សោកស្តាយ! ផ្ទះ៤ខ្នងរួមទាំងទ្រព្យសម្បត្តិជាច្រើនទៀតក្លាយជាចំណីព្រះអគ្គី ត្រឹមមួយប៉ប្រិចភ្នែក
ខេត្តត្បូងឃ្មុំ ៖ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ស្ថិតនៅភូមិទី៣ ឃុំ
ខេត្តត្បូងឃ្មុំ ៖ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ស្ថិតនៅភូមិទី៣ ឃុំ
ខេត្តត្បូងឃ្មុំ ៖ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ស្ថិតនៅភូមិទី៣ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ ធ្នូ ឆ្នាំ២០២៣ ដោយសារភ្លើងឆាបឆេះចេញពីចំណុចផ្ទះកណ្ដាល រាលដាលមកផ្ទះសងខាងបង្កជាអគ្គីភ័យឆេះយ៉ាងសន្ធោសន្ធៅ និងមានផ្សែងខ្មួលខ្មាញ់ហ៊ុយទ្រលោមឡើងទៅលើអាកាស។
ក្នុងហេតុការណ៍ខាងលើនេះដែរ ក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ខេត្តត្បូងឃ្មុំចំនួន៥គ្រឿងនិងរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម មួយគ្រឿងបានចេញទៅអន្តរាគមន៍ជួយបាញ់ពន្លត់ដើម្បីកុំឱ្យភ្លើងឆាបឆេះរាលដាលកាន់តែខ្លាំងឡើង ។
លោកវរៈសេនីយ៍ឯកសួស ស៊ាងលី អធិការនគរបាលស្រុកក្រូចឆ្មារបានឲ្យដឹងថា ស្របពេលដែលមានអគ្គីភ័យបានឆាបឆេះឡើងប្រជាពលរដ្ឋនៅមូលដ្ឋានបានរាយការណ៍ជូនរូបលោក ហើយក៏បានរាយការណ៍បន្តទៅលោកឧត្តមសេនីយ៍ទោម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត ដើម្បីឲ្យរថយន្តពន្លត់អគ្គីភ័យដែលមានស្រុកនៅជាប់ក្រូចឆ្មារចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្តបន្ទាប់។ជាមួយនោះរូបលោកបានបញ្ជាឲ្យរថយន្តពន្លត់អគ្គីភ័យរបស់អធិការរដ្ឋាននគរបាលស្រុកក្រូចឆ្មារមួយគ្រឿងចេញទៅបាញ់ទឹកមុនគេ ។
លោកអធិការនគរបាលស្រុកក្រូចឆ្មារបន្តឲ្យដឹងទៀតថា សម្រាប់ចម្ងាយផ្លូវពីអធិការដ្ឋានទៅដល់កន្លែងផ្ទះកើតហេតុគ្រោះអគ្គីភ័យមានចម្ងាយប្រមាណជិត២០គីឡូម៉ែត្រ ខណៈពេលដែលរថយន្តពន្លត់អគ្គីភ័យទៅដល់នោះគឺភ្លើងបានឆេះយ៉ាងពេញបន្ទុកទៅហើយ ។ ផ្ទះដែលត្រូវភ្លើងឆេះមុនគេគឺម្ចាស់មិននៅនោះទេ ដោយបានចេញទៅស៊ីឈ្នួលគេ ដើម្បីយកថវិកាដោះស្រាយជីវភាពហើយមិនមានអ្នកណានៅផ្ទះទេ។ បន្ទាប់មកភ្លើងក៏បានឆេះរាលដាលបន្តមកផ្ទះផ្សេងទៀតមានរហូតទៅដល់ចំនួន៤ផ្ទះ ក្នុងនោះរួមមាន ៖
១-ម្ចាស់ផ្ទះឈ្មោះ មីន សលីហះ ភេទស្រី អាយុ៤០ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រx៨ម៉ែត្រ សង់អំពីឈើប្រក់សង្ក័សី ត្រូវភ្លើងឆេះទាំងស្រុង និងទ្រព្យសម្បត្តិខូចខាតរួមមានម៉ូតូចំនួន២គ្រឿង ប្រាក់រៀលចំនួន៨០ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។
២-ម្ចាស់ផ្ទះឈ្មោះ សុះ ម៉ាន ភេទប្រុស អាយុ៤៤ឆ្នាំ ផ្ទះមានទំហំ៧ម៉ែត្រx១២ម៉ែត្រ ផ្ទះសង់អំពីឈើ ប្រក់ក្បឿង ត្រូវភ្លើងឆេះទាំងស្រុង និងទ្រព្យសម្បត្តិខូចខាតរួមានប្រាក់ដុល្លារចនួន១,១០០ដុល្លារ ប្រាក់រៀលចំនួន៨០ម៉ឺនរៀល ប្រាក់ម៉ាឡេចំនួន៤០០រីងហ្គីត សម្ភារៈប្រើប្រាស់ផ្សេងៗទៀត។
៣-ម្ចាស់ផ្ទះឈ្មោះ លីន ណាសៀត ភេទប្រុស អាយុ៣៥ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រx១០ម៉ែត្រ សង់អំពីឈើ ប្រក់ដែកសង្ក័សី ទំហំ៦ម៉ែត្រx១០ម៉ែត្រ ត្រូវភ្លើងឆេះអស់ទាំងស្រុង និងទ្រព្យសម្បត្តិខូចខាតរួមាន ឈើចំនួន៥ម៉ែត្រគូប ប្រាក់ដុល្លារ៤.០០០ដុល្លារ ម៉ូតូ១គ្រឿង និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។
៤-ម្ចាសផ្ទះឈ្មោះ ម៉ាត់ នាង ភេទប្រុ អាយុ៦៤ឆ្នាំ ផ្ទះមានទំហំ៧ម៉ែត្រx១២ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង ត្រូវភ្លើងឆេះទាំងស្រុង និងទ្រព្យសម្បត្តិខូចខាតរួមមាន មាស៣តម្លឹង ប្រាក់ម៉ាឡេ៤.០០០រីងហ្គីត ប្រាក់រៀល១,០០០,០០០រៀល ប្រាក់ដុល្លារ ២០០០ដុល្លារ ម៉ូតូ១គ្រឿង និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។
ចំពោះមូលហេតុដែលបង្កឲ្យមានគ្រោះអគ្គីភ័យនេះគឺដោយសារទុស្សេខ្សែភ្លើង ។ ករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៦គ្រឿង (ក្រូចឆ្មារ១គ្រឿង, ត្បូងឃ្មុំ១គ្រឿង, សួង១គ្រឿង ស្ទឹងត្រង់១គ្រឿង, រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្ត០២គ្រឿង) ប្រើប្រាស់ទឹកសរុបអស់៧ស៊ីទែន ។
លោកអធិការនគរបាលស្រុកក្រូចឆ្មារបញ្ជាក់ថា ស្របពេលដែលមានអគ្គីភ័យឆាបឆេះឡើងគឺមានខ្យល់បក់មកពីទិសខាងជើងជាហេតុធ្វើឲ្យភ្លើងឆេះលឿន គឺប្រមាណកន្លះម៉ោងប៉ុណ្ណោះគឺអគ្គីភ័យឆេះផ្ទះឈើខាងលើអស់ទាំងស្រុង ។ ជាមួយនោះដែរ អាជ្ញាធរមូលដ្ឋានកំពុងតែធ្វើការវាយតម្លៃដើម្បីត្រៀមឲ្យក្រុមការងារសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំនាំយកកំណោយទៅជូនដល់ម្ចាស់ផ្ទះរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះទាំង៤ខ្នងផងដែរ ៕
ចែករំលែកព័តមាននេះ