រាជធានីភ្នំពេញ ៖ អ្នកវិនិយោគទាំងក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្មបានសារទរចំពោះការបើកប្រទេសកាន់តែធំទូលាយរបស់រដ្ឋាភិបាល ដោយមិនតម្រូវឲ្យមានការធ្វើចក្តាឡីស័កនៅតាមមន្ទីរពេទ្យ ឬមណ្ឌលចក្តាឡីស័កនោះ ថាជាយន្តការកាន់តែងាយស្រួលដល់ការ ហូរចូលអ្នកទេសចរ និងអ្នកវិនិយោគមកស្តារសេដ្ឋកិច្ចកម្ពុជាវិញ បានកាន់តែលឿន និងងាយស្រួល ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានប្រកាសថា ការលើកលែងការធ្វើចត្តាឡីស័ក របស់ប្រមុខរដ្ឋាភិបាលចំពោះអ្នកធ្វើដំណើរ ចូលកម្ពុជា ដែលបានចាក់ វ៉ាក់សាំងគ្រប់ដូសរួចនេះសបញ្ជាក់ឲ្យឃើញថា យុទ្ធសាស្ត្រចាក់វ៉ាក់សាំង និងគ្រប់គ្រងស្ថានការណ៍ កូវីដ ១៩ ប្រកបដោយជោគជ័យរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។
មិនខុសពីលោកឧកញ៉ា លឹម ហេង ក្រោយទទួលបានដំណឹងពីការឈប់តម្រូវឲ្យមានការធ្វើចក្តាឡីស័ក លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា បានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួនថា “ការបញ្ចប់ចក្តាឡីស័កជាជំហានមូយនៃក្តីសង្ឃឹមដ៍ធំរបស់វិស័យទេសចរណ៍” ។
កាលពីថ្ងៃទី ១៤ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្រាប់អ្នកទាំងជនជាតិខ្មែរ ទាំងជនជាតិបរទេស ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ហើយចូលមកព្រះរាជាណាចក្រកម្ពុជា គឺមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ប៉ុន្តែអ្នកទាំងអស់ដែលបានធ្វើដំណើរតាមផ្លូវអាកាស ចុះមករាជធានីភ្នំពេញ ទាំងនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ត្រូវយកសំណាក ដោយម៉ាស៊ីន PCR និងអាចរង់ចាំលទ្ធផលនៅសណ្ឋាគារ និងផ្ទះរបស់ខ្លួន ។
ប្រុមុខរដ្ឋាភិបាលបានបញ្ជាក់ថា “ដោយសារកម្ពុជាយើងបានចាក់វ៉ាក់សាំងពេញលេញ អាត្រាគ្របដណ្តប់រហូតជិត ៨៨% នៃចំនួន ប្រជាជនជាង ១៦ លាននាក់ ដូចច្នេះមិនមានតម្រូវការឲ្យធ្វើចត្តាឡីស័ក ទៀតទេ លើកលែងអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង គឺត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ដដែល” ។
ការប្រកាសលើកឡើងការធ្វើចក្តាឡីស័យក្រោយពេលដែលកម្ពុជាបានប្រកាសបើកប្រទេសលើគ្រប់វិស័យ និងត្រៀមទទួលអ្នកទេសចរអន្តរជាតិដែលបានវ៉ាក់សាំងហើយអាចទៅកម្សាន្តនៅខេត្តព្រះសីហនុ និងកោះកុងនាចុងខែនេះ ។ ទោះយ៉ាងណាក្តីមានការលើកឡើងថា ការស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា ក្រោយពីអាក់ខានប្រមាណជិត ២ ឆ្នាំមកនេះ ត្រូវការពេលវេលា និងដើមទុនច្រើន មិនទាន់អាចដំណើរការនិងសកម្មភាពបានភ្លាមៗ បាននៅពេលនេះ នោះទេ ៕
ចែករំលែកព័តមាននេះ