រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៤ខែដើមឆ្នាំ ២០២១នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិមានបរិមានប្រមាណ១៩២.៤៩៥តោន ថយចុះ ប្រមាណ១០៧.៧៥៧តោន ឬប្រមាណ៣៥,៨៩ភាគរយបើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០កន្លងទៅ ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងសទី០១ឧសភា២០២១នេះ ។
របាយការណ៍ឱ្យដឹងទៀតថា ទីផ្សារនាំចេញអង្កររបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបមានចំនួន២០ប្រទេស ដែលមានចំនួនប្រមាណ៤២.៨៥០តោន ស្មើនឹង២២,២៦ភាគរយ ទិសដៅប្រទេសចិនមានបរិមាណ១០៤.៧៥៦តោន ស្មនឹងប្រមាណ៥៤,៤២ភាគរយ ទិសដៅអាស៊ាន ចំនួន៤ប្រទេសមានបរិមាណសរុបចំនួន១៧.៤៨៣តោន ឬប្រមាណនឹង៩,០៨ភាគរយ និងប្រទេស១៨ផ្សេងទៀតមានបរិមាណសរុប២៧.៤០៦តោនស្មើនឹង១៤,២៤ភាគរយនៃទីផ្សារសរុប ។
ក្នុងរបាយការណ៍ក៏បានបង្ហាញពីតម្លៃនៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរក្នុងនោះរយៈពេល៤ខែដើមឆ្នាំ ការនាំចេញអង្ករមានទឹកប្រាក់ប៉ាន់ស្មានប្រមាណជាង១៦១លានដុល្លារអាមេរិក និងការនាំចេញស្រូវវិញមានទឹកប្រាក់ប្រមាណជាង២២១លានដុល្លារអាមេរិក ខណៈការនាំចេញសរុបនៃកសិផលរបស់កម្ពុជាមានជាង២ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ។
បើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា វិស័យកសិកម្ពុជារំពឹងថានឹងកើនឡើងប្រមាណ១,៣ភាគរយនៅក្នុងឆ្នាំ២០២១នេះ និងប្រមាណ១,២ភាគរយនៅក្នុងឆ្នាំ២០២២ ដោយសារតែឆ្នាំមុនកម្ពុជាបានរងគ្រោះដោយសារទឹកជំនន់ ដូច្នេះឆ្នាំ២០២១នេះ កសិករនិងចាប់ផ្ដើមបង្កបង្កើនកសិកម្មឡើងវិញខណៈធនាគារនិងមីក្រូហិរញ្ញវត្ថុនូវតែផ្ដោតលើការផ្ដល់កម្ចីដល់វិស័យកសិកម្មនេះផងដែរ ៕
ចែករំលែកព័តមាននេះ