រាជធានីភ្នំពេញ ៖ ក្រៅអំពីអគារដ៏ប្រណីតប្រកបដោយក្បូរក្បាច់រចនាតាមបែបខ្មែរ និងវត្ថុសិល្បៈដែលជាសមុច្ច័យពុំអាចកាត់ថ្លៃបានហើយនោះ សារមន្ទីរជាតិក៏មានបណ្ណាល័យមួយនៅជាន់ទី១ នៃសារមន្ទីរផងដែរ ។
បើតាមឯកសារសារមន្ទីរជាតិ បណ្ណាល័យនេះបានបង្កើតឡើងនៅឆ្នាំ១៩៦៩ ក្នុងសម័យលោកជា ថៃសេង ជាចាងហ្វាងសារមន្ទីរ ស្របពេលនៃការសង់បន្ថែមបន្ទប់ការិយាល័យនៅជាន់ទី១ និងលេណគ្រឹះសម្រាប់រក្សាវត្ថុសិល្បៈនៅជាន់ក្រោមដី ។ បណ្ណាល័យនេះមានឯកសារចម្រុះដ៏មានសារសំខាន់ជាច្រើនរយក្បាល ទាក់ទងសមុច្ច័យសារមន្ទីរ និងឯកសារផ្សេងទៀតទាក់ទង នឹងប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ ស្ថាបត្យកម្ម សេដ្ឋកិច្ច ច្បាប់ សាស្ត្រាស្លឹករឹត ទស្សនាវដ្តី និងកាសែត… ។
ឯកសារទាំងនោះមានជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង។ ក្រៅពីបណ្ណាល័យ សារមន្ទីរជាតិក៏មានបណ្ណសារដ្ឋានតូចមួយ សម្រាប់ថែរក្សាឯកសារ សំខាន់ៗរួមមាន៖ ប័ណ្ណវត្ថុសិល្បៈ ហ្វីុលកញ្ចក់រូបថត ចាស់ៗ រូបថតវត្ថុសិល្បៈ រូបថតប្រាង្គប្រាសាទជាច្រើនច្បាប់ ។
បណ្ណាល័យសារមន្ទីរជាតិ បើកទ្វារទទួលសាធារណជន ជារៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨ដល់ម៉ោង១១ព្រឹក និងចាប់ពីម៉ោង២រសៀលដល់ម៉ោង៥ល្ងាច ។
ដោយឡែកចំពោះបណ្ណសារដ្ឋាន សាធារណជនដែលមានបំណងចង់ចូលសិក្សា តម្រូវឲ្យមានការស្នើសុំការអនុញ្ញាតជាមុន ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ