ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​ធុរកិច្ច​ធំមួយនឹង​បង្ហាញ​ពី​បរិបទ​អំណោយផល​របស់​កម្ពុជា និងឱកាសសម្រាប់​ក្រុមហ៊ុន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារក្រៅប្រទេស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម បារាំង – កម្ពុជា ហៅកាត់ថា (CCIFC) និង​គណៈកម្មាធិការ​ទីប្រឹក្សា​ពាណិជ្ជកម្ម​បរទេស​នៃ​ប្រទេស​បារាំង​ប្រចាំ​កម្ពុជា (CCE)…

រាជធានី​ភ្នំពេញ​៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម បារាំង – កម្ពុជា ហៅកាត់ថា (CCIFC) និង​គណៈកម្មាធិការ​ទីប្រឹក្សា​ពាណិជ្ជកម្ម​បរទេស​នៃ​ប្រទេស​បារាំង​ប្រចាំ​កម្ពុជា (CCE) នឹង​រៀបចំ​កម្មវិធី «​វេទិកា​ធុរកិច្ច​បារាំង​-​កម្ពុជា​» ជា​លើក​ដំបូង​បង្អស់រយៈពេល ២ ថ្ងៃ គិតចាប់ពីថ្ងៃ​ទី​៩ និង​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​បង្ហាញ​ពី​បរិបទ​អំណោយផល​របស់​កម្ពុជា សម្រាប់​ធុរកិច្ច ហើយ​ក៏​ដូច​ជា​បង្ហាញ​ថា កម្ពុជា ជា​ច្រក​ដែល​មាន​ភាព​ងាយស្រួល មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ និង​មាន​ប្រសិទ្ធភាព សម្រាប់​ក្រុមហ៊ុន ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាស៊ី និង​ពិភពលោក​ផង​ដែរ ​។

លោក Arnaud Darc ប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​បរទេស​នៃ​ប្រទេស​បារាំង ប្រចាំ​កម្ពុជា ។ រូបថត៖ ស្រី គំនិត

ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២២ នេះ លោក Arnaud Darc ប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​បរទេស​នៃ​ប្រទេស​បារាំង ប្រចាំ​កម្ពុជា បានឱ្យ​ដឹង​ថា​៖ «​នៅ​ក្នុង​ប្រទេស​កម្ពុជា CCE មាន​គណៈកម្មាធិការ ទីប្រឹក្សា​ចំនួន ១៣ នាក់​ដែល​បាន​ចាប់តាំង​ផ្ទាល់​ដោយ​នាយក​រដ្ឋមន្ត្រី​បារាំង និង​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយនឹង​ស្ថានទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា ។ CCE ដើរតួ​នាទី​ក្នុង​ការ​ជម្រុញ​ធុរកិច្ច ឬ​ក៏​ក្រុមហ៊ុន​បារាំង​អោយ​ធ្វើការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ការ​សហការ​និង​ការ​អភិវឌ្ឍន៍​ផ្សេង​ៗ​ទៀត​ផង​ដែរ​» ​។

លោក Soreasmey KEBIN ប្រធាន​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម បារាំង-កម្ពុជា ។ រូបថត៖ ស្រី គំនិត

លោក Soreasmey KEBIN ប្រធាន​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម បារាំង​-កម្ពុជា បាន​និយាយ​ថា​៖ «​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដំបូង​គេ​បង្អស់​ក្នុង​តំបន់ ដែល​ចាប់ផ្តើម​បើក​ធុរកិច្ច​ឡើង​វិញ បន្ទាប់​ពី​បាន​ផ្អាក​មួយ​រយៈ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ ១៩ ហើយ​គោលបំណង​ក្នុង «​វេទិកា​ធុរកិច្ច​បារាំង​-​កម្ពុជា​» នេះ​ក៏​ចង់​បង្ហាញ​ឱ្យ​ធុរកិច្ច​នៃ​ប្រទេស​បារាំង​បានដឹង​ថា កម្ពុជា មិន​មាន​តម្រូវ​ឯកសារ​ផ្សេង​ៗ និង​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក ឬ​តេស្ត នោះ​ទេ ដូចនេះ​កម្ពុជា​បាន​និង​កំពុង​វិល​រក​សភាព​ធម្មតា​ឡើង​វិញ ដែល​នេះ​គឺជា​ឱកាស​ដើម្បី​បង្កើត​សក្តានុពល​នៅ​ប្រទេស​កម្ពុជា​»​។

រូបថត៖ ស្រី គំនិត

លោក Soreasmey KEBIN បាន​បន្ត​ថា ជាមួយនឹង​វេទិកា​នេះ​ផង​ដែរ មាន​គោលដៅ ២ ដោយ​គោលដៅ​ទី​១ គឺជា​ការ​បង្ហាញ​សក្តានុពល​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ការ​ទាក់ទាញ វិនិយោគិន​មក​ប្រទេស​បារាំង​ដើម្បី​ពិចារណា ឬ​ក្នុង​ការ​ចាប់អារម្មណ៍​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​។ និង​គោលដៅ​ទី​២ នឹង​ជួយ​រំលឹក​ដល់​សាធារណជន និង​ធុរកិច្ច​កម្ពុជា ថា​វិស័យ​ធុរកិច្ច​បារាំង​នៅ​តែ​មាន​វត្តមាន​រឹង​មុំ​ាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​តែ​បន្ត​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍ ក៏​ដូច​ជា​លើកកម្ពស់​សេដ្ឋកិច្ច​កម្ពុជា ដោយ​វិស័យ​ធុរកិច្ច​នេះ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ជាង ២៥០ នឹង​ត្រូវ​បាន​រំពឹង​ថា​នឹង​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​ជាង ១០០ ក្រុមហ៊ុន មក​ពី​ប្រទេស​អាស៊ាន និង​បារាំង ហើយ «​វេទិកា​ធុរកិច្ច​បារាំង​-​កម្ពុជា​» ដែល​មាន​រយៈពេល​២​ថ្ងៃនេះ នឹង​ធ្វើ​ឡើង​ក្នុង​ទីតាំង ៦ កន្លែង​ផ្សេង​ៗ​ក្នុង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ