ខេត្តសៀមរាប ៖ ដោយសារតែមានបញ្ហាវិបត្តិជំងឺកូវីដ១៩ ជាសកលនៅលើពិភពលោក គម្រោងតុក្កតាយក្ស ត្រូវបានអាក់ខាន។ ក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា បានធ្វើការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចាប់ពីដូសមូលដ្ឋានរហូតដូសបន្តបន្ទាប់ ជូនប្រជាពលរដ្ឋកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ដោយឥតគិតថ្លៃ ។
បន្ទាប់ពីពេលកម្ពុជាមានភាពធូរស្រាល និងការបើកប្រទេសឡើងវិញនោះ គម្រោងតុក្កតាយក្សឆ្នាំ២០២៣ បានរៀបចំឡើងវិញ ដោយបានដង្ហែនៅតាមដងវិថីនៅក្នុងក្រុងសៀមរាប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋនៅខេត្តសៀមរាបផងដែរ។ កម្មវិធីនេះ ចាប់ផ្តើមពីមុខវត្តដំណាក់អមតាមដងស្ទឹង ឆ្ពោះទៅកាន់សួនច្បារ ព្រះរាជដំណាក់ ដើម្បីជួបជុំគ្នាធ្វើការសម្តែងសិល្បៈផ្សេងៗផងដែរ ។
លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងគម្រោងតុក្តតាយក្សបានលើកឡើងថា លោកមានសេចក្តីសប្បាយរីករាយជាខ្លាំងនៅពេលដែលនឹងរៀបចំការដង្ហែ ដោយទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលធ្វើឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ។ លោកបន្តថា សម្រាប់ក្រុមការងារដែលរៀបចំដង្ហែទាំងអស់មានចំនួន៦០០នាក់ បូករួមជាមួយនឹងសិល្បករហ្វារផងដែរ ។
លោក អ៊ុន សាវ៉ាន់ ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តសៀមរាប ស្នងការនគរបាលខេត្ត ដោយមានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសម្រួលដល់កម្មវិធីដំណើរទៅយ៉ាងរលូន។ ហើយលោកក៏សង្ឃឹមថា ព្រឹត្តិការណ៍នេះ នៅឆ្នាំក្រោយនឹងមានភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ចូលរួមយ៉ាងច្រើនកុះករជាងនេះទៅទៀត បន្ទាប់ពីព្រឹត្តិការណ៍នេះ បានខកខានរៀបចំរយៈពេល២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
លោកបានបញ្ជាក់ថា គោលបំណង នៃការរៀបចំគម្រោងតុក្កតាយក្សឆ្នាំ២០២៣ មានចំនួន៧រូប ក្នុងនោះផងដែរមានរូបសត្វពពូលទឹក (ជាប្រភេទសត្វកម្រ និងជិតផុតពូជ), រូបកសិករ (គឺចង់លើកតម្លៃកសិករ ព្រោះបើអត់កសិករច្បាស់ណាស់ថា ប្រជាពលរដ្ឋនឹងពិបាកក្នុងការរស់នៅ ព្រោះយើងត្រូវការអង្ករ បន្លែ ត្រី សាច់ ដែលកសិផលផ្សេងៗយកមកបម្រើនៅតាមទីផ្សារ។ រូបអ្នកម្តាយ សត្វពស់ ត្រីគល់រាំង រូបព្រះវេស្សន្តរ និង រូបសត្វកម្រមួយទៀត ។ គម្រោងខាងលើនេះដែរ នាពេលកន្លងមក ក៏មានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបផងដែរ ។
លោក វិន ឈូ ដែលជាសិល្បករហ្វារ បានលើកឡើងថា ព្រឹត្តិការណ៍ធំៗបែបនេះ គឺខកខានរៀបចំរយៈពេល២ឆ្នាំមកហើយ ដោយសារជំងឺកូវីដ-១៩ ហើយនេះក៏ជាព្រឹត្តិការណ៍ធំមួយដែលបានរៀបចំបន្ទាប់ ពីជំងឺកូវីដ-១៩ផងដែរ ។ សម្រាប់លោកនេះជាលើកទី២ហើយ ដែលលោកបានចូលរួមក្នុងពិធីដង្ហែតុក្កតាយក្ស ដោយលើកទី១ នៅខេត្តបាត់ដំបង់ និងលើកទី២ នៅខេត្តសៀមរាបនេះ ។
ជាមួយនេះដែរ លោកស្រី ផា រីន ដែលបានចូលរួមអបអរសាទរក្នុងពិធីដង្ហែតុក្កតាយក្សឆ្នាំ២០២៣នេះ បានលើកថា លោកស្រីមានសេចក្តីសប្បាយរីករាយជាខ្លាំង ដោយបានឃើញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមកចូលរួមអបអរក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សនេះ។
លោកស្រីក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានសារៈសំខាន់ណាស់សម្រាប់ដាស់សតិអារម្មណ៍ដល់យុវជនយើងជំនាន់ក្រោយ ឲ្យយល់ពីសាសនា ដឹងគុណមាតាបិតា អាណាព្យាបាល ថែរក្សាបរិស្ថាន និងសម្បតិ្ដធម្មជាតិ ដែលមាននៅក្នុងប្រទេសកម្ពុជា ឱ្យបានគង់វង្សយូរ អង្វែងតទៅទៀត។ ម្យ៉ាងទៀត ក៏បានធ្វើការអប់រំដល់យុវជនកម្ពុជាយើង ឱ្យចៀសឲ្យឆ្ងាយពីគ្រឿងញៀ.ន និងគោរពនូវច្បាប់ចរាចរណ៍ ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងកុំឱ្យកើតមាននូវអំពើហិ.ង្សាក្នុងគ្រួសារនៅក្នុងសង្គម និងខិតខំសិក្សាឲ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព ដែលជាសសរស្តម្ភដ៏រឹងមាំ ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសឱ្យមានការអភិវឌ្ឍន៍រីកចម្រើទៅអនាគត៕
ចែករំលែកព័តមាននេះ