ថៃ ៖ កូវីដ១៩បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយក្នុងឧស្សាហកម្មកម្សាន្តរបស់ថៃ ហើយបច្ចុប្បន្នតារាជាច្រើនក្នុងប្រទេសនេះ បានប្រញាប់ប្រញាល់នាំគ្នាទៅធ្វើតេស្ត បន្ទាប់ពីពិធីករល្បីឈ្មោះគឺលោក Techin Ploypetch ដែលគេស្គាល់ច្បាស់ថា DJ Matoom បានបង្ហោះវីដេអូឃ្លីប និងរូបភាពក្នុងមន្ទីរពេទ្យនៅលើបណ្តាញសង្គម Instagram កាលពីថ្មីៗនេះ ដោយបញ្ជាក់ថារូបគេបានឆ្លងវីរុសនេះ ព្រមទាំងបានសុំទោសអ្នករាល់គ្នាដែលអាចប្រឈមជាជនរងគ្រោះ។
Matoom អះអាងថា រូបគាត់បានជួបមិត្តភក្តិម្នាក់កាលពីថ្ងៃទី ៩ មករា កន្លងទៅ ស្រាប់តែមកដល់ថ្ងៃទី១៩ មករា មិត្តភក្តិម្នាក់នោះបានទូរស័ព្ទប្រាប់គាត់ថា រូបគេបានឆ្លងវីរុសកូវីដ១៩។
ក្រោយពេលទទួលដំណឺងខាងលើនេះ Matoom បានទៅមន្ទីរពេទ្យភ្លាមៗដើម្បីធ្វើតេស្ត។ ជាលទ្ធផលគេពិតជាបានឆ្លងវីរុសប្រាកដមែន ហើយភ្លាមៗគេក៏បានបញ្ជាក់ពីលទ្ធផលតេស្តឱ្យគ្រប់គ្នាបានដឹងផងដែរ។
យោងតាមសារព័ត៌មានថៃបានចេញផ្សាយថា អាជីវកម្មនៅទីប្រជុំជនជាច្រើន ដែលតារាប្រុសរូបនេះធ្លាប់ទៅត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ខណៈដែលឥស្សរជនសាធារណៈជាច្រើន ដែលបានទាក់ទងជាមួយពិធីករវិទ្យុនិងទូរទស្សន៍ដ៏ល្បីរូបនេះ ក៏បាននាំគ្នាទៅធ្វើតេស្តផងដែរ។
យ៉ាងណាមិញ មិត្តរួមអាជីពសិល្បៈ ជាពិសេសអ្នកគាំទ្ររបស់ Matoom បាននាំគ្នាបង្ហោះសារលើកទឹកចិត្ត ក៏ដូចជាជូនពរឱ្យរូបគេឆាប់ជាសះស្បើយពីវីរុសដ៏កាចសាហាវនេះ៕ (ដកស្រង់ចេញពី Asiaone)
ចែករំលែកព័តមាននេះ