រាជធានីភ្នំពេញ ៖ ប្រង់ ជាឈ្មោះប្រទាលមួយពួក មានធាងរឹង ស្លឹករឹងល្អិត ។ ដើមប្រង់ ជារុក្ខជាតិប្រទាលកម្រមួយប្រភេទដែលពុំសូវមានអ្នកស្គាល់ ហើយអ្នកខ្លះមិនធ្លាប់ទាំងឮពីឈ្មោះរបស់វាថែមទៀតផង ។ យ៉ាងណាមិញ ប្រង់មានអាយុកាលវែងរហូតដល់១ពាន់ឆ្នាំ និងកកើតនៅលើផែនដីយើងនេះ មុនមនុស្សកកើតទៅទៀត ។
ក្នុងការនិមន្តទៅកាន់វត្តមួយក្នុងស្រុកបាណន់ នៅខេត្តបាត់ដំបង កាលពីពេលកន្លងទៅនេះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុណ្ណោ ព្រះអង្គនិមន្តទស្សនាក្នុងបរិវេណវត្តនោះ ក៏ឃើញមានដាំដើមប្រង់ ដោយព្រះអង្គក៏មានថេរដីកាថា ប្រង់នេះ អ្នកវិទ្យាសាស្ត្របស្ចិមប្រទេស គេស្រាវជ្រាវថា តើអ្វីដែលកើតនៅលើផែនដីនេះមុនគេ ដល់ពេលគេស្រាវជ្រាវទៅរកឃើញដើមប្រង់នេះមួយ និងសត្វដាយណូស្ស័រនឹងមួយ ទាំងនឹងគឺកើតមុនមនុស្ស នៅលើផែនដីយើងនឹង ។
ប៉ុន្តែសត្វដាយណូស្ស័រដាច់ពូជហើយ នៅតែដើមប្រង់នឹង ហើយប្រង់នេះ ប្រសិនបើមិនមានការទទួលគ្រោះថ្នាក់អន្តរាយ ដោយសារភ្លើង ឬក៏អ្វីឆេះទេ វានៅទាល់តែចាស់ព្រេង ចាស់ព្រឹទ្ធ ងាប់ធម្មតា មានអាយុបាន១ពាន់ឆ្នាំ ។ អាត្មាដាំប្រង់នេះបានច្រើន ។
ព្រះអង្គបានមានថេរដីកាបន្តថា ហើយពូជប្រង់នៅស្រុកខ្មែរយើងមាន៥ពូជ អត់ដូចគ្នាទេ ពូជនៅភ្នំព្រឹក១ពូជផ្សេង ពូជនៅខាងកោះកុង កំពង់សោម១ពូជផ្សេង ខាងសំឡូត និងកំពង់ស្ពឺ ពូជជាមួយគ្នា ហើយនៅខាងមណ្ឌលគិរី១ពូជទៀត ខាងសៀមរាប១ពូជទៀត ។ អាត្មាមានទាំង៥ពូជ
នឹង ។
សូមបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២១ ផេកវត្តរាជបូណ៌ ក្រុងសៀមរាប បានបង្ហោះរូបភាពដើមប្រង់ជាច្រើនសន្លឹក អមដោយសំណេរថា «ដើមប្រង់ ( Cycas ) ជារុក្ខជាតិប្រទាលកម្រមួយប្រភេទដែលពុំសូវមានអ្នកស្គាល់ ហើយអ្នកខ្លះមិនធ្លាប់ទាំងឮពីឈ្មោះរបស់វាថែមទៀតផង ។
ដើម្បីឲ្យកូនខ្មែរបានឃើញបានស្គាល់ពីរុក្ខជាតិមួយប្រភេទនេះ ក៏ដូចជារុក្ខជាតិកម្រដទៃផ្សេងទៀតនោះ ព្រះមហាវិមលធម្មបានផ្តួចផ្តើមគំនិតទិញដើមប្រង់រាប់សិបដើមដែលមានអាយុកាលវែងៗ និងមានការចូលរួមជួយពីញាតិញោមមួយចំនួនផងនោះ ជាលទ្ធផលគឺបានទទួលផ្លែផ្កាគួរឲ្យកត់សម្គាល់ ។ បញ្ជាក់ ដើមប្រង់ដែលលោកបាននាំយកមកដាំក្នុងវត្តគឺមានអាយុកាលច្រើនណាស់ ជិតដល់មួយរយឆ្នាំក៏មាន…» ។
ក្រោយមានការបង្ហោះពីដើមប្រង់ ក៏មានពុទ្ធបរិស័ទ្ធជាច្រើនចូលខំមិន និងបញ្ចេញមតិផ្សេងៗគ្នាថា ទើបបានស្គាល់ ចំណែកអ្នកខ្លះខំមិនថា តាមពិតដើមប្រង់សោះ ដើព្រៃឃើញរហូត រីឯអ្នកខ្លះទៀតខំមិនសួរថា ព្រះអង្គម្ចាស់វាមានផ្លែអត់ហើយផ្លែវាអាចញុំបានអត?
បន្ទាប់មកផេកវត្តរាជបូណ៍ ក្រុងសៀមរាប បានឆ្លើយតបវិញថា ជារុក្ខជាតិពុល ចំណែកអ្នកខ្លះខំមិនថា ភូមិឃុំស្រុកខេត្តខ្ញុំមិនខ្វះទេ អ្នកខ្លះទៀតខំមិនថា ផ្លែប្រង់អាចធ្វើជាថ្នាំលាប ពេលសត្វមានពិសខាំ ខ្លះទៀតថា នៅតំបន់ប្រាសាទ កោះកេរ្តិ៍ ខេត្តព្រះវិហារ សំបូរគួរសម ខ្លះខំមិនថា នៅស្រុកវាលវែង ពោធិ៍សាត់ សម្បូរណាស់ ខ្លះខំមិនទៀតថា សម័យមុននាំក្រុមក្មេងវត្ត ជីកយកមកដាំ បែកញើសរហាម ចំណែកអ្នកខ្លះខំមិនថា ជាឱសថដេញជម្ងឺពិស ឬអាព្យាបាលកូនឆ្កែរលាកពោះវៀនដំណាក់កាលដំបូងៗបានទៀតផង ទាន និងអ្នកខ្លះទៀតក៏ខំមិនទៀតថា ផ្ទះខ្ញុំព្រះករុណា បានដាំពីរបីដើមដែរ ជារុក្ខជាតិលូតលាស់យឺតជាទីបំផុត តែមានសម្រស់ស្អាតនៅពេលចេញពន្លកស្លឹក និងលាស់ស្លឹកខ្ចី ៕ ដោយ ៖ យៀង ធីតា
ចែករំលែកព័តមាននេះ