ខេត្តស្ទឹងត្រែង ៖ សត្វក្អែកទឹក, ស្មោញ, សត្វចំកំកស និងស្លាបជាច្រើនប្រភេទទៀតបានបង្ហាញវត្តមាន តាមដងទន្លេមេគង្គលើ នៅតំបន់កោះលន-កោះព្នៅ-កោះពាង និងកោះទន្សាយ ដែលពពួកសត្វទាំងនេះជាសក្តានុពលមួយតម្រូវឱ្យអភិរក្សសម្រាប់ធ្វើជាចំណីចក្ខុរបស់ភ្ញៀវទេសចរនារដូវប្រាំងនេះ ។
ក្នុងឱកាសចុះល្បាតអភិរក្សសត្វស្លាបនៅតាមតំបន់រ៉ាមសារ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤ នេះ លោកឈន ឆន អនុប្រធានការិយាល័យអភិរក្សធនធានធម្មជាតិនៃមន្ទីរបរិស្ថានខេត្តបានបញ្ជាក់ថា ពពួកសត្វទាំងអស់នេះ ជាសម្បត្តិជាតិរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយវាមករស់នៅតំបន់នេះ តែក្នុងរដូវប្រាំងពេលទឹកទន្លេស្រកចុះ សំបូរត្រីល្អិតជាចំណី លុះដល់ខែវស្សាវាបានវិលទៅរស់នៅតំបន់ទន្លេសាបវិញ ។ នេះបើតាមការសង្កេតជារៀងរាល់ឆ្នាំកន្លងមក ។
លោកបន្តថា បរិមាណសត្វស្លាបដ៏ច្រើននេះ ជាសមិទ្ធផលមួយបានទាក់ទាញភ្ញៀវទេសចរមកទស្សនាជាហូរហែ ហើយបងប្អូនយើងនៅតំបន់នេះ សូមបង្កើនការចូលរួមអភិរក្សទាំងអស់គ្នា ។
លោកលី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យបានបញ្ជាក់ដែរថា គោលការណ៍ខាងលើនេះ អាជ្ញាធរស្រុកបានណែនាំទៅបងប្អូនពលរដ្ឋជារឿយៗមកហើយ គឺធ្វើយ៉ាងណាឱ្យពួកគាត់ចៀសវាងការបរបាញ់ ដាក់អន្ទាក់ ពាក់មង ហើយចេះស្រឡាញ់និងនាំគ្នាការពារសម្បត្តិធនធានរបស់ខ្លួនវិញ ។
លោកបន្តថា នៅតំបន់យើងនេះ សម្បូរទាំងសត្វស្លាបគ្រប់ប្រភេទ និងត្រីមេពូជដែលកំពុងរស់នៅក្នុងអន្លង់ជ្រៅៗ ជាមួយនេះដែរ ក្នុងនាម ជាអាជ្ញាធរ សូមសំណូមពរ បងប្អូនប្រជាពលរដ្ឋ ប្រជាសហគមន៍ប្រជាអ្នកនេសាទ ដែលរស់នៅតំបន់នោះ ឱ្យថែរក្សាពពួកសត្វស្លាបទាំងអស់នោះ ដើម្បីទាក់ទាញភ្ញៀវទេសចររបស់យើងឱ្យចូលក្នុងតំបន់រ៉ាមសារតែម្ដង ដើម្បីទស្សនាព្រៃលិចទឹក សត្វស្លាប និងធនធាន ផ្សេងៗទៀត ព្រោះតំបន់របស់យើងមានសក្តានុពលជាតំបន់ទេសចរណ៍ធម្មជាតិ ។
លោកយេន មី តំណាងឱ្យប្រជាពលរដ្ឋនៅស្រុកបុរីអូរស្វាយសែនជ័យបានបញ្ជាក់ថា៖ បច្ចុប្បន្នប្រជានេសាទបានចូលរួមអនុវត្តហើយ ព្រោះពួកគាត់មានសង្ឃឹមទៅលើភ្ញៀវទេសចរមកទស្សានាអាចរកបានប្រាក់ចំណូលតាមរយៈសេវាកម្មទូកដឹកជញ្ជូនភ្ញៀវទស្សនាសត្វស្លាប ។
លោកបន្តថា សមាជិកអេកូទេសចរណ៍បានត្រៀមលក្ខណៈស្វាគមន៍ភ្ញៀវទេសចរ ដោយបានរៀបចំជាសេវាកម្មទូកឱ្យមានសុវត្ថិភាព-ផ្ទះស្នាក់នៅមានបរិយាកាសល្អ-កន្លែងបោះតង់កម្សាន្តសប្បាយនិងអាហារដ្ឋានបែបធម្មជាតិផងដែរ ។
សូមបញ្ជាក់ថា នៅតំបន់រ៉ាមសារពពួកសត្វក្អែកទឹក ស្មោញនិងស្លាបផ្សេងៗទៀតមានវត្តមានច្រើននៅរដូវប្រាំង អំណោយផល សម្រាប់បម្រើដល់ការទស្សនារបស់ភ្ញៀវទេសចរ ទើបអាជ្ញាធរមូលដ្ឋាន និងមន្ត្រីផ្នែកបរិស្ថាន បានកំណត់តំបន់ដែនសុវត្ថិភាព ហាមចូលធ្វើនេសាទនិងបរបាញ់ ហើយនាំគ្នាងាកមកបង្កើនការអភិរក្សដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ