រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ធ្វើការរៀបចំបទដ្ឋានគតិយុត្តនានា ដើម្បីគ្រប់គ្រងការប្រើប្រាស់ AI ឱ្យបានត្រឹមត្រូវ សម្រាប់បម្រើដល់ប្រយោជន៍សង្គម និងប្រទេសជាតិ ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញក្តីបារម្ភចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (Artificial Intelligence-AI) អាចបង្កើតនូវព័ត៌មានក្លែងក្លាយ នាំឱ្យមានគ្រោះថ្នាក់ដល់សង្គមជាតិ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងក្របខណ្ឌអន្តរជាតិ បាននាំគ្នាគិតគូររួចទៅហើយ អំពីគ្រោះថ្នាក់ នៃការបង្កើតព័ត៌មានក្លែងក្លាយតាមរយ AI នេះផងដែរ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖ «ការបង្កើត នូវព័ត៌មានក្លែងក្លាយ ឱ្យមានការវាយកាប់ចាក់ មានការសងសឹកចុះឡើងនេះជាបញ្ហាគ្រោះថ្នាក់ធំ ហេតុនេះហើយ ដែល AI ចាប់ផ្តើមមានបញ្ហា ហើយគ្រប់ប្រទេសទាំងអស់រហូតដល់មានការគិតគូរជាក្របខណ្ឌអន្តរជាតិរួចទៅហើយ ព្រោះ AI វាវិវត្តន៍មួយទៀត បច្ចេកវិទ្យាពីមុន ត្រឹមតែយកសំឡេងក្លែងក្លាយយកមកដាក់ ឥឡូវធ្វើរូបឱ្យនិយាយព័ត៌មានចេញតែម្តង ហើយនេះ គឺជាគ្រោះថ្នាក់ធំណាស់សម្រាប់ជាតិរបស់យើង ក៏ដូចជាសកលលោក» ។
សម្ដេចធិបតី បន្ដថា បច្ចេកវិទ្យា AI មិនមែនអាក្រក់ទាំងអស់នោះទេ បច្ចេកវិទ្យានេះ នឹងផ្តល់ នូវថាមពលថ្មី ផលិតភាពថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពការងារ បើប្រើប្រាស់ក្នុងផ្លូវត្រូវ ៕
ចែករំលែកព័តមាននេះ