រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក វង្ស ថាណាន់ បានលើកឡើងថា លោកបានបាត់បង់ចំណូលខ្ទង់ម៉ឺនដុល្លារ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ ខណៈពេលដែលលោកពិតជាមានការសោកស្តាយយ៉ាងខ្លាំង ក្នុងពេលដែលលោកជួបគ្រោះ ស្របពេលការងារកំពុងបុកមកខ្លាំង។
ហើយរហូតមកទល់នាពេលនេះ ស្ថានភាពរបួសរបស់លោក វង្ស ថាណាន់ បានវិវត្តន៍មករកសភាពកាន់តែប្រសើរឡើងវិញហើយ បន្ទាប់ពីលោកជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ អំឡុងពេលលោកបើកឡានចេញពីច្រៀងក្នុងកម្មវិធីប្រគំន្ដ្រីមួយនៅខេត្ត ហើយឆ្ពោះមករាជធានីភ្នំពេញវិញ។
តារាចម្រៀងរូបនេះ បានធ្វើដំណើរដោយរថយន្តម៉ាក Toyota Prius នៅលើផ្លូវជាតិលេខផ្លូវ៥ ក្នុងដំណើរចេញពីខេត្តបន្ទាយមានជ័យ ហើយក៏បានជួបហេតុការណ៍បុកជាមួយនឹងរថយន្តធុនធំមួយគ្រឿង ដែលចតចោលនៅលើផ្លូវត្រង់ចំណុចគីឡូលេខ១៦ ស្ថិតក្នុងខណ្ឌព្រែកព្នៅ បណ្តាលឲ្យលោករបួសបាក់ភ្លៅ ចំណែកឯរថយន្តវិញ រងការខូចខាតអស់មួយកំណាត់មុខទាំងស្រុងផងដែរ។
ក្រោយហេតុការណ៍កើតឡើងតារាចម្រៀងរូបនេះ បានលុបចោលកម្មវិធីទាំងអស់ដែលលោកទទួលទាំងការសម្តែងតាមខេត្ត និងនៅរាជធានីភ្នំពេញ ដោយសារតែលោកត្រូវប្រើពេលមួយរយៈធំសម្រាប់ការព្យាបាលដោយរបួសបាក់ភ្លៅ។
ម្ចាស់បទ «ស្នេហ៍ក្រៅផ្លូវការ» លោក វង្ស ថាណាន់ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា ក្រោយពីលោកជួបហេតុការណ៍គ្រោះថ្នាក់នេះ ចំពោះការច្រៀង និងសម្តែងខាងក្រៅ គឺលោកត្រូវលុបចោលទាំងអស់តែម្តង។ លោកបញ្ជាក់ថា មុនគ្រោះថ្នាក់ លោកបានទទួលការងារខុនសឺតតាមបណ្តាខេត្តជាច្រើន ហើយនៅក្នុងនោះក៏មានការច្រៀងនៅតាមក្លិបមួយចំនួនទៀតផងដែរ ដែលការងារទាំងអស់នោះ ត្រូវលុបចោលទាំងស្រុង ។
បើតាមលោក វង្ស ថាណាន់ ថា បើគិតពីការខាតបង់ចំណូលទាំងអស់នោះ គឺអាចដល់ខ្ទង់ម៉ឺនដុល្លារ ដោយសារលោកបានទទួលការងារច្រើនគួរសម ហើយណាមួយតម្លៃខ្លួនរបស់លោកនៅមួយរយៈចុងក្រោយនេះក៏មានការកើនឡើងផងដែរ។ យ៉ាងណា លោកនៅមិនទាន់ដឹងទេថា លោកនឹងត្រូវដោះស្រាយយ៉ាងណាចំពោះម្ចាស់ក្រុមហ៊ុនដែលលោកបានទទួលការច្រៀងទាំងអស់នោះឡើយ ដោយសារតែពេលនេះ លោកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតនៅឡើយ។
លោក វង្ស ថាណាន់ បានលើកឡើងបន្ថែមទៀតថា លោកពិតជាមានការសោកស្តាតយ៉ាងខ្លាំង ក្នុងពេលដែលលោកជួបហេតុការណ៍គ្រោះថ្នាក់នេះចំពេលដែលការងារចូលមកច្រើននាពេលនេះ។ លោកបញ្ជាក់ថា តាមរយៈការឲ្យដឹងពីក្រុមគ្រូពេទ្យយ៉ាងហោចណាស់លោកត្រូវចំណាយពេលយ៉ាងតិចមួយឆ្នាំ ទើបលោកអាចសម្តែងច្រៀងដូចធម្មតាឡើងវិញ ដោយសាររបួសបាក់ភ្លៅរបស់លោកបានវះដាក់ដែក និងចាំបាច់ត្រូវការលាងជារៀងរាល់ខែ ដើម្បីកុំអោយច្រែះ នៅមុនពេលដកដែកចេញ។
លោកបន្ថែមថា តាមស្ថានភាពជាក់ស្តែងក្រុមគ្រូពេទ្យថា ក្នុងរយៈពេលប្រហែលជាកន្លះឆ្នាំ គឺលោកអាចឈរច្រៀងបាន ប៉ុន្តែលោកមិនអាចហក់លោតជាក្បាច់រាំបានទេ។
ដោយឡែកពាក់ព័ន្ធការចេញបទចម្រៀងថ្មីៗវិញ តារាចម្រៀងលោក វង្ស ថាណាន់ បានអះអាងថា នៅមុនពេលលោកជួបគ្រោះថ្នាក់ចរាចរណ៍នេះ គឺលោកបានថតបទចម្រៀងថ្មីៗមួយចំនួនរួចហើយ ហើយក្នុងករណីផលិតកម្មចង់ឲ្យលោកច្រៀងចេញបទថ្មីទៀតនោះ គឺក៏មិនជាបញ្ហាចោទដែរ ដោយសារតែលោករបួសជើងតែប៉ុណ្ណោះ ពោលគឺលោកនៅអាចច្រៀងបានដូចដើម៕
ចែករំលែកព័តមាននេះ