រាជធានីភ្នំពេញ ៖ ជារឿងទំនើងមួយ ដែលយុវជនម្នាក់ បានជេរប្រមាថធ្ងន់ៗលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ដោយគំរាមដកស័ក្តិចោល និងបម្រុងប្រើហិង្សាបន្ថែមទៀត ដោយគ្រាន់តែផ្តើមចេញពីការដែលយុវជនរូបនោះ ព្យាយាមជិះម៉ូតូត្រឡប់ក្រោយ គេចពីការគោលដៅអនុវត្តច្បាប់ចរាចរណ៍របស់សមត្ថកិច្ច ហើយបើកម៉ូតូទៅបង្កគ្រោះថ្នាក់ ដល់អ្នកដទៃទៀត ។
ហេតការណ៍នេះ បានបង្កអោយមានការភ្ញាក់ផ្អើលឡើងជាខ្លាំង កាលពីវេលាម៉ោង១៤រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវ២៧១ កែងនឹងផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យុវជនទំនើងរូបនោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ ដោយមានវ័យប្រមាណ ជាង ២០ឆ្នាំ ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់រ៉េវវូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-5792 ។
យោងតាមប្រភពព័ត៌មាន អោយដឹងថា នៅមុនកើតហេតុ កម្លាំងនគរបាលការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រចាំការនៅចំណុចក្រោមស្ពាន បានដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ស្របពេលនោះ យុវជនខាងលើ បានជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចក្រោមស្ពានអាកាស រូបគេក៏បានជិះបត់ស្តាំបំណងឡើងទៅផ្លូវលេខ២៧១ ក៏ស្រាប់តែប្រទះហ្នឹងគោលដៅអនុវត្តរបស់សមត្ថកិច្ច ហើយយុវជនរូបនោះ បានជិះម៉ូតូត្រឡប់ក្រោយបញ្ច្រាសផ្លូវមកវិញ បំណងគេចពីគោលដៅអនុវត្តច្បាប់ចរាចរណ៍ ដោយមិនដឹងមូលហេតុ បណ្តាលអោយបើកបុកជាមួយម៉ូតូអ្នកដំណើរមួយគ្រឿងផ្សេងទៀត បណ្តាលអោយដួលទាំងសងខាង ប៉ុន្តែមិនមានបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ភាគីណាឡើយ ។
ពេលនោះ សមត្ថកិច្ចបានដើរ ទៅជួយលើកម៉ូតូ និងសាកសួរនាំ អំពីមូលហេតុ នៃការព្យាយាមគេចវេសពីគោលដៅអនុវត្ត ក៏ស្រាប់តែយុវជនរូបនោះ កើតចិត្តខឹងសម្បាជាមួយសមត្ថកិច្ច នឹងបានប្រើប្រាស់សម្តីជេរដៀលប្រមាថធ្ងន់ៗ សុទ្ធតែពាក្យអសុរសអាមឹង និងបានសម្លុតគំរាមដកស័ក្តិ រួមជាបម្រុងនឹងប្រើប្រាស់ហិង្សា ទៅលើសមត្ថកិច្ចជាច្រើន លើកច្រើនសារទៀតផង បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង ។
បន្ទាប់ពីទទួលរងនូវការជេរប្រមាថ និងបម្រុងប្រើប្រាស់ហិង្សាហើយនោះ សមត្ថកិច្ចបានសម្រេចធ្វើការនាំខ្លួនយុវជនរូបនោះ ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរនាំបន្តនីតិវិធី ។
សូមបញ្ជាក់ថា ចំពោះភាគីម៉ូតូម្ខាងទៀត ដែលត្រូវយុវជនខាងលើនោះ បើកម៉ូតូបុកនោះ បានចាកចេញពីកន្លែងកើតហេតុ ព្រោះរូបគេខ្ចិលមានរឿងរ៉ាវវែងឆ្ងាយ ។
ចំពោះភាគីយុវជនជាជនបង្ក បានស្រែកក្តែងៗថា មូលហេតុ ដែលរូបគេខឹងសម្បាជាមួយសមត្ថកិច្ច គឺមកពីមានសមត្ថកិច្ចស្រែកថាអោយរូបគេ គឺជា«ចោរ» ទើបគេខឹងខ្លាំង រហូតប្រើសម្តីធ្ងន់ៗ និងបម្រុងនឹងឈានដល់ហិង្សាតែម្តង ។
ប៉ុន្តែយ៉ាងណាមិញនោះ គេនៅមិនទាន់ដឹងថា ភាគីខាងសមត្ថកិច្ច ពិតជាបានស្រែកអោយរូបគេថាជា «ចោរ» ដូចការចោទមែន ឬយ៉ាងណាឡើយ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថា ម៉ូតូរបស់យុវជនបង្ក គឺពុំមានដាក់កញ្ចក់ ដែលនេះគឺជាហេតុដែលជនបង្ក ព្យាយាមជិះត្រឡប់ក្រោយគេចវេសពីការអនុវត្តច្បាប់ចរចរណ៍របស់សមត្ថកិច្ចដែរ ។
ជុំវិញ ទង្វើដ៏ទំនើងរបស់យុវជនខាងលើនេះ គេនៅមិនទាន់ដឹងថា រូបគេនោះ មានខ្នងបង្អែកក្រាស់ក្រែលធំៗ ប៉ុណ្ណានោះទេ បានជាបើកបរព្យាយាមគេចវេសពីគោលដៅអនុវត្តរបស់សមត្ថកិច្ចហើយ នៅហ៊ានគំរាមសម្លុតដកស័ក្តិមន្ត្រីអនុវត្តច្បាប់ចោល ពិសេសហ៊ានទាំងបម្រុងនឹងប្រើហិង្សាទៀតផង ប្រសិនបើគ្មានអ្នកណា ឃាត់រូបគេនោះទេ ។
គេនៅរងចាំមើល ថាតើ ជនទំនើងរូបនេះ អាចនឹងត្រូវរួចខ្លួន ដោយមិនមានកំហុសអ្វី ឬត្រូវអនុវត្តទោសទណ្ឌតាមច្បាប់ ពីបទដែលរូបគេ ជេរគំរាមគំហែង និងប៉ងប្រើប្រាស់ហិង្សាទៅលើមន្ត្រីអ្នកអនុវត្តច្បាប់នោះ ៕
ចែករំលែកព័តមាននេះ