រាជធានីភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានព្យាករថា នៅឆ្នាំ២០២៥ ទីផ្សារការងារលើវិស័យកសិកម្ម នឹងមានការធ្លាក់ចុះ ខណៈទីផ្សារការងារលើវិស័យឧស្សាហកម្ម និងវិស័យសេវាកម្មនឹងមានកំណើនការងារខ្ពស់ ។
ការព្យាករនេះ បានធ្វើការប្រៀបធៀបនៅឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ ។ ជាក់ស្តែងវិស័យកសិកម្មធ្លាក់ចុះពី ៣៥,៥% នៅឆ្នាំ២០១៨ មកត្រឹម២៧,៥% នៅឆ្នាំ២០២៥ ។ ដោយឡែកវិស័យឧស្សាហកម្ម បានកើនឡើងពី២៦,៥% នៅឆ្នាំ២០១៨ ដល់៣១,៤% នៅឆ្នាំ២០២៥ ។ រីឯកវិស័យសេវាកម្មក៏មានការកើនឡើងផងដែរ គឺពី៣៨% ដល់៤១,១% ។
លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជាបានជំរុញឱ្យប្រជាពលរដ្ឋគួរចាប់យកជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើវិស័យសេវាកម្ម និងឧស្សាហកម្ម ព្រោះការមានជំនាញ លើវិស័យទាំងនេះនឹងជួយឱ្យប្រជាពលរដ្ឋ ងាយស្វែងរកការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ ។
លោកបណ្ឌិតបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងវិស័យឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ជំនាញវិជ្ជាជីវៈដែលបានរៀបចំបណ្តុះបណ្តាល ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពិតជាមាសារសំខាន់ក្នុងការជួយឱ្យបងប្អូនប្រជាពលរដ្ឋ មានការងារធ្វើ មានចំណូលសមរម្យ និងងាយស្រួលក្នុងការបំពេញការងារផងដែរ ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបន្ថែមទៀតថា ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះ គឺជាជំនាញដែលបង្កើតកម្រៃបន្ថែម នៅក្នុងការងារខ្ពស់ជាងវិស័យកសិកម្ម ហើយខ្ពស់ជាជាងការងារដែលមិនមានប្រើប្រាស់ជំនាញវិជ្ជាជីវៈ ។
បើតាមការចុះផ្សាយព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា តាមការព្យាករ ចន្លោះឆ្នាំ ២០២៤-២០២៦ខាងមុខ កម្ពុជាអាចនឹងបង្កើតការងារបន្ថែម ជូនប្រជាពលរដ្ឋប្រមាណ២៣,៥ម៉ឺននាក់ក្នុងមួយឆ្នាំ ។
គួរកត់សម្គាល់ដែរថា វិស័យឧស្សាហកម្មដែលជាក្បាលម៉ាស៊ីនបង្កើតការងារត្រូវបានព្យាករថា នឹងបង្កើតការងារប្រមាណ ១៦,៥ ម៉ឺននាក់ក្នុងមួយឆ្នាំ ឬស្មើនឹងអត្រាកំណើនការងារ ៥,៧% ។
រីឯវិស័យសេវាកម្មវិញ ត្រូវបានរំពឹងថា នឹងបង្កើតការងារប្រមាណ ១៦,៧ ម៉ឺននាក់ ក្នុងមួយឆ្នាំ ស្មើនឹងអត្រាកំណើនការងារ ៤,៤% ។ និន្នាការកំណើនការងារនៅក្នុងវិស័យទាំង ២ នេះ គឺដោយសារការកើនឡើង នៃតម្រូវការក្នុងការពង្រីកផលិតកម្ម និងអាជីវកម្ម ព្រមទាំងការផ្លាស់ប្តូរការងារពីវិស័យកសិកម្ម ដែលត្រូវបានព្យាករថា ចំនួនការងារនឹងថយចុះប្រមាណ ៩,៨ ម៉ឺននាក់ក្នុងមួយឆ្នាំស្មើនឹងអត្រាថយចុះ ការងារ ៣,៥% ក្នុងមួយឆ្នាំ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ