រាជធានីភ្នំពេញ ៖ ព្រះនាងទុគ៌ាជាទេពស្រីទាក់ទងចម្បាំងដ៏ល្បីល្បាញមួយក្នុងព្រហ្មញ្ញសាសនា និងជាមហេសីរបស់ព្រះឥសូរ ។ ទេវកថា ដែលពេញនិយមមួយនិយាយពីព្រះនាងទុគ៌ា មានឈ្មោះថា «ទុគ៌ាមហិង្សាសុរមាទ៌ិនិ / Durga Mahishasurmardini» ពណ៌នាពីចម្បាំងប្រយុទ្ធគ្នារវាងព្រះនាងទុគ៌ា និងបិសាចក្របីមហិង្សាសុរ ហើយបានទទួលជ័យជម្នះ អំណាចដោយព្រះនាងបានទទួលព្រះពរពីព្រះឥសូរ និងព្រះនារាយណ៍ ដែលមានសមត្ថភាពសម្លា.ប់បិសាចក្របី ដើម្បីថែរក្សាសណ្តាប់ធ្នាប់នៃចក្រវាល មិនមែនដោយសារកំហឹ.ងនោះទេ ។
បើតាមឯកសារសារមន្ទីរជាតិ នៅក្នុងសិល្បៈខ្មែរ ការបង្ហាញទម្រង់ព្រះនាងទុគ៌ាដំបូងចាប់តាំងពីរចនាបថភ្នំដា និងបន្តរហូតដល់រចនាបថបាយ័ន ដែលមានទាំងបដិមាទោល និងចម្លាក់ជាគ្រឿងលម្អស្ថាបត្យកម្ម សសរផ្អោប ផ្តែរ ហោជាងជាដើម ។
ចំណែកឥណ្ឌា និយមឆ្លាក់ជាសាច់រឿងនៅតាមប្រាសាទដូចជា ៖ ចម្លាក់ក្រឡោតខ្ពស់មកពីប្រាសាទMahapaliburam ក្នុងសតវត្សទី៧ និងប្រតិមាទោលក្នុងសម័យ Pala-Sena នៃសតវត្សទី១២ ។
បដិមាទោល ព្រះនាងទុគ៌ា ជាសមុច្ច័យរបស់សារមន្ទីរជាតិកម្ពុជា ដែលយកមកបង្ហាញនេះ ជាអំណោយរបស់ព្រះចៅអធិការវត្តសិរីសាគរ ប្រគល់ជូនមកសារមន្ទីរជាតិនាថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៥៣ ដែលស្ថិតក្នុងរចនាបថព្រៃក្មេង នាសតវត្សទី៧-៨ មានប្រភពមកពីទួលកំណប់ ភូមិក្រសាំងចារ ឃុំពញាលៀង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
បដិមានេះ មានរាងស្រឡូន កាច់ចង្កេះបន្តិច មានព្រះហស្តបួន តែបាត់បង់អស់បីនៅសល់តែមួយខាងស្តាំផ្នែកខាងក្រោយដោយមានកាន់ជាប់ចុងបន្តិចនៃកេតនភណ្ឌរបស់ទ្រង់ ។ ផ្នែកផ្សេងៗបាក់បាត់អស់ពុំអាចកំណត់ថា មានកាន់កេតនភណ្ឌអ្វីប្រាកដ ។ សំពត់ស្តើងមានលម្អជាក្បាច់ឆូតនៅសងខាងសំពត់បត់ចូលក្នុងទម្លាក់ផ្នត់ចេញក្រៅដែលមានសណ្ឋានដូចផ្លែសណ្តាយ ។ មុខរាងមូលទ្រវែង ភ្នែកតឹងបន្តិច ចិញ្ចើមមិនជួបគ្នា ទងត្រចៀក វែងៗ និងមានគ្រងមកុដរាងបំពង់ ។
បដិមានេះឆ្លាក់ឈរនៅលើជើងទម្រមានរូបក្បាលក្របីលានចេញក្រៅសម្គាល់ជាក្របីមហិង្សាសុរ ។ បដិមាទុគ៌ាមហិង្សាសុរមាទ៌ិនិ / Durga Mahishasurmardini នេះធ្លាប់នាំយកទៅតាំងពិព័រណ៍នៅឯក្រៅប្រទេសជាច្រើនលើកច្រើនសា ដើម្បីផ្សព្វផ្សាយពីភាពប៉ិនប្រសប់ ក៏ដូចជាស្នាដៃពិចិត្ររបស់សិល្បៈខ្មែរ នៅលើឆាកអន្តរជាតិ ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ