម្គាល់មួយនៅក្នុងតំបន់ក្បែរនោះ ដែលល្បីខាងរៀបចំពិធីជប់លៀងយ៉ាងខ្ជះខ្ជាយ ដោយមានការចូលរួមដោយតារាល្បីៗទាំងជាតិ និងអន្តរជាតិ។ កេរ្តិ៍ឈ្មោះនេះបានធ្វើឱ្យ Antilia ក្លាយជាកន្លែងចាប់អារម្មណ៍សម្រាប់អ្នកក្នុងស្រុក និងភ្ញៀវទេសចរ ដែលភាគច្រើនប្រមូលផ្តុំគ្នានៅខាងក្រៅអគារដោយសង្ឃឹមថា នឹងបានឃើញភ្ញៀវល្បីៗលំដាប់ពិភពលោកទាំងនោះ។

តើបុគ្គលិកប៉ុន្មាននាក់បម្រើការនៅអគារ Antilia?
ចំនួនពិតប្រាកដនៃអ្នកបម្រើការពេញម៉ោងនៅអគារ Antilia នៅតែមិនច្បាស់លាស់ ប៉ុន្តែប្រភពពីគេហទំព័រ Huffington Post បានរាយការណ៍ថា Antilia មានបុគ្គលិកចំនួន ៦០០នាក់ ដោយផ្តោតលើការការពារ ការថែទាំ និងការសម្អាតទ្រព្យសម្បត្តិនៅជុំវិញទាំងក្រៅ និងក្នុងអគារដ៏ប្រណីតនេះ។

គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២៤ ទស្សនាវដ្ដីពាណិជ្ជកម្មអាម៉េរិក Forbes បានចុះបញ្ជីទ្រព្យសម្បត្តិរបស់លោក Mukesh Ambani ចំនួន ១១៧ពាន់លានដុល្លារ ដែលធ្វើឱ្យលោកក្លាយជាបុគ្គលមានបំផុតនៅអាស៊ី និងមហាសេដ្ឋីលំដាប់ទី៩ របស់ពិភពលោក៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ