រាជធានីភ្នំពេញ៖ ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រុមហ៊ុនបច្ចេកវិទ្យាHuawei ប្រចាំនៅប្រទេសកម្ពុជាដែលដឹកនាំដោយលោក YAO Yuya នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei Technologies ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ ដែលបានបណ្តុះបណ្តាលសិក្ខាកាមកម្ពុជាប្រមាណ១០០០នាក់ជារៀងរាល់ឆ្នាំលើការបណ្តុះបណ្តាលបច្ចេកវិទ្យា និងការផ្តល់អាហាររូបករណ៍ដល់និស្សិតខ្មែរលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យានេះ គឺជាតម្រូវការចាំបាច់ ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្អែកលើបច្ចេកវិទ្យា ដើម្បីជាផ្នែកមួយជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់ភាគីក្រុមហ៊ុនឱ្យដឹងថា តម្រូវការកម្លាំងក្នុងទីផ្សារនាពេលបច្ចុប្បន្ន ទាមទារឱ្យមានជំនាញបច្ចេកវិទ្យាអមជាមួយនឹងជំនាញវិជ្ជាជីវៈ ដើម្បីធានាបានការដែលមានកម្រៃខ្ពស់ និងសមរម្យ ដែលមានប្រៀបក្នុងការប្រកួតប្រជែង ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនពិចារណាក្នុងការពង្រីកិច្ចសហការប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយបន្ថែម ដើម្បីផ្តល់ឱកាសដល់ពលរដ្ឋខ្មែរបានសិក្សាពីបច្ចេកវិទ្យា និងក្រេបជញ្ជក់ចំណេះដឹង ក្នុងពង្រឹងសមត្ថភាពដើម្បីក្លាយជាកម្លាំងសកម្ម ក្នុងទីផ្សារការងារដែលកំពុងប្រកួតប្រជែង ។
ជាការឆ្លើយតប ភាគីក្រុមហ៊ុន ក៏បានបញ្ជាក់ពីជំហរក្នុងការបន្ត និងពិចារណាលើការពង្រីកកិច្ចសហការជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ