កម្ពុជាកំពុងរងផលប៉ះពាល់ខ្លាំងពីបម្រែបម្រួលអាកាសធាតុរួចទៅហើយ ដែលមានន័យថាប្រទេសនេះ ចាំបាច់ត្រូវធ្វើការបន្ស៊ាំខ្លួនជាបន្ទាន់ទៅនឹងផលប៉ះពាល់ទាំងនោះ។ ការកើនឡើងភាពប្រែប្រួលនៃទឹកភ្លៀងកំពុងបណ្តាលឱ្យមានភាពរាំងស្ងួត និងទឹកជំនន់ញឹកញាប់ និងខ្លាំងជាងមុន។
គ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលបានកើតឡើងនៅឆ្នាំ២០១៥ និង២០១៦ បានប៉ះពាល់ដល់១៨ខេត្តក្នុងចំណោម២៥ខេត្ត/រាជធានី និងប៉ះពាល់ដល់មនុស្សជាង២,៥លាននាក់។ ផលស្រូវបានបាត់បង់ប្រមាណ១០០លានដុល្លារអាមេរិក ដោយសារគ្រោះរាំងស្ងួតដែលបណ្តាលមកពីបាតុភូត El Nino នាឆ្នាំ២០១៩ ។
នៅខែកញ្ញា ឆ្នាំ២០២២ ដែលមានភ្លៀងធ្លាក់ខ្លាំងបំផុត នារយៈពេល៣ឆ្នាំនេះ បានបង្កគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងខេត្តចំនួន១៤ ដោយប៉ះពាល់ប្រមាណ៨៥ម៉ឺនគ្រួសារ និងមានការបាក់ដីដែលនាំឱ្យមានការជម្លៀសប្រជាជន៥០០០គ្រួសារ ។
ខាងលើនេះ ជាសេចក្តីរាយការណ៍របស់ធនាគារពិភពលោក ប្រចាំនៅកម្ពុជា កាលពីចុងខែតុលាកន្លងមកនេះ។ ធនាគារពិភពលោកបានឱ្យដឹងថា យោងតាមការព្យាករអាកាសធាតុ ហានិភ័យទឹកជំនន់ និងសម្ពាធកម្តៅនៅក្នុងប្រទេសកម្ពុជានឹងមានសភាពកាន់តែអាក្រក់នាពេលអនាគត។ ប្រសិនបើគ្មានវិធានការបន្ស៊ាំ និងកាត់បន្ថយ ផលប៉ះពាល់សមស្របទេ បម្រែបម្រួលអាកាសធាតុអាចនឹងធ្វើឱ្យកម្ពុជាខាតបង់ ផ.ស.ស អស់ ៩ភាគរយ គិតត្រឹមឆ្នាំ២០៥០ និងធ្វើឱ្យអត្រាភាពក្រីក្រ កើនឡើង៦ភាគរយពិន្ទុ គិតត្រឹមឆ្នាំ២០៤០។
របាយការណ៍នេះ គឺជាការសិក្សាបែបវិភាគចុងក្រោយមួយ ក្នុងចំណោមការសិក្សាស្រាវជ្រាវស្នូលរបស់ធនាគារពិភពលោក ដែលសំយោគចូលគ្នានូវការគិតគូរអំពីបម្រែបម្រួលអាកាសធាតុនិងការអភិវឌ្ឍន៍ ហើយផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលដែលជាអតិថិជនរបស់ខ្លួន សម្រាប់យកទៅអនុវត្តដើម្បីលុបបំបាត់ភាពក្រីក្រនៅលើភពផែនដី។
លោកស្រី ម៉ានូអែលឡា វ. ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក បាននិយាយនៅក្នុងរបាយការណ៍នោះថា៖ «កម្ពុជាជាប្រទេសដែលប្រឈមខ្លាំងទៅនឹងផលប៉ះពាល់នៃអាកាសធាតុ ជាពិសេសតាមរយៈការកើនឡើងជាញឹកញាប់ និងធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់។
លោកស្រីពោលបន្តទៀតថា «ដើម្បីស្តារឡើងវិញដែលបានបាត់បង់ដោយសារជំងឺឆ្លង រាតត្បាតនិងការកើនឡើងតម្លៃចំណីអាហារ និងប្រេងឥន្ទនះ កម្ពុជាត្រូវរក្សាកំណើនខ្ពស់ ស្របពេលដែលត្រូវដោះស្រាយផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុលើសេដ្ឋកិច្ច និងការកាត់បន្ថយការបំភាយកាបូន»។
បើតាមធនាគារពិភពលោក ទោះជាយ៉ាងណាក៏ដោយ វិធានការរបស់រដ្ឋាភិបាល និងវិស័យឯកជន អាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីបម្រែបម្រួលអាកាសធាតុ ហើយរបាយការណ៍នេះ បានលើកឡើងនូវអនុសាសន៍ និងអាទិភាពមួយចំនួន សម្រាប់ធ្វើសកម្មភាពជាបន្ទាន់ ។ នៅក្នុងនោះមានឧទាហរណ៍ វិធានការបន្ស៊ាំរបស់រដ្ឋាភិបាល អាចរួមបញ្ចូលការកែលម្អឱ្យកាន់តែប្រសើរនូវភាពធន់នឹងអាកាសធាតុរបស់បណ្តាញផ្លូវថ្នល់ដែលមានស្រាប់ និងការបង្កើនស្តង់ដារនៃភាពធន់ ជាពិសេស សម្រាប់ហេដ្ឋារចនាសម្ព័ន្ធសេវាសុខាភិបាល និងអប់រំ។ សកម្មភាពរបស់វិស័យឯកជនអាចបញ្ចូលការវិនិយោគលើ ប្រព័ន្ធត្រជាក់ដែលមានប្រសិទ្ធផលថាមពល និងសំណង់អគារដែលធន់នឹងទឹកជំនន់ផងដែរ។
លោកស្រី ម៉ារីយ៉ាម ស្ហឺរមែន តំណាងធនាគារពិភពលោកប្រចាំប្រទេស មីយ៉ាន់ម៉ា, កម្ពុជា និង ឡាវ មានប្រសាសន៍ថា «សម្រាប់កម្ពុជា ការបន្តរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចរីភាព និងការឆ្លើយតបទៅនឹងតម្រូវការនៃបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដែលប្រទាក់ក្រឡាគ្នា» ។
លោកស្រីពោលបន្តទៀតថា៖ «នៅក្នុងន័យនេះ ការបង្កើនសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ច, ការកសាងមូលធនមនុស្ស, និងការវិនិយោគទៅលើភាពធន់នឹងអាកាសធាតុ នឹងនាំអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់គ្នា» ។
សូមជម្រាបថា របាយការណ៍របស់ធនាគារពិភពលោកនេះ បានចេញមកនៅពេលដែលផ្នែកខ្លះរបស់ប្រទេសកម្ពុជា បានទទួលរងគ្រោះពីជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ និងគ្រោះ រាំងស្ងួត។ តាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ស្ថានភាពទូទៅគ្រោះមហន្តរាយនៅកម្ពុជា សម្រាប់រយៈពេល៩ខែ ក្នុងឆ្នាំ២០២៣ នេះបានបង្ក ផល់ប៉ះពាល់ និងខូចខាតដល់មូលដ្ឋានរាជធានី ខេត្តចំនួន២០, ប៉ះពាល់ប្រជាជនចំនួន ២៩,៤៨៩គ្រួសារ ដែលក្នុងនោះ ជម្លៀស ២,០២៩គ្រួសារ ប្រជាជនរងគ្រោះស្លាប់ ៦នាក់ រងរបួស ៦នាក់ សាលារៀនលិចទឹក ៨៦កន្លែង។
ទឹកជំនន់ក៏បានជន់លិចដំណាំស្រូវចំនួន២២,៧១៣ហិកតា និងខូចខាត ៤,៥៨៣ហិកតា ដំណាំរួមផ្សំលិចទឹកចំនួន ៣,០២៦ហិកតា និងខូចខាត ១,២៩៧ហិកតា ជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាពចំនួន ៦,៨៧៨ក្បាល និងងាប់ ៦ក្បាល ។ បន្ថែមពីលើនេះទឹកជំនន់បានប៉ះពាល់ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែង ៥,០៦៩ម៉ែត្រ, ផ្លូវគ្រួសក្រហម បេតុង និងដីសប្រវែង ១៧៤,៨៧៦ម៉ែត្រ, ប៉ះពាល់ និងខូចខាតស្ពានឈើបេតុង និងស្ពានបាឡេចំនួន ៥៣កន្លែងផងដែរ៕
ចែករំលែកព័តមាននេះ