រាជធានីភ្នំពេញ ៖ មានការរកឃើញថា ភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្ពុជានាពេលកន្លងមកក្នុងម្នាក់ចំណាយប្រាក់ប្រមាណពី ៥០០ ទៅ ៨០០ ដុល្លារនៅក្នុងការដើរកម្សាន្តនៅកម្ពុជា ។ ជនជាតិចិនត្រូវបានគេអះអាងថា បានចាយវាយក្នុងចំនួនច្រើនជាងភ្ញៀវបរទេសជាតិសាសន៍ដទៃទៀត ។ ពោលជនជាតិចិនម្នាក់បានចាយមិនតិចជាង ៨០០ ដុល្លារនោះទេ ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន នៃរាជ្យបណ្ឌិត្យសភាកម្ពុជា និងជាសិក្សាស្រាវជ្រាវសេដ្ឋកិច្ចផងនោះ និយាយថា ភ្ញៀវទេសចរចិនត្រូវបានចាត់ទុកជាភ្ញៀវដែលចាយលុយច្រើនជាងគេក្នុងចំណោមអ្នកទេសចរអន្តរជាតិដទៃទៀត ។
ក្នុងឆ្នាំ ២០១៩ ភ្ញៀវទេសចរជនជាតិចិនមកដល់កម្ពុជាមានចំនួនប្រមាណ ២,៣ លាននាក់ និងឆ្នាំ ២០២០ ភ្ញៀវទេសចរជនជាតិចិនបានធ្លាក់ចុះមកនៅត្រឹមជាង ៣០ ម៉ឺននាក់ និងបន្តធ្លាក់ចុះដល់ទៅត្រឹមជាង ៤ ម៉ឺននាក់ក្នុងឆ្នាំ ២០២១ កន្លងទៅនេះ ។
យើងគិតមើល បើភ្ញៀវចិនមកលេងកម្ពុជាបានធ្លាក់ចុះរហូតដល់ ២ ជាងលាននាក់ ។ បើគិតជាចំណូលតើកម្ពុជាខាតបង់ក្នុងចំនួនប៉ុន្មាន ។ ២ លានគុណនឹង ៨០០ ដុល្លារ វាមានទំហំប្រមាណ ១,៦ ពាន់លានដុល្លារអាមេរិក ។ ការបាត់បង់ភ្ញៀវទេសចរចិនចូលមកម្ពុជា គឺជាការបាត់បង់ចំណូលដ៏ធំមួយនៅក្នុងសេដ្ឋកិច្ចកម្ពុជា ។ នេះជាការបញ្ជាក់របស់លោក គី សិរីវឌ្ឍន៍ ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចខាងនេះ បានស្នើដល់ពលរដ្ឋកម្ពុជាសាទរនូវកំណើនវត្តមានរបស់ភ្ញៀវទេសចរចិនដែលចូលមកកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ដល់សេដ្ឋកិច្ចជាតិ និងការវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ថា នៅឆ្នាំ ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិបានជាង ៧ លាននាក់និងទទួលបានចំណូលពីភ្ញៀវអន្តរជាតិប្រមាណជិត ៥ ពាន់លានដុល្លារអាមេរិក បង្កើតការងារបានជាង ៦០ ម៉ឹននាក់ ។ តែឆ្នាំ២០២០ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបត្រឹមតែជាង ១,៣ លាននាក់ប៉ុណ្ណោះ ហើយចំណូលដែលបានមកពីទេសចរអន្តរជាតិវិញបានធ្លាក់ចុះជិត ៨០% គឺមកនៅត្រឹមជាង ១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏បានលើកឡើងថា ចំណូលបានមកពីអ្នកទេសចរអន្តរ ជាតិជាចំណូលសំខាន់មួយសម្រាប់ប្រទេសកម្ពុជា ទាំងសេដ្ឋកិច្ចជាតិ និងចំណូលរបស់ប្រជាពលរដ្ឋ ។ ការបង្កើតនូវរមណីយដ្ឋានទេសចរណ៍បន្ថែម គឺជាការបង្កើនការចំណាយរបស់ភ្ញៀវទេសចរអន្តរជាតិចូលមកដល់កម្ពុជាកាន់តែច្រើន ។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀតគួរតែបង្កើតរមណីយដ្ឋានកាន់តែច្រើនបន្ថែមទៀត ដើម្បីទាក់ទាញការចំណាយកាន់តែច្រើន ។
កម្ពុជាបានកំពុងបើកប្រទេសឡើងវិញ ទទួលស្វាគមន៍អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចហើយ ប៉ុន្តែនៅពេលនេះវត្តមានវីរុសបំប្លែងថ្មីអូមីក្រុង បានបង្កជាក្តីបារម្ភជាថ្មីចំពោះវិស័យទេសចរណ៍ ៕
ចែករំលែកព័តមាននេះ