ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-​ចិន កើន​លើស​ផែនការ​ ១០​ពាន់​លាន​ដុល្លារ​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា ចិន បាន​កំណត់​ផែនការ​ជំរុញ​ពាណិជ្ជកម្ម​ឱ្យ​បាន​ ១០ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​ ២០២៣ ​ពោល​គឺ​នៅក្រោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ប្រទេស​ទាំង​ពីរ​បាន​អនុវត្ត​ ។…

រាជធានី​ភ្នំពេញ ៖ កម្ពុជា ចិន បាន​កំណត់​ផែនការ​ជំរុញ​ពាណិជ្ជកម្ម​ឱ្យ​បាន​ ១០ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​ ២០២៣ ​ពោល​គឺ​នៅក្រោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ប្រទេស​ទាំង​ពីរ​បាន​អនុវត្ត​ ។ ប៉ុន្តែ​ត្រឹមតែ​រយៈពេល​ ១១ ​ខែ​ដើមឆ្នាំ ​២០២១ ​នេះ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​សម្រេច​រហូត​ដល់​ជាង ​១០ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ហើយ ​។

លោក ​ប៉ែន សុ​វិជាតិ​ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ពន្យល់​ពី​ការ​ដែល​កម្ពុជា​ចិន​បាន​សម្រេច​ទំហំ​ពាណិជ្ជកម្ម​លឿន​មុន​ផែនការ និង​ទោះបី​ក្នុង​បរិបទ​កូ​វី​ដ​ ១៩ ​នេះ​ក្តី​នេះ​ថា ដោយសារ​តែ​មាន​តម្រូវការ​ទំនិញ​ពី​កម្ពុជា​ពី​ប្រទេស​នានា​នៅ​លើ​ពិភពលោក​បាន​កើនឡើង ហើយ​ចិន​គឺជា​ប្រទេស​អ្នក​ផ្គត់ផ្គង់​វត្ថុធាតុដើម​ដ៏​សំខាន់​សម្រាប់​កម្ពុជា ។

លោក​បន្ត​ថា ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​ ១៩ ​ឆ្នាំ ២០២០ កម្ពុជា​មាន​បញ្ហា​បន្តិច​ជាមួយនឹង​ការ​នាំ​ចូល​ទំនិញ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន តែ​ក្រោយ​ពី​បាន​ដោះស្រាយ​បាន​ហើយ កម្ពុជា​បាន​បន្ថែម​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​មក​បំពេញ​នូវ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម ក្នុង​ការ​ផលិត​ផលិតផល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

«​កត្តា​ដែល​ជំរុញ​ឱ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កើនឡើង​ខ្ពស់​បែប​នេះ ពីព្រោះ​ថា ​ប្រទេស​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ក្នុង​តំបន់​ដូច​ជា​ភូមា បង់​ក្លា​ដេ​ស ស្រី​លង្កា​ជាដើម បាន​ជួបនឹង​វិបត្តិ​កូ​វី​ដ​ ១៩ និង​បញ្ហា​ផ្ទៃក្នុង ធ្វើ​ឱ្យ​អ្នកបញ្ជា​ទិញ​មានការ​រារែក​ក្នុង​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ទាំងនោះ ហើយ​ក៏​បាន​បង្វែ​ការ​បញ្ជា​ទិញ​របស់​ខ្លួន​មក​កម្ពុជា​វិញ » ​នេះ​ជា​ការ​បញ្ជាក់​របស់​លោក ​ប៉ែន សុ​វិជាតិ ។

មន្ត្រី​ដដែល​លើក​ឡើង​បន្ត​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ​ ២០២២​ ខាង​មុខ​នេះ ជា​ច្រក​មួយ​បន្ថែម​ទៀត ក្នុង​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​កំណើន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​អាច​ទាក់ទាញ​ការ​វិនិយោគ​ពី​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ទៀត​ចូល​មក​កម្ពុជា កាន់តែ​ច្រើន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ