ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹង ត្រែងបានបង្ហាញមុខជនសង្ស័យប្រុសស្រីចំនួន២នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនខុសច្បាប់។ ជនសង្ស័យខាងលើត្រូវកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២០ ស្ថិតនៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។
បន្ទាប់ការចាប់ខ្លួនជនសង្ស័យរួមវត្ថុតាងជាក់ស្តែងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងកម្លាំងជំនាញបានបញ្ជូនខ្លួនជនសង្ស័យ មកស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរស្វែងរកជននៅពីក្រោយខ្នងនៃការបញ្ជា និងផ្គត់ផ្គង់ចរាចរនូវថ្នាំញៀនទាំងនេះដែរ។ លោកវរសេនីយ៍ទោ ចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿង ញៀនខេត្តបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានទី១ឈ្មោះ អ៊ិន ថា ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ទី២.ឈ្មោះវ៉ាន់ ភូរ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្ដៅ ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកបន្ថែមថា ស្ថិតការក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អូត ស៊ីវត្ថា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីអាយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង កម្លាំងជំនាញបានចុះដល់ចំណុចខាងលើឃាត់ខ្លួនបានជនសង្ស័យម្នាក់ដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតសមីន ម្សៅក្រាមពណ៌សថ្លា ចំនួន៤កញ្ចប់ធំ ទម្ងន់៣៩៥០,៩៧ក្រាម សាកសួរ និងបន្តនីតិវិធីឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅជិតព្រំដែនឡាវ រឹបអូសថ្នាំញៀនប្រភេទ អ៊ិចស្តាស៊ី (ថ្នាំគ្រវី) ចំនួន២ថង់តូច ទម្ងន់៣៨,១២ក្រាម ហើយនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តសាកសួរ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ កសាងសំណុំរឿងរួមទាំងវត្ថុតាមបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ រ៉ូ សាលី
ចែករំលែកព័តមាននេះ