ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោគិនី មាន​ឥទ្ធិពល​អំណាច​ខ្លាំង ជា​អ្នក​រាំ​បង្ក្រាប​​ភាពអាក្រក់​លើ​លោក

11 ខែ មុន
  • ភ្នំពេញ

«​យោគិនី​» ជា​ពាក្យ​សំស្ក្រឹត​មាន​ន័យ​ថា​អ្នក​ធ្វើ​យោគ ដែល​មានមុខ​ងារ​ជា​នារី​របាំ​សម្រាប់​រាំ​ថ្វាយ​ទេព

រាជធានី​ភ្នំពេញ​ ៖ «​យោគិនី​» ជា​ពាក្យ​សំស្ក្រឹត​មាន​ន័យ​ថា​អ្នក​ធ្វើ​យោគ ដែល​មានមុខ​ងារ​ជា​នារី​របាំ​សម្រាប់​រាំ​ថ្វាយ​ទេព ។

បើ​តាម​ឯកសារ​សារមន្ទីរ​ជាតិ ក្នុង​គម្ពីរ​ព្រហ្មញ្ញសាសនា «​យោគិនី​» ជា​មនុស្ស​ស្រី ឬទេ​ព​ស្រី បង្កើត​ឡើង​ដោយ​ព្រះ​នាង​ទុ​គ៌ា ឬ​ព្រះ​ឥសូរ ហើយ​មាន​ថាមពល​ខ្លាំងពូកែ ។

រីឯ​ក្នុង​ព្រះពុទ្ធ​សាសនា​មហាយាន និកាយ​ត​ន្ត្រ​(Tantra)​វិញ យោគិនី​ជា​មនុស្ស​ស្រី មាន​ឥទ្ធិពល​អំណាច​ខ្លាំងក្លា ដ្បិត​ទ្រង់​ទទួល​បាន​ពរ​ពី​ទេព ផ្សេង​ៗ​ដោយ​ផ្ទាល់ ហើយ​បាន​រាំ​ដើម្បី​បង្ក្រាប​ភាពអាក្រក់​នៅ​លើ​លោក ។

ជាក់ស្តែង​ ផ្អែក​លើ​សមុច្ច័យ​សារមន្ទីរ បង្ហាញ​រូប​យោគិនី​ចំនួន​៨​អង្គ រាំ​ព័ទ្ធ​ជុំវិញ​ព្រះ​ហេវ​ជ្រ​ដែល​កំពុង​តែ​រាំ​ជាន់​ពីលើ​មារ​ទាំង​បួន​តំណាង​ឲ្យ​ភាពអាក្រក់​លើ​លោក ។

បដិមា​យោគិនី​ដែល​លើកយក​មក​បរិយាយ​នេះ ធ្វើ​ពី​សំ​រឹ​ទិ្ធ ក្នុង​កាយវិការ​ឈរ​រាំ​លើ​បល្ល័ង្ក​រាង​មូល លើក​ដៃ​ស្តាំ​ខ្ពស់​ឡើង​ទៅ​លើ ផ្អៀង​ស្មា​ឆ្វេង​បន្តិច ដៃ​ឆ្វេង​បត់​កំភួនដៃ​មក​ត្រឹម​ផ្ចិត ជើង​ស្តាំ​លើក​ផ្ទុ​ច​​ទៅ​គន្លាក់ជើង​ឆ្វេង​ដែល​បត់​សំយុង​ម្រាមជើង​ចុច​ជំ​ទើត​លើ​បល្ល័ង្ក ។

លើស​ពី​នេះ​ប្រតិមា​នេះ​មាន​ទ្រង់គ្រឿង មកុដ​ក្បាំង ក្រវិល កងដៃ ស្នាប់ដៃ ស្រងក កងជើង និង​លែងខ្លួន​ទទេ ស្លៀកសំពត់​ចងក្បិន​ពាក់​ខ្សែក្រវាត់​ទម្លាក់​រំយោល ចាប់​ផ្នត់​ខើច​លើ​ភ្លៅ ទម្លាក់​ជាយ​រាង​កន្ទុយ​ត្រី​ពីរ​ជាន់​ចន្លោះ​ជើង​ទាំង​សងខាង រីឯ​សំយុង​កន្ទុយ​ត្រី​ខាងក្រោយ​មាន​រាង​មេអំបៅ ។

ប្រតិមា​ទោល​សំរឹទ្ធិ​នេះ ស្ថិត​ក្នុង​រចនាបថ​បា​ភួ​ន ក្នុង​សម័យ​អង្គរ នា​សតវត្ស​ទី​១១ ដែល​មាន​លក្ខណៈ​ពិសេស​នៃ​ការ​សិត​អាច​រក្សា​លំនឹង​រូប​ឲ្យ​ឈរ​ត្រង់​បាន​យ៉ាង​ល្អ​វិចិត្រ ។ ចំណែកឯ​នៅ​លើ​ផ្ទៃ​នៃ​ប្រតិមា​មាន​ស្នាម​ទឹប​សន្លឹក​មាស​ដោយ អន្លើ​ៗ ។

ប្រតិមា​យោគិនី បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០២០ រួម​ជាមួយ​សមុច្ច័យ​ជា​ច្រើន​ផ្សេង​ទៀត​ពី​សហរដ្ឋអាមេរិក ៕ ដោយ ៖ ស​.​ភ​.​រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ