ខេត្តបាត់ដំបង ៖ អំពើ«ចោរកម្ម» ដែលគេគិតថា ជារឿងកំប៉ិកកំប៉ុកអង្ករកំប៉ុង ពេលនេះបាននិងកំពុងកើតឡើងកាន់តែខ្លាំងស្ទើរគ្រប់រូបភាព និងគ្រប់ទីកន្លែងនៅក្នុងក្រុងបាត់ដំបង ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងការធ្វើដំណើរស្របពេលកម្លាំងសមត្ថកិច្ចត្រូវគេសង្កេតឃើញថា ហាក់ទម្លាក់ចោលនូវភារកិច្ចរបស់ខ្លួន សូម្បីប្រជាពលរដ្ឋទូរស័ព្ទប្ដឹងសុំអន្តរាគមន៍ពេលកើតហេតុ ក៏គេលែងរវីរវល់លែងអើពើអស់ទៅហើយ ធ្វើឲ្យជន់ល្មើសកាន់តែបង្កើនសកម្មភាពទ្វេដង ។
បទល្មើសដែលលោកសមត្ថកិច្ចតែងឆ្លើយតបបែបចម្អកទៅកាន់ពលរដ្ឋនោះមានដូចជា«ចោរកាត់ខ្សែភ្លើង ចោរឆក់ ចោរគាស់ផ្ទះ ឬចោរលួចទ្រព្យសម្បត្តិតាមដងផ្លូវ» ។ បទល្មើសទាំងនេះ បាននិងកំពុងកើតមានឡើងស្ទើរគ្រប់ទីកន្លែងទាំងយប់ទាំងថ្ងៃនៅក្នុងក្រុងបាត់ដំបង ហើយពេលនេះជនល្មើស ហាក់បង្កើនសកម្មភាពកាន់តែខ្លាំង មួយយប់កើតឡើងពីពីរទៅបីករណី ឬលើសនេះក៏មាន តែសមត្ថកិច្ចហាក់ស្ងាត់ឈឹងគ្មានសកម្មភាពឡើយ ។
ជាក់ស្ដែង កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៣០ តុលា ជនសង្ស័យ ដែលគេអះអាងថា ជាមុខសញ្ញាដែលគេធ្លាប់ប្រទះឃើញ ហើយធ្លាប់រាយការណ៏ប្រាប់សមត្ថកិច្ចគ្រប់ពេលបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងខ្នាតធំអស់ចំនួនពីរខ្សែនៅខាងហាងធ្វើនំប៉័ងមួយកន្លែងក្បែររបង «វិមានសព» ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខណៈអំពើ«ឆក់យកទ្រព្យសម្បត្តិ» ផ្អើលអ្នកដំណើរតាមដងផ្លូវបានកើតឡើងកាលពីក្បាលព្រលប់ ។
ម្ចាស់ហាងនំប៉័ង អ្នកស្រី វែង ទៀង បានប្រាប់ថា នៅវេលាម៉ោង២ទៅម៉ោង៣រំលងអធ្រាត្រ កម្មករកំពុងធ្វើនំនៅឡើយ ។ ដូច្នេះ ខ្សែភ្លើងដែលត្រូវចោរលួចកាត់នោះ អាចកើតឡើងក្នុងចន្លោះពីម៉ោង៣ទៅម៉ោង៤ទៀបភ្លឺ ហើយគាត់បានដឹងពេលព្រឹកព្រលឹមពេលគាត់មកដល់ហាង ។ ដោយឡែក សាក្សីនៅក្បែរនោះ បាននិយាយថា ពួកចោរលួចកាត់ខ្សែភ្លើងនោះមានគ្នាប្រហែលបីនាក់ ហើយមុខដដែលៗ ។ ពួកគេតែងធ្វើជាអ្នកអូសរទេះដើររើសអេតចាយពេលយប់ តែគោលដៅចម្បង គឺ«លួច»មិនរើសមុខ ។ សាក្សីបានបញ្ជាក់ថា កាលពីក្បាលព្រលប់ គេឃើញជនម្នាក់ជិះម៉ូតូកញ្ចាស់ឆ្លងកាត់ទៅមកទីនោះ ហើយពិនិត្យមើលខ្សែភ្លើងនៅតាមដងផ្លូវ លុះយប់ឡើងស្រាប់តែមានបាត់ខ្សែភ្លើងតែម្ដង ។
បច្ចុប្បន្ន គេសង្កេតឃើញបបទល្មើស ដែលកំពុងកើតឡើងរំខានខ្លាំងបំផុតដល់ការរស់នៅរបស់ប្រជាពលរដ្ឋគឺករណី «ចោរលួចកាត់ខ្សែភ្លើងពេលយប់ ចោរឆក់យកទ្រព្យសម្បត្តិអ្នកដំណើរ ចោរគាស់ផ្ទះ និងចោរកាច់សោរលួចម៉ូតូ» ។ អំពើចោរកម្មទាំងនេះ បានកើតឡើងស្ទើរគ្រប់ទីកន្លែង និងស្ទើររាល់យប់ថ្ងៃ ។ ប្រជាពលរដ្ឋ ឬជនរងគ្រោះតែងរាយការណ៍ ឬប្ដឹងទៅសមត្ថកិច្ចជាបន្តបន្ទាប់ រាប់ចាប់តាំងមុនមុខសញ្ញាត្រៀមធ្វើសកម្មភាព រហូតកំពុងធ្វើសកម្មភាព ពេលខ្លះត្រូវចាប់បានជនដៃដល់ទៀតផង តែពេលខ្លះសមត្ថកិច្ចមិនបានឆ្លើយតប មិនអើពើ ឬចេញជួយអន្តរាគមន័តាមការស្នើសុំរបស់ជនរងគ្រោះឡើយ ។
ផ្ទុយទៅវិញ លោកសមត្ថកិច្ចថែមទាំងស្ដីបន្ទោសតបទៅជនរងគ្រោះឬអ្នកប្ដឹងវិញថា «ជារឿងកំប៉ិកកំប៉ុកសោះ ក៏ប្ដឹងដែរ»។ ទង្វើដោយគ្មានការទទូលខុសត្រូវរបស់លោកសមត្ថកិច្ចបែបនេះ បានកើតឡើងជាញឹកញាប់ជាមួយប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង រហូតពលរដ្ឋសម្រេចឈប់ប្ដឹងឬរាយការណ៍ទៅសមត្ថកិច្ច នៅពេលជួបនូវអំពើចោរកម្មក្រោយៗមក រហូតដល់សព្វថ្ងៃនេះ ។
បើតាមប្រភពព័ត៌មានដែលកោះសន្តិភាពទទូលបានពីជនរងគ្រោះផ្ទាល់ និងយោងតាមប្រភពខ្លះៗពីសមត្ថកិច្ច បានឲ្យដឹងថា គ្រាន់តែមួយរយៈពេលចុងក្រោយនេះ នៅក្នុងក្រុងបាត់ដំបងអំពើ «ចោរកម្ម» ដូចបទល្មើសខាងលើនេះ បានកើតឡើងរាប់សិបករណី ។
ជាពិសេស «ចោរឆក់ និងចោរកាច់សោលួចម៉ូតូ»។ ភាគច្រើនជនរងគ្រោះមិនបានប្ដឹងឬរាយការណ៍ប្រាប់សមត្ថកិច្ចទេ ព្រោះពួកគេហាក់អស់ជំនឿលើសមត្ថកិច្ច ឬ ខ្លាចត្រូវសមត្ថកិច្ចស្ដីបន្ទោសតបវិញ ។ ដោយឡែក ករណីខ្លះទៀត ជនរងគ្រោះបានដាក់បណ្ដឹង តែត្រូវមន្ត្រីមូលដ្ឋានបិទបាំងមិនធ្វើរបាយការណ៍ទៅការិយាល័យជំនាញ ឬរាយការណ៍ជូនថ្នាក់លើបានជ្រាបទេ ។ ដូច្នេះហើយ ទើបមន្ត្រីការិយាល័យជំនាញត្រូវជួបការលំបាក ក្នុងការស៊ើបអង្កេតតាមចាប់ខ្លួនជនសង្ស័យ ។
ពាក់ព័ន្ធករណីនេះ បើតាមមន្ត្រីខ្លះបានបង្ហើបឲ្យដឹងថា ពេលនេះមន្ត្រីជំនាញមួយចំនួនហាក់លែងចង់រវីរវល់នឹងការងារអស់ហើយ ដោយសារនៅក្នុងអង្គភាពមានការចែកបក្ខ ចែកពួកនាំឲ្យមានជម្លោះផ្ទៃក្នុងដែលផ្ដើមចេញពីការទំនាស់ផលប្រយោជន៍ បូកផ្សំថ្នាក់ដឹកនាំធ្វើព្រងើយកន្តើយ មិនសូវគិតគូរ ថែមទៀតធ្វើឲ្យកម្លាំងជំនាញមានសតិអារម្មណ៍សំងំស្ងៀមរៀងៗខ្លួន ទើបធ្វើឲ្យលោកចោរបានដៃ មានឪកាសចេញធ្វើសកម្មភាពតាមទំនើងចិត្ត ដែលកើតឡើងគ្រប់ទីកន្លែង និង គ្រប់រូបភាព ស្របពេលវិធានការទប់ស្កាត់ ឬ ផែនការស្រាវជ្រាវបង្ក្រាបបទល្មើសរបស់លោកអធិការក្រុបាត់ដំបង ត្រូវគេមើលឃើញថា «គ្មានសកម្មភាពទាំងអស់» ។
មានមតិខ្លះបានលើកឡើងថា ការបន្ថយសកម្មភាពចេញទប់ស្កាត់ ឬបង្ក្រាបបទល្មើសរបស់សមត្ថកិច្ចនេះ ទំនងអាចមានសតិអារម្មណ៍ ដោយសារតែការបាត់បង់ប្រាក់ចំណូលដ៏ធំដុំពីបនល្បែងស៊ីសង ដែលរដ្ឋាភិបាលបានបញ្ជាឲ្យបិទជិតឈឹង មិនអនុញ្ញាតឲ្យសេសសល់ខ្លះគ្រាន់បានថ្លៃបាយទឹក៕
ចែករំលែកព័តមាននេះ