ខ្នងផ្សារ ១យប់ ២ថ្ងៃ តើធ្វើអ្វីខ្លះ? ហើយចំណាយអ្វីខ្លះ?
- កំពង់ស្ពឺ
កំពង់ស្ពឺ៖ ខ្នងផ្សារ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ នៅតំបន់រលាក់កងជើង ដែលជាតំបន់ព្រៃភ្នំ ហើយប្រជាជននៅទីនោះ ភាគច្រើន ជាជនជាតិភាគតិច។ ខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង…
កំពង់ស្ពឺ៖ ខ្នងផ្សារ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ នៅតំបន់រលាក់កងជើង ដែលជាតំបន់ព្រៃភ្នំ ហើយប្រជាជននៅទីនោះ ភាគច្រើន ជាជនជាតិភាគតិច។ ខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង…
កំពង់ស្ពឺ៖ ខ្នងផ្សារ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ នៅតំបន់រលាក់កងជើង ដែលជាតំបន់ព្រៃភ្នំ ហើយប្រជាជននៅទីនោះ ភាគច្រើន ជាជនជាតិភាគតិច។ ខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ភ្នំខ្នងផ្សារ ជាទីតាំងប្រសព្វមុំបី ដែលផ្សារភ្ជាប់ខេត្តចំនួនបី គឺកោះកុង កំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ពេលទៅលេងខ្នងផ្សារ រយៈពេល ១យប់ ២ថ្ងៃ តើធ្វើអ្វីខ្លះ? ហើយត្រូវចំណាយអ្វីខ្លះ?
សម្រាប់អ្នកមិនធ្លាប់ទៅខ្នងផ្សារសោះ ត្រូវតែមានអ្នកនាំផ្លូវ Guide ដែលគេអាចស្វែងរកក្រុមសហគមន៍ខ្នងផ្សារ ឬក៏តាមរយៈអ្នករៀបចំកញ្ចប់ទេសចរណ៍ពីភ្នំពេញ។
បើចេញដំណើរពីភ្នំពេញ គេងើបពីយប់ អាចម៉ោង ៤ ឬម៉ោង ៥ ចេញដំណើរ ដោយត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ហើយឆ្លងកាត់ស្ពានអាកាសខេត្តកំពង់ស្ពឺ ប្រហែលជាជាង ១គ.ម បត់ស្តាំ តាមការ៉ាស់សាំង កាល់តិច។ ធ្វើដំណើរប្រមាណ ១គ.ម ឬផ្លូវបត់ឆ្វេង នៅផ្លូវទី២ ដែលជាផ្លូវជាតិលេខ៤៤។ ផ្លូវនេះ ជាផ្លូវអ៊ុតកៅស៊ូ ឆ្ពោះទៅកាន់ទីរួមស្រុកឱរ៉ាល់ ដែលមានចម្ងាយប្រហែល ៥០គ.ម។ នៅហួសទីរួមស្រុកឱរ៉ាល់ តែប្រមាណជាង ១០០ម៉ែត្រ នឹងទៅដល់រង្វង់មូលដំរី។ នៅម្តុំរង្វង់មូលដំរី យើងអាចទទួលទានអាហារពេលព្រឹក ហើយខ្ចប់បាយ សម្រាប់ញ៉ាំពេលថ្ងៃត្រង់ និងអាចទិញត្រីសាច់ សម្រាប់យកទៅធ្វើម្ហូប។ យើងត្រូវបន្តដំណើរទៅមុខត្រង់ ចេញពីរង្វង់មូលដំរី ដែលជាផ្លូវដីហុយ ប្រមាណ ៣៥គ.ម ដោយឆ្លងកាត់តំបន់ទេសចរណ៍ធម្មជាតិ «តេទឹកពុះ» នៅខាងឆ្វេងដៃ ហើយយើងបន្តដំណើរទៅមុខរហូតដល់ភូមិរលាក់កងជើង ដែលជាតំបន់ភ្នំខ្នងផ្សារ។
ពេលទៅដល់ភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាតំបន់ភ្នំខ្នងផ្សារ គឺអ្នកទេសចរទាំងអស់ ត្រូវចូលទៅចុះឈ្មោះ នៅទីស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញ ដែលអ្នកស្រុកស្គាល់ថា «កន្លែងបរិស្ថាន»។ ក្នុងពេលចុះឈ្មោះ ដាក់លេខទូរស័ព្ទ និងអាសយដ្ឋានរួចហើយ អ្នកទេសចរខ្មែរម្នាក់ ត្រូវបង់លុយ ៤០០០រៀល។ រីឯជនបរទេស ត្រូវបង់ ៥ដុល្លារ ក្នុង ១ថ្ងៃ។ លុយនេះ ថ្លៃបរិស្ថាន។ នេះបើតាមមន្ត្រីបរិស្ថាន ប្រចាំការនៅទីស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញ។
បន្ទាប់មក បើអ្នកធ្វើដំណើរដោយឡាន គឺត្រូវទុកឡាន នៅកន្លែងបរិស្ថាននោះ ហើយជិះគោយន្តរបស់អ្នកភូមិ ដែលជាក្រុមសហគមន៍ខ្នងផ្សារ ដើម្បីឆ្ពោះទៅកាន់ភ្នំខ្នងផ្សារ។
មន្ត្រីបរិស្ថានដដែល លើកឡើងថា គោយន្ត ១គ្រឿង អាចជិះបានជាង ១០នាក់ ថ្លៃ ១២ម៉ឺនរៀល គិតទាំងទៅ និងទាំងមក។ ចំណែក Guide ម្នាក់ ថ្លៃ ៨ម៉ឺនរៀល ដោយគិត ២ថ្ងៃ ១យប់។ នៅពេលឡើងខ្នងផ្សារ យ៉ាងហោចណាស់ អ្នកទេសចរ ត្រូវចំណាយពេល ២ថ្ងៃ ១យប់ ដោយឡើងភ្នំ ត្រូវចំណាយពេលជិត ១ថ្ងៃ ហើយឈប់សម្រាកគេង ១យប់ រហូតដល់ព្រឹកឡើងម៉ោង ១០ ឬម៉ោង ១១ ទើបចុះមកក្រោមវិញ។
សម្រាប់អ្នកមិនស្គាល់ផ្លូវ ដាច់ខាត ត្រូវមាន Guide នាំផ្លូវទៅ ទើបអាចឡើងទៅដល់។ ម្យ៉ាង Guide ក៏អាចស្ពាយឥវ៉ាន់ ឬក៏ដឹកតាមម៉ូតូនូវកាបូប និងសម្ភារៈរបស់អ្នកទេសចរ ព្រមទាំងចម្អិតម្ហូបអាហារនៅលើភ្នំផងដែរ។
សម្រាប់អ្នកជិះម៉ូតូវិញ គឺពេលនេះ គេកំពុងធ្វើផ្លូវ ដែលអាចបើកម៉ូតូឡានឡើងចុះបាន។ ការដ្ឋានធ្វើផ្លូវទៅកាន់ខ្នងផ្សារ ត្រូវបានអ្នកស្រុក និងមន្ត្រីបរិស្ថាន ប្រាប់ថា ក្រុមហ៊ុនចិន កាយធ្វើផ្លូវ ដើម្បីរៀបចំបង្គោលភ្លើង ដែលចេញពីវារីអគ្គិសនី នៅខេត្តកោះកុង។ ប៉ុន្តែបើពិនិត្យតាមជាក់ស្តែង គឺផ្លូវថ្មី ដែលកាយធ្វើលុបលើផ្លូវចាស់នោះ គោលបំណង ដើម្បីបើកឡានម៉ូតូ ឡើងឱ្យដល់ចំការដើមស្រស់ នៅលើកំពូលភ្នំ ដែលជាតំបន់ភ្នំខ្នងផ្សារតែម្តង។
ដើម្បីឱ្យដំណើរកម្សាន្តទៅកាន់ខ្នងផ្សារ ងាយស្រួល សម្រាប់អ្នកមិនដែលទៅសោះ គួរតែទៅតាម Tour ដែលគេរៀបចំជាកញ្ចប់ទេសចរណ៍ ១ Set។ ដំណើរកម្សាន្តទៅកាន់ខ្នងផ្សារ ២ថ្ងៃ ១យប់ គឺបើធ្វើដំណើរតាមម៉ូតូផ្ទាល់ខ្លួន ត្រូវបង់ម្នាក់ ២២ដុល្លារ។ បើធ្វើដំណើរតាមឡាន ថ្លៃ ៤៩ដុល្លារ ( អ្នករៀបចំកញ្ចប់ទេសចរណ៍ ជួលឡានស្រាប់ )។
តម្លៃកញ្ចប់ទេសចរណ៍ ១យប់ ២ថ្ងៃនេះ គឺខាងអ្នករៀបចំ រ៉ាប់រងលើអាហារ ៣ពេល ( ពេលល្ងាចទៅដល់ មានបាយ ម្ហូបចម្អិតភ្លាមៗ នៅតំបន់ខ្នងផ្សារ ពេលព្រឹកថ្ងៃទី២ មានបបរមាន់ និងមានបាយម្ហូប សម្រាប់ខ្ចប់ ពេលចុះក្រោមវិញ ) ទឹកបរិភោគ Guide នាំផ្លូវ តង់ស្នាក់នៅ និងបង់ថ្លៃបរិស្ថាន។ នេះសម្រាប់អ្នកធ្វើដំណើរតាមម៉ូតូផ្ទាល់ខ្លួន។ សម្រាប់អ្នកធ្វើដំណើរតាមឡាន គឺអ្នករៀបចំជួលឡានឱ្យ និងមានអាហារ ៣ពេល ទឹកបរិភោគ Guide នាំផ្លូវ តង់ស្នាក់នៅ និងបង់ថ្លៃបរិស្ថាន ដូចម៉ូតូដែរ។
សម្រាប់អ្នកធ្វើដំណើរតាមឡាន គឺពេលទៅដល់កន្លែងបរិស្ថាន បន្ទាប់ពីចុះឈ្មោះរួច ត្រូវបន្តដំណើរតាមគោយន្ត ឆ្ពោះទៅកាន់ផ្លូវដើរឡើងខ្នងផ្សារ។ រីឯអ្នកធ្វើដំណើរតាមម៉ូតូ បន្តជិះម៉ូតូ ចេញពីកន្លែងបរិស្ថាន តាមផ្លូវឡើងខ្នងផ្សារ រហូតដល់ចង្កេះភ្នំ ទើបផ្ញើម៉ូតូ នៅកន្លែង ដែលគេរៀបចំ ហើយដើរឡើងភ្នំ។
គេអាចចំណាយពេលលឿនយឺត តាមអ្នកដើរម្នាក់ៗ តែយ៉ាងហោចណាស់ ក៏មិនក្រោម ៣ម៉ោងដែរ ដោយសារតែត្រូវចាំគ្នាផង ហត់ផង ឈប់សម្រាកផង ហើយមេឃក្តៅទៀត នៅខែនេះ។ ណាមួយ ផ្លូវថ្មី ដែលគេកំពុងឈូសឆាយនោះ វាល មិនសូវមានម្លប់ជ្រក ដូចផ្លូវចាស់ ដែលជារបៀបផ្សងព្រេង ឬ Adventure។
តាមបទពិសោធន៍ កាលពីថ្ងៃសៅរ៍-អាទិត្យ ទី៤-៥មីនានេះ ការធ្វើដំណើរចេញពីភ្នំពេញ ទៅលេងខ្នងផ្សារ គឺត្រូវជួបជុំគ្នា នៅម៉ោង ៤ទៀបភ្លឺ នៅមុខមន្ទីរពេទ្យកុមារជាតិ ទាំងអ្នកធ្វើដំណើរតាមម៉ូតូ និងតាមឡាន។ ទម្រាំជួបជុំគ្នា ម៉ោង ៥ ទើបបានវិលកង់ ចេញដំណើរ។ ម៉ោងជាង ៨ អ្នកធ្វើដំណើរតាមម៉ូតូ និងតាមឡាន ទៅជុំគ្នានៅកន្លែងបរិស្ថាន ហើយបន្តដំណើរ ទៅកាន់ខ្នងផ្សារ។
អ្នកដើរឡើងភ្នំ ដែលស្ពានតវ៉ាន់ ដូចជា តង់ ទឹកបរិសុទ្ធ និងកាបូបសម្លៀកបំពាក់ ជាដើម បានឡើងដល់កន្លែងស្នាក់ នៅតំបន់ខ្នងផ្សារ ម៉ោងជាង ២រសៀល។ ដូច្នេះគេត្រូវខ្ចប់បាយ ឬមានអាហារសម្រន់ សម្រាប់ទទួលទាន ពេលបាយថ្ងៃត្រង់។ ទម្រាំជួបជុំគ្នាអស់ ដោយសារតែមានអ្នកដើរយឺត រហូតម៉ោង ៥ល្ងាច។
នៅខែនេះ មេឃស្រឡះ ថ្ងៃលិច និងថ្ងៃរះស្អាត។ តែសប្តាហ៍នេះ ចំពេលសហគមន៍ដុតស្មៅ ដែលក្រៀមស្វិត ដើម្បីឱ្យលាស់ស្មៅខ្ចី ពណ៌ខៀវស្រងាត់ឡើងវិញ ដោយអាចចំណាយពេល ២អាទិត្យ ទៅ ៣អាទិត្យទៀត។
.ធ្វើអ្វីខ្លះ ពេលឡើងដល់តំបន់ខ្នងផ្សារ?
នៅពេលឡើងដល់តំបន់ខ្នងផ្សារ ដែលជាកន្លែងស្នាក់នៅ ដោយបោះតង់ គឺក្រុមអ្នកនាំផ្លូវ រៀបចំដាំទឹក ដាំបាយ និងធ្វើម្ហូប ដោយអ្នកទេសចរយើង អាចជួយគ្នា ១ដៃ ១ជើង ដើម្បីចម្អិតអាហារ សម្រាប់បាយពេលល្ងាច។ មុនពេលបាយល្ងាច អ្នកទេសចរយើង អាចឡើងទៅលើភ្នំខ្នងសំពៅ។
សូមបញ្ជាក់ថា អ្នកទេសចរ ពេលឡើងដល់តំបន់ខ្នងផ្សារ ត្រូវបោះតង់ស្នាក់នៅជាប់ជើងខ្នងភ្នំសំពៅ ជាប់ចំការដើមស្រល់ ដោយសារតែនៅទីនោះ មានស្នាក់ការមន្ត្រីបរិស្ថាន និងមានបន្ទប់ទឹកស្អាត ១អគារ ច្រើនបន្ទប់។ បន្ទប់ទឹកទាំងនេះ អ្នកទេសចរ អាចបត់ជើង និងងូតទឹក ព្រមទាំងប្រើប្រាស់ទឹកស្អាតបាន ដោយឥតគិតថ្លៃ។
នៅទីនេះ មានត្រឹមភ្លើងអំពូលសូឡា ដែលមិនសូវភ្លឺប៉ុន្មានទេ នៅពេលយប់។ ដូច្នេះអ្នកទេសចរម្នាក់ៗ ត្រូវមានពិល និងប្រដាប់បំភ្លឺផ្ទាល់ខ្លួន ព្រមទាំងមានសាប៊ូ ជាសាប៊ូម្ស៉ៅ សាប៊ូកក់សក់ និងសាប៊ូលាងចានឆ្នាំង។
បន្ទាប់ពីបាយល្ងាចហើយ ក៏មានកម្មវិធីអង្គុយជុំវិញភ្នក់ភ្លើង ញាំតែ កាហ្វេ ដុតដំឡូង ជជែកគ្នាលេង មើលផ្កាយ មើលទេពស្រយុត ជាដើម។ មុនបាយល្ងាច Guide បានចែកតង់ និងបោះតង់ សម្រាប់អ្នកទេសចរ ហើយអ្នកទេសចរ ក៏អាចជ្រើសរើស គេងលើអង្រឹង ក៏បាន។ នៅពេលយប់ អាកាសធាតុចុះត្រជាក់ខ្លាំងមែនទែន ដែលទាមទារឱ្យមានភួយក្រាស់ៗ ហើយបើគេងក្នុងតង់ មិនសូវត្រជាក់រងារខ្លាំង ដូចគេងលើអង្រឹងនោះទេ។
នៅព្រឹកថ្ងៃទី២ គឺត្រូវក្រោកពីម៉ោង ៤ព្រឹក ហើយជួបជុំគ្នា ដើរទៅកាន់ខ្នងផ្សារ ដើម្បីមើលថ្ងៃរះ និងថតរូប។ នៅលើកំពូលភ្នំ ខ្នងផ្សារ អាកាសធាតុកាន់តែត្រជាក់រងារខ្លាំងជាងនៅកន្លែងគេងទៅទៀត។ កន្លែងបោះតង់គេងនេះ ស្ថិតនៅជាប់ជើងភ្នំខ្នងសំពៅ ហើយខ្នងស្រូវ នៅកន្លែង និងបន្ទាប់មក គឺខ្នងផ្សារ។ ដោយឡែកនៅខាងក្រោយ កន្លែងគេង មើលទៅឃើញភ្នំខ្នងក្រពើ ដែលវែងហើយធំជាងភ្នំខ្នងសំពៅ ខ្នងស្រូវ និងខ្នងផ្សារទៅទៀត។ បើសិនជាត្រូវទៅលេងនៅខ្នងក្រពើ ត្រូវចំណាយពេលគេង ១យប់ទៀត ដោយត្រូវទៅគេងនៅខ្នងក្រពើ នាយប់ថ្ងៃទី២។
អ្នកទេសចរ ត្រូវចំណាយពេលជាង ១ម៉ោង ដើម្បីដើរពីកន្លែងបោះតង់គេង ទៅកាន់ខ្នងផ្សារ ដោយមាន Guide នាំផ្លូវ។ ផ្លូវដើរនេះ ជាផ្លូវ សម្រាប់តែថ្មើរជើង និងមានលក្ខណៈផ្សងព្រេង តាមរសជាតិដើមពិតៗ។ ទៅដល់ខ្នងផ្សារ មេឃមិនទាន់ភ្លឺទេ។ យើងអាចឈប់សម្រាក រហូតដល់ម៉ោងជាង ៦ព្រឹក ទើបថ្ងៃរះ ឡើងមូលក្រឡង់ ពណ៌ក្រហមឆ្អៅ ចំពោះពីមុខពយខ្នងផ្សារ។ ប៉ុន្តែដូច Guide ប្រាប់នៅកន្លែងគេងមុននេះ គឺនៅលើខ្នងផ្សារ អាកាសធាតុត្រជាក់រងារខ្លាំង រហូតដល់ត្រជាក់ស្ពឹកចុងដៃ ទោះជាម្នាក់ៗ ពាក់អាវរងារក្រាស់ៗ មានភួយ និងកន្លែងក្រាស់ៗ ដណ្តប់ហើយក៏ដោយ។
បន្ទាប់ពីមើលថ្ងៃរះ និងថតរូបអស់ចិត្តហើយ ម៉ោង ៧ព្រឹក Guide បាននាំក្រុមអ្នកទេសចរ ដើរត្រឡប់មកកន្លែងបោះតង់វិញ។ ពេលមកដល់ ឈប់បាត់ហត់ គេអាចទទួលទានបបរមាន់ក្តៅៗ ដែលក្រុមការងាររបស់ Guide បានចម្អិតដ៏ឆ្ងាញ់ពិសា។ អ្នកខ្លះបបររួច ដាក់កាហ្វេកញ្ចប់ ឬតែក៏បាន។ ក្រោយញ៉ាំបបរហើយ សម្រាកបន្តិច រៀបចំឥវ៉ាន់ និងរើតង់ ហើយខាង Guide រៀបចំឱ្យអ្នកទេសចរ ខ្ចប់បាយ និងម្ហូប សម្រាប់ញ៉ាំ ពេលចុះក្រោមវិញ។ ពេលចុះពីខ្នងផ្សារ អ្នកដើរលឿន អាចចំណាយពេល មិនដល់ ១ម៉ោងទេ ដោយដើរផង និងរត់តិចផង នឹងមកដល់កន្លែងគោយន្ត និងម៉ូតូ។ តែក៏ត្រូវប្រយ័ត្នដែរ ព្រោះពេលគេឈូសឆាយផ្លូវនេះ រាងចោទ ហើយផ្លូវមិនទាន់រួចរាល់ ក៏អាចរអិលដួលផងដែរ។
ក្រៅពីអ្នកឡើងភ្នំខ្នងផ្សារ តាមរយៈ Guide ក៏មានក្រុមយុវជន ទៅលេង និងបោះតង់គេង ជាក្រុមៗ ដោយមិនមាន Guide បានដែរ។ នេះសម្រាប់អ្នកដែលធ្លាប់ទៅលេងខ្នងផ្សារ និងស្គាល់ផ្លូវច្បាស់លាស់ហើយ។ ណាមួយ ពេលនេះ មានផ្លូវថ្មី ដែលគេឈូសឆាយធំ ហើយមានតែ ១ ដូច្នេះនឹងមិនរង្វេងផ្លូវ ក្នុងព្រៃដូចមុនទេ។
.ក្រុមមន្ត្រីបរិស្ថាន និងសហគមន៍ខ្នងផ្សារ
ក្រុមមន្ត្រីបរិស្ថាន មានកិច្ចសហការល្អ ជាពិសេសជាមួយនឹងក្រុមហ៊ុន ដែលជាអ្នកនាំភ្ញៀវពីភ្នំពេញ ទៅលេងខ្នងផ្សារ។ ក្រុមន្ត្រីបរិស្ថាន ក៏ធ្វើការ និងសហការជាមួយនឹងក្រុមសហគមន៍ ដែលគេហៅថា Guide និងជាអ្នកស្រុកអ្នកភូមិនៅតំបន់ខ្នងផ្សារ សម្រាប់នាំផ្លូវអ្នកទេសចរ ទៅលេងលើភ្នំខ្នងផ្សារផងដែរ។
តែក៏មាន Guide ជាអ្នកភូមិក្នុងសហគមន៍ខ្លះ មិនសហការជាមួយមន្ត្រីបរិស្ថាន ដោយមិនជួយរៀបចំធ្វើការងារសហគមន៍ ដូចជា ការពារសត្វព្រៃ សម្អាតបរិស្ថាន រៀបចំសង់រោងបាយ និងសម្អាតបន្ទប់ទឹក ជាដើម។
អ្នកទេសចរ ទៅខ្នងផ្សារ តាមរយៈ Guide ពីសហគមន៍ ហាក់ដូចជា មិនអធិកអធ័ម ដូចក្រុមអ្នកទេសចរ ដែលធ្វើដំណើរ ទៅតាម Guide របស់ក្រុមហ៊ុន ដែលមានកិច្ចសហការល្អជាមួយមន្ត្រីបរិស្ថាន ដែលទទួលបន្ទុកគ្រប់គ្រង មើលការខុសត្រូវតំបន់ខ្នងផ្សារនោះទេ។ ដូច្នេះទើបកន្លងមក កើតមានករណីលួចវាយសោរទ្វាររបស់មន្ត្រីបរិស្ថាន ដែលជាកន្លែងទុកដាក់ឥវ៉ាន់ នៅលើខ្នងផ្សារជាញឹកញាប់។
អ្នកទេសចរ ទៅតាម Guide ដែលជាដៃគូសហការរបស់មន្ត្រីបរិស្ថាន អាចប្រើបន្ទប់ទឹកដោយឡែកពីអ្នកទេសចរឯកជន ឬក៏ទៅតាម Guide សហគមន៍។ អ្នកទេសចរឯកជន ឬក៏ទៅតាម Guide សហគមន៍ ក៏មិនអាចប្រើប្រាស់ចង្ក្រាន្ត ដុតអុស និងរោងបាយរបស់មន្ត្រីបរិស្ថាន ដែលស្ថិតនៅជិតនឹងបន្ទប់ទឹកបានទេ។ តែពួកគេ អាចប្រើប្រាស់ទឹកស្អាត សម្រាប់ប្រើប្រាស់ លាងចានឆ្នាំង និងបន្ទប់ទឹកស្អាតទាំងនោះ បានដោយមិនគិតថ្លៃ។
ការមិនអនុញ្ញាតឱ្យប្រើបន្ទប់ទឹកឡូកលំគ្នាដូច្នេះ ត្រូវបានបុរសម្ចាស់ផេក «ស្តេចព្រៃ» ដែលអះអាងថា ជាក្រុមហ៊ុនទេសចរណ៍ និងមានទំនាក់ទំនងល្អរបស់មន្ត្រីបរិស្ថាន បានបញ្ជាក់ថា ការបែងចែកដូច្នេះ ដោយសារតែកន្លងមក ក្រុម Guide សហគមន៍ និងអ្នកទេសចរមួយចំនួន ប្រើប្រាស់បន្ទប់ទឹក មិនមានអនាម័យ បង្កការកកស្ទះ និងមានក្លិនមិនល្អ ជាដើម។ ដូច្នេះហើយ ទើបបែងចែកបន្ទប់ទឹកឱ្យដាច់ពីគ្នា ដើម្បីដឹងថា តើអ្នកទេសចរខាងណា ប្រើប្រាស់បន្ទប់ទឹក បង្កការកកស្ទះ និងមិនមានអនាម័យ។
បុរសអ្នកជំនាញដើរព្រៃ និងនាំអ្នកទេសចរទៅលេងព្រៃភ្នំរូបនេះ ក៏បានឱ្យដឹងពីតម្លៃជួល Guide សហគមន៍នៅខ្នងផ្សារថា តម្លៃគោល ក្នុង ១ថ្ងៃ ២០ដុល្លារម្នាក់ ហើយបើស្ពាយឥវ៉ាន់លើស ១៦គ.ក គឺត្រូវគិតតម្លៃ ១គ.ក ៦០០០រៀល ឡើង និងចុះវិញថ្លៃ ៦០០០រៀល ក្នុង ១គ.ក។ ក្នុងនោះ ក៏មាន Guide សហគមន៍ខ្លះ ទារថ្លៃស្ពានឥវ៉ាន់ឡើងចុះភ្នំខ្នងផ្សារ តម្លៃ ១គ.ក រហូតដល់ ១ម៉ឺនរៀលផងដែរ៕
( ទិដ្ឋភាពតំបន់ខ្នងផ្សារ នាថ្ងៃទី៤-៥មីនា ឆ្នាំ២០២៣ )
ចែករំលែកព័តមាននេះ