អ្នកដឹងទេថា លុយពិបាករក ប៉ុន្តែចាយទៅវិញលឿន ! មានទង្វើជាច្រើនដែលអ្នកធ្វើទៅមិនបានចាប់អារម្មណ៍ថា វាបានប៉ះពាល់ដល់ប្រាក់របស់អ្នក ។ ខាងក្រោមនេះ នឹងបង្ហាញទង្វើខ្លះដែលនាំឱ្យប្រាក់របស់អ្នកខាតបង់ ៖
មិនគួរទិញ ឬបង់រំលស់ នូវអ្វីដែលអ្នកស្រឡាញ់ និងចង់បាននោះទេ ប្រសិនបើវាលើសពីសមត្ថភាពអ្នក ៖ វាជាអ្វីដែលអ្នកគួរគិតពិចារណា ទៅលើរបស់ដែលអ្នកគួរទិញឬមិនគួរទិញ ។ មុនអ្នកសម្រេចចិត្តបង់រំលស់អ្វីមួយ អ្នកត្រូវសួរខ្លួនអ្នក ថាវាជារបស់ត្រឹមតែយើងស្រឡាញ់ពេញចិត្ត ឬរបស់នោះយើងត្រូវការប្រើប្រាស់វាជាប្រយោជន៍អ្វីមួយ ។ ប្រសិនបើវាគ្រាន់តែស្អាតទាក់ទាញតែមួយភ្លែត ឬខ្លាចគេថាអន់ អ្នកគួរគិតឡើងវិញ ។
ទិញរបស់នៅពេលគេប្រម៉ូសិន ៖ ជាធម្មតា មនុស្សយើងឱ្យតែឃើញមានប្រូម៉ូសិនពិសេសៗ ដឹងតែចំណាយលុយទៅទិញហើយ (សម្រុកទិញដាច់ដៃចោល) នៅក្នុងពេលនេះអ្នកអាចទិញបាន តែគួរទិញរបស់ដែលអ្នកចំបាច់ត្រូវប្រើ ។
កុំដើរទិញអីវ៉ាន់ នៅពេលអ្នកមិនសប្បាយចិត្តឱ្យសោះ ៖ មានមនុស្សមួយចំនួន ចូលចិត្តដើរទិញអីវ៉ាន់នៅពេលដែលពួកគេមិនសប្បាយចិត្ត អ្នកត្រូវរកវិធីកម្សាន្តផ្សេងៗដើម្បីបន្ធូរអារម្មណ៍ ចៀសវាងយកការដើរផ្សារជាការបន្ធូរអារម្មណ៍ ។ អ្នកខ្លះនៅពេលគាត់មានអារម្មណ៍បែបនេះ គាត់មិនខ្វល់រឿងលុយកាក់នោះទេ ដឹងតែទិញ ដល់ពេលអារម្មណ៍ធម្មតាវិញ អាចនឹកស្តាយក្រោយ ព្រោះអស់លុយចាយបាត់ហើយ ជួលកាលអស់ទាំងលុយខំសនស្សំទៀត ។
កុំទិញភាគហ៊ុនច្រើនពេក ៖ បើទោះបីអ្នកចូលចិត្ត ឬមានចំណេះដឹងច្រើនក្តីនឹងការលេងភាគហ៊ុន ប៉ុន្តែអ្នកមិនគួរទិញភាគច្រើនលើសលុបនោះទេ ។ អ្នកជំនាញណែនាំទិញត្រឹម ១០ ភាគរយ បានហើយនៃប្រាក់ចំណូល ឬប្រាក់ខែរបស់អ្នក ។
កុំវិនិយោគជាមួយមនុស្ស ដែលអ្នកស្គាល់មិនច្បាស់ ឬមិនទុកចិត្ ត៖ លុយកាក់ពិបាករកណាស់ ដូចនេះមុនអ្នកដាក់ការវិនិយោគទៅលើអ្វីមួយ ជាមួយនរណាម្នាក់ អ្នកគួរស្វែងយល់ពីគេឱ្យបានច្រើន តាមលទ្ធភាពដែលអ្នកអាចធ្វើបាន ។ ចៀសវាងអ្នកវិនិយោគទៅ បន្ទាប់មកគេរត់បាត់ស្រមោល ។ ចឹងលុយនឹងប្រាកដជាមិនបានមកវិញទេ ។
មិនគួរឱ្យគេខ្ចីលុយ ៖ ដូចគ្នានឹងចំណុចវិនិយោគផងដែរ កុំឱ្យគេខ្ចីលុយស្រួលៗពេក ប្រសិនបើអ្នកមិនបានស្គាល់គេច្បាស់ ប៉ុន្តែបច្ចុប្បន្នមនុស្សស្គាល់គ្នាម៉ឺនឆ្នាំក៏ដោយ ក៏បោកយើងឆ្ងុយបានដែរ ដូចនេះអ្នកគួរប្រយ័ត្នឱ្យខ្លាំង កុំបញ្ចេញលុយងាយៗពេក មិនថាមិត្តភក្តិ ឬសាច់ញ្ញាត្តិបងប្អូននោះទេ អ្នកត្រូវគិតឱ្យបានវែងឆ្ងាយ ព្រោះថា ប្រសិនបើមិត្តភក្តិឬបងប្អូននោះមិនសង នោះប្រាកដណាស់ថានឹងមើលមុខគ្នាមិនចំ ។ អ្នកខ្លះទៀតសុខចិត្តមិនយកលុយនឹងវិញហើយផ្តាច់ទំនាក់ទំនងតែម្តង ។
ការបំបែកប្រាក់សន្សំ និងយកចិត្តទុកដាក់ទៅលើវា ៖ អ្នកត្រូវមានផែនការ និងចាត់ចែងកន្លែងសន្សំ ។ អ្នកត្រូវបែងចែកថា លុយប៉ុន្មានសម្រាប់គោល ដៅក្នុងក្តីសុបិន្ត ប៉ុន្មានសម្រាប់ផ្ទះ ប៉ុន្មានសម្រាប់ការសិក្សាកូនៗ ប៉ុន្មានសម្រាប់ការធ្វើដំណើរកម្សាន្ត និងប៉ុន្មានសម្រាប់ឡាន និងប៉ុន្មានសម្រាប់ការចូលនិវត្តន៍ ។ល។ មើលទៅស្មុគស្មាញបន្តិច ប៉ុន្តែប្រសិនបើអ្នកអាចរៀបចំវាបាន នោះអ្នកនឹងមិនពិបាកគ្រប់គ្រងវានោះទេ ។ នៅមិនទាន់អស់ទេ ប្រសិនបើអ្នកមានផែនការ និងការរៀបរៀងទាំងអស់នេះហើយ អ្នកត្រូវមានការប្តេជ្ញានិងអនុវត្តន៍ឱ្យបាន បើមិនដូច្នេះទេ អ្នកនៅតែដកលុយផ្តេសផ្តាស់ដដែល ។
មិនត្រូវផុសចំនួនលុយដែលអ្នកមាន និងរកបាន នៅលើបណ្តាញសង្គមនានានោះទេ ៖ មិនថា អ្នកជាសេដ្ឋី អ្នកមានមធ្យម អ្នកប៉ុណ្ណា មនុស្សខ្លះកំពុងតែមានអំនួតទៅលើការបង្ហាញនៅក្នុងបណ្តាញសង្គម នូវលុយរាប់លានដុល្លាររបស់ពួកគេ (លុយ ឡានថ្លៃបំផុត ឬសម្ភារនានា) ។ វាអាចផ្តល់ផលគ្រោះថ្នាក់បំផុតសម្រាប់អ្នក ចូរអ្នកគិតមើលទៅមនុស្សខ្លះមិនបានបង្ហាញទ្រព្យរបស់គេផង នៅតែមានអ្នកចូលប្លន់ ចុះទម្រាំអ្នកបង្ហាញគេលុយទាំងបាច់ទាំងបាច់ រឿងអីចោរមិនស្រក់ទឹកមាត់ ដូចនេះអ្នកគួរចៀសវាងវា ៕ ប្រភព ៖ gobankingrates
ចែករំលែកព័តមាននេះ