ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណភាពសាច់ត្រីទីឡាព្យាទទួលបានការគាំទ្រនៅក្នុងស្រុក អ្នកផលិតមានមហិច្ឆតានាំចេញទៅក្រៅប្រទេសទៀត

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ត្រីទីឡាព្យា ត្រូវបានសហគ្រាសមួយកន្លែងកែឆ្នៃទៅជាសាច់ត្រីស្រស់អត់ឆ្អឹងដោយបកស្បែកចេញ និងត្រីឆ្អើរទីឡាព្យា និងកែឆ្នៃផ្សេងៗទៀត ដើម្បីលក់នៅលើទីផ្សារក្នុងស្រុក ហើយប្ច្ចុប្បន្នដោយមានការគាំទ្រច្រើន សហគ្រាសនេះបានដាក់គោលដៅពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេសថែមទៀត ។…

ខេត្តកណ្តាល ៖ ត្រីទីឡាព្យា ត្រូវបានសហគ្រាសមួយកន្លែងកែឆ្នៃទៅជាសាច់ត្រីស្រស់អត់ឆ្អឹងដោយបកស្បែកចេញ និងត្រីឆ្អើរទីឡាព្យា និងកែឆ្នៃផ្សេងៗទៀត ដើម្បីលក់នៅលើទីផ្សារក្នុងស្រុក ហើយប្ច្ចុប្បន្នដោយមានការគាំទ្រច្រើន សហគ្រាសនេះបានដាក់គោលដៅពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេសថែមទៀត ។

សហគ្រាស Cambodia Fresh Farm ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយស្ថិតក្នុងស្រុកពញាឭ ខេត្តកណ្តាល ដើម្បីចិញ្ចឹមត្រីទីឡាព្យាយកសាច់លក់ ហើយបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការអនុវត្តវារីវប្បកម្មល្អ និងប្រើប្រាស់បច្ចេកវិទ្យាកែច្នៃរបស់ជប៉ុន ដើម្បីធានាបានទាំងគុណភាព និងសុវត្ថិភាពខ្ពស់បំផុតនៃផលិតផលសាច់ត្រីទីឡាព្យា ។

សហគ្រាសនេះស្ថិតក្រោមគម្រោងដែលអនុវត្តរួមគ្នារវាងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេ សហការជាមួយគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) របស់អង្គការសហប្រជាជាតិអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ដែលបានគាំទ្រដល់សហគ្រាសជលផលចំនួន ២៨ ក្នុងការ​ធ្វើ​ទំនើបកម្មប្រតិ​បត្តិ​ការអាជីវកម្ម សុវត្ថិភាពចំណីអាហារ ការបង្កើតការងារ ការប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធភាព និងបង្កើនប្រាក់ចំណេញបានកាន់តែប្រសើរ ។

នៅក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផល ដែលទទួលផលពីគម្រោង CAPFish របស់អង្គការ UNIDO កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ មកនេះ លោក ចាវ សួស្តី នាយកប្រតិបត្តិសហគ្រាស Cambodia Fresh Farm បានឱ្យប្រាប់ដឹងថា កសិដ្ឋាននេះមានទំហំ ៤,៥ ហិកតា ដែលមានស្រះចិញ្ចឹមត្រីទីឡាព្យាចំនួន ២១ ស្រះ ។ ក្រោយពីទទួលបានការគាំទ្រពីគម្រោង CAPFish-Capture យើងស្គាល់ខ្លួនឯកកាន់តែច្រើន ហើយសហគ្រាសទទួលបាននូវចំណេះដឹងពីគម្រោងនេះទាក់ទងទៅនិងផ្នែកសុវត្ថិភាពចំណីអាហារ និងទទួលបានការផ្តល់ឱ្យនូវឧបករណ៍សម្ភារសម្រាប់សហគ្រាសផងដែរ ។ លោកបន្តថា តាមរយៈការបង្ហាត់បង្ហាត់បង្ហាញពីក្រសួងកសិកម្ម និងគម្រោង CAPFish-Capture យើងនឹងអាចពង្រីកទីផ្សារនៅក្រៅប្រទេសបាន ។

សហគ្រាស Cambodia Fresh Farm មានផលិតផលសំខាន់ៗចំនួន ៤ គឺ ៖ ១. សាច់ត្រីស្រស់ និងសាច់ត្រីបង្កក ជាសាច់ត្រីទីឡាព្យាស្រស់បង្កកដែលអាចទទួលទានបានភ្លាមៗ និងងាយស្រួលចម្អិន ។ ២. សាច់ត្រីទីឡាព្យាឆ្អិនស្ទើរ គឺជាសាច់ត្រីទីឡាព្យាអត់ឆ្អឹង ហាលស្ងួត កំដៅបន្តិចអាចញ៉ាំបានភ្លាម ។ ៣. ត្រីបំពង ជាសាច់ត្រីទីឡាព្យាបកស្បែក អត់ឆ្អឹង ។ ៤. ត្រីឆ្អើរទីឡាព្យា ដែលអាចញ៉ាំបានភ្លាម ។

លោក សាំង បូរ៉ា ជំនួយការនាយកប្រតិបត្តិសហគ្រាស Cambodia Fresh Farm បានឱ្យដឹងថា ក្នុងមួយថ្ងៃសហគ្រាសអាចយកត្រីទីឡាបព្យាចំនួន ១០០ គីឡូក្រាម យកទៅផលិតជាផលិតផលសម្រេចបានចំនួន ៣០ គីឡូក្រាម ។ ក្រៅពីសាច់ត្រី របស់ដែលនៅសេសសល់ គឺយកទៅផលិតជាម្សៅត្រី និងផ្សេងៗទៀត ។ លោកបន្តថា សាច់ត្រីទីឡាព្យាស្រស់ លក់ក្នុងស្រុកមួយគីឡូក្រាមតម្លៃពី ៣ ទៅ ៥ ដុល្លារ និងនាំចេញទៅប្រទេសជប៉ុនក្នុងមួយគីឡូក្រាមតម្លៃពី ៣០ ទៅ ៣៥ ដុល្លារ ហើយរហូតមកដល់ពេលនេះសហគ្រាសនាំចេញទៅជប៉ុន បានចំនួន ១០០ គីឡូក្រាមរួចមកហើយ  ហើយនៅពេលជប៉ុនមានតម្រូវការបន្ថែមទៀត សហគ្រាសអាចផ្គត់ផ្គង់បានដល់ទៅ ១ តោនក្នុងមួយខែ ។

លោកបញ្ជាក់ថា សព្វថ្ងៃនេះសហគ្រាសបានផ្គត់ផ្គង់ផលិតផលចេញពីសាច់ត្រីទីឡាព្យាទៅកាន់ផ្សារទំនើបអ៉ីអន និងភោជនីយដ្ឋានជប៉ុនមួយចំនួននៅក្នុងស្រុក ។ បេសកកម្មរបស់សហគ្រាស Cambodia Fresh Farm គឺជួយប្រជាពលរដ្ឋឱ្យមានការងារធ្វើ ជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងជួយឱ្យកសិករយល់ដឹងពីបច្ចេកទេសចិញ្ចឹមត្រីផងដែរ ។

សហគ្រាស Cambodia Fresh Farm មានការទទួលស្គាល់គុណភាព និងសុវត្ថិភាព ដោយស្ថិតក្នុងកិច្ចគាំទ្ររបស់គម្រោង CAPFish ដែលជាគម្រោងផ្តល់ជំនួយបច្ចេកទេសដើម្បីទទួលបានវិញ្ញាបនប័ត្រ HACCP ។ ក្រៅអំពីវិញ្ញាបនប័ត្រ HACCP គម្រោងគាំទ្រលើការបោះជំហានចូលទីផ្សារសហភាពអឺរ៉ុប និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយឈ្មួញក្នុងស្រុក និងក្រៅស្រុក ។

តាមរយៈកិច្ចគាំទ្រពីគម្រោង CAPFish សហគ្រាស Cambodia Fresh Farm រំពឹងថា នឹងទទួលបានវិញ្ញាបនប័ត្រ HACCP និងពង្រីកចំណែកទីផ្សារក្នុងស្រុក អាចនាំចេញផលិតផលទៅកាន់ទីផ្សារប្រទេសជប៉ុន និងសហភាពអឺរ៉ុប ក៏ដូចជាទីផ្សារក្រៅស្រុកផ្សេងទៀត ។

ទាក់ទងទៅនិងបញ្ហាខាងលើនេះ លោកស្រី ឃឹម ចរិយា អ្នកសម្របសម្រួលគម្រោង CAPFish-Capture នៃអង្គការ UNIDO បានឱ្យដឹងថា គោលដៅរបស់គម្រោងសុវត្ថិភាពចំណីអាហារ គឺជាការងារស្នូលដ៏សំខាន់ក្នុងការជួយធ្វើម៉េចឱ្យអាជីវករក្នុងអាជីវកម្មផ្នែកជលផលមានភាពប្រកួតប្រជែងខ្លាំង ។ យើងដឹងហើយថា អ្នកប្រើប្រាស់បច្ចុប្បន្នមានការបារម្ភខ្លាំងអំពីអាហារដែលអាចប៉ះពាល់ដល់សុខភាព ។ អ៉ីចឹងអតិថិជនត្រូវការផលិតផលដែលមានគុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែង ដូច្នេះគោលដៅរបស់គម្រោង គឺព្យាយាមរៀបចំធ្វើយ៉ាងឱ្យប្រតិបត្តិករអនុវត្តគោលការអាម័យដើម្បីចែកចាយផលិតផលនៅក្នុងទីផ្សារ ។ សុវត្ថិភាពចំណីអាហារមានសារៈសំខាន់ណាស់សម្រាប់សុខភាពសាធារណៈ ។

ក្នុងចំណោមសហគ្រាសជលផលទាំង ២៨ ដែលធ្វើទំនើបកម្មប្រតិបត្តិការអាជីវកម្ម និងសុវត្ថិភាពចំណីអាហារ លោកស្រី ឃឹម ចរិយា ឱ្យដឹងថា បច្ចុប្បន្នគម្រោង CAPFish រៀបចំសហគ្រាសដែលមានសក្តានុពលមួយចំនួនសម្រាប់នាំផលិតផលចេញទៅក្រៅប្រទេស ហើយដែលចុងខែនេះគម្រោងនឹងនាំសហគ្រាសចំនួន ៤ ទៅផ្គូផ្គងអាជីវកម្មជាមួយប្រទេសបារាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ